រាជធានីភ្នំពេញ ៖ តំបន់ទេសចរណ៍មួយចំនួននៅ ពេលបុណ្យចូលឆ្នាំសកលម្តងៗ មានភ្ញៀវទៅលេង និងទស្សនាយ៉ាងច្រើនកុះករ ជាក់ស្តែងនៅតំបន់ ទេសចរណ៍ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តសៀមរាបជាដើម ។ សម្រាប់បុណ្យចូលឆ្នាំសកល ២០១៣ ចូល២០១៤ នេះ តាមព័ត៌មានពីម្ចាស់សណ្ឋាគារ មួយចំនួនបានឱ្យដឹងថា មានការកក់ទុកពីសំណាក់ភ្ញៀវ ទេសចរណ៍ស្ទើរតែទាំងអស់ទៅហើយ ដែលភាគច្រើននៃភ្ញៀវទេសចរណ៍ទាំងនោះ គឺមកពីរាជធានីភ្នំពេញ ដើម្បីមកជួបជុំគ្នានៅតាមតំបន់ទេសចរណ៍ ដែលប្រារព្ធពិធីបុណ្យចូលឆ្នាំសកល ។

លោកផានិត អ្នកគ្រប់គ្រងបុគ្គលិកសណ្ឋាគារ ប៊ីចរ៉ូត (Beach Road) ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅអំឡុងពេលបុណ្យ ចូលឆ្នាំសកលខាងមុខនេះ សណ្ឋាគារប៊ីចរ៉ូត យើងខ្ញុំត្រូវបានកក់ទុកពីសំណាក់ភ្ញៀវអស់ហើយ ពេលនេះមិនមានបន្ទប់សម្រាប់ឱ្យភ្ញៀវ ស្នាក់នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំសកលទេ ចំពោះភ្ញៀវដែលមិនបានកក់ទុកជាមុន ។

លោកបន្តថា ចំពោះភ្ញៀវដែលបានកក់បន្ទប់ សណ្ឋាគារសម្រាប់ស្នាក់នៅក្នុងអំឡុង ពេលបុណ្យចូលឆ្នាំសកលខាងមុខនេះ ភាគច្រើនជាជនបរទេស ព្រោះថា សណ្ឋាគារយើងខ្ញុំធ្វើទៅតាមតម្រូវការភ្ញៀវបរទេស ដែលភាគច្រើនពួកគាត់បានកក់ បន្ទប់សម្រាប់ស្នាក់នៅអំឡុងពេលបុណ្យចូលឆ្ នាំតាមរយៈប្រព័ន្ធអនឡាញ និងមួយចំនួនទៀត កក់តាមទូរស័ព្ទផ្ទាល់ផងដែរ ។ ក្នុងចំណោមនោះក៏មានភ្ញៀវជនជាតិខ្មែរយើងផងដែរ តែមានចំនួនតិចតួច ហើយស្នាក់នៅរយៈពេលពី៣ទៅ៥យប់ ដោយឡែកចំពោះជនបរទេស អាចស្នាក់នៅយូរជាងនេះ ។

លោកបានបញ្ជាក់ថា ទោះបីជាមានការកក់ទុកមុន និងមានភ្ញៀវច្រើនយ៉ាងណាក៏ដោយ សណ្ឋា គារប៊ីចរ៉ូត ក៏មិនមានតម្លើងថ្លៃបន្ទប់សម្រាប់បុណ្យចូលឆ្នាំសកលដែរ តម្លៃនៅធម្មតា តែចំពោះខែវស្សា និងខែប្រាំងតម្លៃមានភាពខុសគ្នា ខែវស្សាមានតម្លៃទាបជាងខែប្រាំងនេះ ជាគោលការណ៍ដែលមានយូរមកហើយ សម្រាប់សណ្ឋាគារប៊ីចរ៉ូត ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]