រាជធានីភ្នំពេញ ៖ តារាចម្រៀងលំដាប់យុវវ័យកំពុង តែលេចធ្លោប្រចាំផលិតកម្មសាន់ដេ នាងអុីវ៉ា គេនៅចាំបានថា កាលពីអំឡុងដើមឆ្នាំ រហូតជិតពាក់កណ្តាលឆ្នាំ២០១៣នេះ ប្រជាប្រិយភាពរបស់នាងឡើងខ្ពស់ ដោយមានបទផ្ទាល់ខ្លួន ជាច្រើនលក់នៅទីផ្សារសុទ្ធ តែជាបទយុវវ័យគាប់ចិត្ត ។ ផ្ទុយទៅវិញនៅចុងឆ្នាំនេះ នាងស្ងាត់បទ ល្បីៗ ខណៈតារាផ្សេងមានបទថ្មី និង ម្នាក់ៗលោតឡើងប្រជែងគ្នា ។ យុវវ័យខ្លះដែលគាំទ្រអុីវ៉ា រអ៊ូរទាំរឿងបទចម្រៀងរបស់នាងមិនទាក់ទាញ ខណៈដែលនាងមានសំឡេងល្អ តែបែរជាបានបទចម្រៀងមិនល្អ ។

អុីវ៉ា ចាប់ផ្តើមមានឈ្មោះល្បីក្នុងអំឡុង ពេលជិត២ឆ្នាំមកនេះ តាំងពីនាងចូលច្រៀងឱ្យផលិតកម្មសាន់ដេមក ព្រោះតែមានទឹកដម សំឡេងខ្ពស់ពីរោះរណ្តំចិត្ត បូករួមនឹងរូបសម្បត្តិស្រស់ស្អាត ឯការតែងខ្លួន ឡើងច្រៀងមើលទៅ ទាក់ទាញចិត្តយុវវ័យ ។ មានបទចម្រៀងបែបមនោសញ្ចេតនា ល្បីៗជាច្រើនរបស់អុីវ៉ា ដែលវាយលុកទីផ្សារធ្វើឱ្យនាងមាន ហាងឆេងខ្ពស់ក្នុងអាជីព ។ ឈានចូលដល់ចុងឆ្នាំ២០១៣នេះ អុីវ៉ា អត់សូវមានបទល្បីខ្លាំងដូចមុនទេ ខណៈអ្នកចម្រៀងកម្រិតប្រហែលនាងសុទ្ធ តែមានបទចម្រៀងចេញលក់ ថ្មីៗ ហើយរំលេចដោយក្បាច់រាំរស់រវើក សម្ញែងដាក់គ្នាមើលទៅម៉្យាងម្នាក់ ។ តារាខ្លះមិនពូកែបញ្ចេញក្បាច់រាំ ក៏ខំហាត់រាំដើម្បីទាញប្រជាប្រិយភាព ។

ពេលច្រៀងក្នុងកម្មវិធី «តន្ត្រីថ្ងៃអាទិត្យ» របស់សុីធីអិន កាលពីពេល ថ្មីៗនេះតារាចម្រៀងខ្ពស់ ស្រឡូនមានឈ្មោះពិត ឃីង ស្រីនិច ហៅអុីវ៉ា រំលេចដោយឈុតសម្លៀកបំពាក់ ទំនើបទាន់សម័យត្រូវចិត្តយុវវ័យ ។ នាងបានអះអាងប្រាប់អ្នកយកព័ត៌មានកោះសន្តិភាព នៅខាងក្រោយឆាកថា នាងដឹងព័ត៌មានដែរថា នាងអត់មានបទចម្រៀងលេចធ្លោ តែនេះជាការយល់ឃើញរបស់ ប្រិយមិត្តអ្នកស្តាប់ប៉ុណ្ណោះ ខណៈនាងមានបទចម្រៀងថ្មីចាស់ជាច្រើនលក់នៅ លើទីផ្សារដូចតារាដទៃដែរ ។ ទោះជានាងលេចធ្លោ ឬមិនលេចធ្លោប្រិយមិត្តអ្នកស្តាប់យល់ហើយ ព្រោះនាងកន្លងមកមិនហ៊ានថា ច្រៀងល្អជាងគេទេ ហើយទុកឱ្យមហាជនដាក់ពិន្ទុ ។ បើគេថាល្អ នាងសប្បាយចិត្ត តែបើគេថាមិនល្អ នាងនឹងកែប្រែចំណុចខ្វះខាតដើម្បីឱ្យល្អឡើង គឺនាងមិនខឹងគេរិះគន់ទេ ។

នៅពេលសួរថា អ្នកសិល្បៈឥឡូវនេះក្រៅពីច្រៀង ចេះរាំក្បាច់ ប្លែកៗជាមួយក្រុមរាំ មើលទៅមិនចាញ់តារាចម្រៀងស្រុកគេទេ ចុះចំណែកនាងវិញយ៉ាងណាដែរ ។ អុីវ៉ា ញញឹមឆ្លើយថា វាស្ថិតនៅលើពេលខាងមុខ នាងអត់ហ៊ានប្រាប់មុនថា នឹងចេះរាំដូចគេទេ ។ នាងយល់ថា អ្នកចម្រៀងទាល់តែពូកែរកឃើញចំណុចប្លែក គឺពិតជាល្អ ហើយនាងក៏ខំដើរឱ្យទាន់ចំណុចនេះ ដើម្បីចង់ដឹងថា អាជីពមានការចាប់អារម្មណ៍យ៉ាងណាទៀត ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]