រាជធានីភ្នំពេញ ៖ អឿន ស្រីមុំ បន្ទាប់ពីវិលមកពីសម្តែង នៅប្រទេសអូស្ត្រាលីវិញ រួសរាន់ចូលវេទិកាសិល្បៈយ៉ាងពេញមុខ ។ លើសពីនេះស្រីមុំ បន្ថែមអាជីពជាតារាសម្តែងថ្មីមួយទៀត រីឯគម្រោងបើកមុខជំនួញ ផ្ទាល់ខ្លួននាចុងឆ្នាំនេះមើលទៅមិនអាចទេ ព្រោះការងារសិល្បៈមមាញឹកពេក ។

ស្រីមុំ ត្រូវគេទាក់ទងបន្តបន្ទាប់ សម្រាប់ឱកាសសិល្បៈ ធ្វើឱ្យនាងសប្បាយចិត្តណាស់ ។ ថ្មីៗនេះ អឿន ស្រីមុំ ថតភាពយន្តរឿង «ពូជខ្ញុំអុីចឹង» របស់ផលិតកម្មរ៉ុក ជាតួម្តាយ ។ អឿន ស្រីមុំ ប្រកាសថា នឹងយកការសម្តែងថែមទៀត បើសិនជាអ្នកដឹកនាំរឿងណាចង់ឱ្យនាងចូលរួម ដើម្បីឱ្យនាងចូលកាន់តែជ្រៅក្នុងពិភពសិល្បៈ បន្ទាប់ពីនាងខ្ជះខ្ជាយពេល វេលាងាកទៅនៅស្រុកគេ ហើយចៀសមិនផុតត្រូវតែត្រឡប់មកវិញនោះ ។

អឿន ស្រីមុំ កាលពីប៉ុន្មានឆ្នាំមុន បានទៅជ្រកកោននៅប្រទេសកាណាដា ប៉ុន្តែទីបំផុត ចៀសមិនរួចត្រូវត្រឡប់មកនៅស្រុកកំណើត  វិញ ។ ការត្រឡប់មកវិញនេះ គេសង្ស័យថា ដោយសារនាងរស់នៅស្រុកគេខុសច្បាប់ ដូច្នេះត្រូវគេច្រានឱ្យត្រឡប់មកប្រភពដើមវិញ ។ ផ្ទុយទៅវិញ អឿន ស្រីមុំ អះអាងថា ដោយសារតែនាងចង់មករស់ នៅជាមួយម្តាយវិញ ខុសពីពេលមុនដែលនាងចង់ទៅរស់នៅស្រុកគេនោះ ។

អឿន ស្រីមុំ ប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពកាលពីពេល ថ្មីៗនេះថា នាងថតកុនជិតដល់វគ្គបញ្ចប់ហើយ និងត្រៀមខ្លួនជានិច្ចសម្រាប់ការចូលខ្លួនថតរឿងថ្មីបន្តទៀត តាមសំណូមពរម្ចាស់ផលិតកម្ម ។ នាងអាចសម្តែងបានមកពីធ្លាប់សម្តែងជាបទចម្រៀងខារ៉ាអូខេ ឱ្យផលិតកម្មក្រៅស្រុកជាច្រើន មានទាំងបទកម្សត់ កាចឆ្នាស ។ ការសម្តែងនោះជាទុនអាចឱ្យនាងសម្តែងភាពយន្តបាន បើមិនមានបទពិសោធន៍ទេ មិនអាចសម្តែងកើតឡើយ ។ នាងចូលរួមសម្តែងវិញនេះមកពីគិតថា ខ្លួនឯងឃ្លាតឆ្ងាយពីមហាជនយូរ ណាមួយបើចេញមុខវិញគ្រាន់តែច្រៀង ដូចពីមុននោះមិនសូវប្លែកទេ ទាល់តែធ្វើអ្វីឱ្យមើលទៅទាក់ទាញមហាជន បើ ដដែលៗមិនល្អទេ ។ នាងនឹងរង់ចាំមើល តើមហាជនវិនិច្ឆ័យថា នាងសម្តែងបានល្អ ឬអត់ ?

តារាចម្រៀងពូកែពត់សំឡេងច្រៀងបែប  រដឺនៗ អឿន ស្រីមុំ លេចឮថា សហការជាមួយស្វាមីរបស់នាងបើកហាងអ៊ុតសក់ កាត់សក់ បុរស នារី នៅភ្នំពេញ ។ អឿន ស្រីមុំ ថែមទាំងចំណាយពេលហាត់រៀនអ៊ុតសក់ទៀតផង ដើម្បីចូលខ្លួនជាថៅកែហាងនាពេលខាងមុខ ព្រោះថៅកែហាងទាល់តែមានជំនាញពេញខ្លួន ។ មុខរបរនេះ ស្រីមុំ សម្លឹងទុកយូរមកហើយទើបតែមានឱកាស ។

ទាក់ទិនចំណុចនេះ ស្រីមុំបញ្ជាក់ថា ពីមុនគិតថា បើកហាងមែន តែឥឡូវនេះពន្យារពេលសិនហើយ ដោយសារតែការងារសិល្បៈជាន់គ្នាពេក អត់មានអ្នកណាមើលការខុសត្រូវ ។ របររកសុីនាងផ្អឹបចោលសិន ចាំថ្ងៃក្រោយទើបគិតគូរ ។ ម៉្យាងទៀតនាងទើបតែមានគេហៅទៅច្រៀងនៅអាមេរិករយៈពេលខ្លីទៀតក្នុងកម្មវិធីប្រឡងបវរកញ្ញាខ្មែរ ទើបនាងកាន់តែមិនហ៊ានបើកហាងអ៊ុតសក់ ។ រកលុយបានពីអាជីពសិល្បៈ ចេះតែរកសិនទៅ សន្សំទុកពេលមានដើមទុនច្រើនចាំបោះទុកបើកមុខរបរថ្មី ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]