បន្ទាប់ពីការប្រកួត play-off ជើងទីមួយបានប្រព្រឹត្តទៅចប់សព្វគ្រប់ កាលពីចុងសប្តាហ៍មុននេះ កាលពីរាត្រីយប់ម្សិលមិញនេះ គឺជាការប្រកួត play-off ជើងទីពីរលើកចុងក្រោយ ក្នុងក្របខ័ណ្ឌជម្រុះពានរង្វាន់ បាល់ទាត់ពិភពលោក World Cup នៅប្រទេសប្រេស៊ីល នាឆ្នាំ ២០១៤ ខាងមុខនេះ។

[សង្ខេបលទ្ធផលបាល់ទាត់ ព្រឹត្តិការណ៍ Play-Off ជើងទីមួយ ពានរង្វាន់ពិភពលោក]

ជើងទីមួយ៖ Greece 3 – 1 Romania

ជើងទីពីរ៖ Romania 1 – 1 Greece

Aggregate៖ Greece  4 – 2 Romania

បន្ទាប់ពីការប្រកួតជើងទីមួយ រវាងក្រុមទាំងពីរ ដែលបានបញ្ចប់ទៅដោយលទ្ធផល បញ្ចប់ការប្រកួត ក្រិចយកឈ្នះរ៉ូម៉ានី ដោយលទ្ធផល ៣ ទល់នឹង ១ រួចមក ក្រុមរ៉ូម៉ានី ត្រូវបើកទ្វារពហុកីឡាដ្ឋានជាតិ Arena Națională របស់ខ្លួន ដោយស្វាគមន៍ក្រុមភ្ញៀវ ក្រិច វិញម្តង។ ក្នុងនោះ នាតង់ទីមួយនៃការប្រកួត ក្រុមភ្ញៀវមានប្រៀប ដោយស៊ុតបញ្ចូលទីនាំមុខ ០ទល់នឹង១ ដោយកីឡាករក្រិច Mitroglou នៅនាទីទី ២៣ ប៉ុន្តែក្រុមម្ចាស់ផ្ទះ ក៏មិននៅស្ងៀមទេ ពោលគឺខំវាយសម្រុកយ៉ាងពេញទំហឹង រហូតដល់បានមួយគ្រាប់វិញ ដោយការស៊ុតបញ្ចូលទីខ្លួនឯង ពីសំណាក់កីឡាករក្រិច Torosidis នៅនាទី ៥៥ ដោយធ្វើអោយលទ្ធផលបញ្ចប់ការប្រកួត ១ទល់នឹង១ ធ្វើអោយក្រិចទទួលបានកៅអីមួយ ឡើងទៅប្រកួតពានរង្វាន់ពិភពលោក នៅប្រទេសប្រេស៊ីល នាឆ្នាំ ២០១៤ ខាងមុខនេះ។


ជើងទីមួយ៖ Iceland 0 – 0 Croatia

ជើងទីពីរ៖ Croatia 2 – 0 Iceland

Aggregate៖ Croatia 2 – 0 Iceland

ដោយសារតែ ក្រូអាត ប្រកួតបានត្រឹមស្មើ ០ទល់នឹង០ ជាមួយ អាយឡេន នាការប្រកួតជើងទីមួយនោះ ក្រុមជម្រើសជាតិមួយនេះ ហាក់ដូចជាមានមហិច្ឆតាយ៉ាងមុតមាំ ដោយបានប្រកួតយ៉ាងស៊ីសាច់ហុចឈាម ដើម្បីដាច់ខាតត្រូវតែយកកៅអីមួយអោយបាន ឡើងទៅប្រកួតពានរង្វាន់ពិភពលោក។ ការពុះពារពិតជាមិនខកបំណងមែន ដោយក្រុមជម្រើសជាតិ ក្រូអាត មួយនេះ បានលុត ក្រុមភ្ញៀវ អាយឡេន ដែលជាក្រុមទន់ខ្សោយមួយ នៅតំបន់អឺរ៉ុប ដោយលទ្ទផល ២ ទល់នឹង០ ដោយការស៊ុតបញ្ចូលទីពីកីឡាករ Mandžukić នៅនាទីទី ២៧ និង កីឡាករ Srna នៅនាទីទី ៤៧។


ជើងទីមួយ៖ Portugal 1 – 0 Sweden

ជើងទីពីរ៖ Sweden 2 – 3 Portugal

Aggregate៖ Portugal 4 – 2 Sweden

Ronaldo កីឡាករឆ្នើមរបស់ប៉ទុយហ្កាល់ និងជាកីឡាករថ្លៃជាងគេបង្អស់លេខ ២ របស់ពិភពលោកនោះ ពិតជាមិនបានធ្វើអោយប្រិយមិត្តដែលគាំទ្ររូបគាត់ ខកបំណងទេ ដោយការប្រកួតជើងទីពីរ រវាងក្រុម ប៉ទុយហ្កាល់ និងក្រុមម្ចាស់ផ្ទះ ស៊ុយអែត នាពហុកីឡាដ្ឋាន Friends Arena នោះ Ronaldo បានរកគ្រាប់បាល់ Hat-Trick ពោលគឺស៊ុតបញ្ចូលទីបានបីគ្រាប់ នៅនាទីទី ៥០ ៧៧ និង ៧៩ បានធ្វើអោយក្រុមប៉ទុយហ្កាល់ ដណ្តើមបានកៅអីមួយ ឡើងទៅប្រកួតពានរង្វាន់ពិភពលោក។ ចំណែកឯកីឡាករ Ibrahimovic របស់ក្រុមជម្រើសជាតិស៊ុយអែតវិញ បានត្រឹមសោកស្តាយ ជាមួយគ្រាប់បាល់របស់គាត់ពីរគ្រាប់ នៅនាទីទី ៦៨ និង ៧២ ដោយមិនអាចជួយអោយប្រទេសគាត់ អាចឡើងទៅវគ្គបន្ត ពោលគឺក្រុមស៊ុយអែត ចាញ់ ប៉ទុយហ្កាល់ ២ ទល់នឹង៣។


ជើងទីមួយ៖ Ukraine 2 – 0 France

ជើងទីពីរ៖ France 3 – 0 Ukraine

Aggregate៖ France 3 – 2 Ukraine

អ៊ុយក្រែន ដោយបានយកឈ្នះ បារាំង ២ ទល់នឹង០ កាលពីជំនួបជើងទីមួយ កន្លងទៅនេះ ហាក់ដូចជាមានអារម្មណ៍ស្ងប់ស្រួល ដោយប្រហែលជាខ្លួនអាចធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីល នាឆ្នាំ ២០១៤ ខាងមុខ។ ប៉ុន្តែអ្វីៗប្រែជាខុសស្រលះ ពោលគឺក្រុមមាន់គកបារាំង មិនមែនជាក្រុមជជុះនោះទេ ដែលក្រុមនេះបានឈ្នះពានរង្វាន់ពិភពលោករួចមកហើយ កាលពីឆ្នាំ ២០០៨ កន្លងទៅនេះ នោះគឺក្រុមម្ចាស់ផ្ទះបារាំង បានសំពង ក្រុមភ្ញៀវ អ៊ុយក្រែន យ៉ាងចាស់ដៃ ដោយលទ្ធផល ៣ទល់នឹង០ អាចបន្តទៅវគ្គប្រកួតដណ្តើមពានរង្វាន់ពិភពលោក ដោយឈ្នះអ៊ុយក្រែន ៣ទល់នឹង២ ក្នុងប្រព័ន្ធដោះដូរទឹកដី។


គួរបញ្ជាក់ផងដែរថា មកទល់បច្ចុប្បន្ននេះ វគ្គជម្រុះពានរង្វាន់ពិភពលោក នៅតំបន់អឺរ៉ុបបានចប់សព្វគ្រប់ហើយ ដោយ ១៣ កៅអីរបស់ប្រទេសនៅទ្វីបអឺរ៉ុប ដែលអាចធ្វើដំណើរទៅប្រទេសប្រេស៊ីលបាននោះ មានដូចជា ក្រុមជម្រើសជាតិ អាឡឺម៉ង់ ក្រុមជម្រើសជាតិ បែលស៊ិក ក្រុមជម្រើសជាតិ អ៊ីតាលី ក្រុមជម្រើសជាតិ ហូឡង់ ក្រុមជម្រើសជាតិ ស្វីស ក្រុមជម្រើសជាតិ អង់គ្លេស ក្រុមជម្រើសជាតិ អេស៉្បាញ ក្រុមជម្រើសជាតិ រុស្សី និងក្រុមជម្រើសជាតិ ប៊ូស្នៀ ក្រុមជម្រើសជាតិ បារាំង ក្រុមជម្រើសជាតិ ប៉ទុយហ្កាល់ ក្រុមជម្រើសជាតិ ក្រិច និងក្រុមជម្រើសជាតិ ក្រូអាត


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]