ភ្នំពេញៈ គ្រោះថ្នាក់ចរាចរមួយដែលបង្កឡើង ដោយរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាបោះពួយ យ៉ាងលឿន ជ្រុលចង្កូត ទៅពន្លះម៉ូតូស្មាសរេវ៉ូ ដែលបើកបញ្រ្ចាសទិសគ្នា ធ្វើឲ្យបានបុរសជាអ្នកបើកបររងរបួស បាក់ ជើង និងបែកក្បាលយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៩ និង ៣០នាទីយប់ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១២ នៅចំណុចផ្លូវចំការដូង ទល់មុខការ៉ាសស្ថានប្រេងឥន្ធនៈតេលា ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា យុវជន ហុំ សុភ័ក្រ អាយុ ២៦ឆ្នាំ ជាបុគ្គលិកក្នុងក្រុម ហ៊ុនស្រាបៀវកម្ពុជា ស្នាក់នៅផ្ទះជួស ភូមិ រលួស សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរងរបួស បាក់ជើង និងបែកក្បាលយ៉ាងធ្ងន់ធ្ងរក្នុងឧប្បត្តិហេតុរថយន្តបុកជាមួយម៉ូតូ។

សាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តបង្កហេតុម៉ាក កូរ៉ូឡាពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2M-1977 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ពីត្បួងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់រេចង្កូតរថយន្ត ទៅបុក ម៉ូតូជនរងគ្រោះ ម៉ាកស្មាសរេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D-9192 ដែលបើកបរបញ្ច្រាសទិស គ្នា តាមបណ្តោយផ្លូវចំការដូង បណ្តាលបុរសជាអ្នកបើកបរ ដែលមិនទាន់ស្គាល់អត្តសញ្ញាណដែរនោះ រងរបួសបាក់ជើង និងបែកក្បាលយ៉ាងធ្ងន់ធ្ងរ។

សាក្សីបន្តថា បន្ទាប់ពីបុកជនរងគ្រោះហើយ បុរសជាអ្នកបើកបររថយន្តបង្កហេតុ បានព្យាយាមបើករត់ គេចខ្លួន តែដោយរថយន្តខូចផ្នែកខាងមុខទៅមុខមិនរួច បានរេចង្កូតឡើងទៅបុកគំនរឥដ្ឋ ដែលគេគរទុក នៅលើកចិញ្ចើមផ្លូវពេញទំហឹងទៀត ទៅមុខលែងរួច ក៏សម្រេចចិត្តបើកទ្វាររថយន្តរត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុគេបានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ និង ហៅរថយន្តសាមុយ ដឹកជនរងគ្រោះទៅព្យាបាលរបួស។ ដោយឡែករថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ៕

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]