ភ្នំពេញ៖ តារាចម្រៀងសម្បូរសាច់ដើមទ្រូង និងទើបតែបានទទួលតំណែង ជាតារាស្រីសិចស៊ី កញ្ញា ឆយី កន្លងមកធ្លាប់ បាន បង្ហើបពីគម្រោងត្រៀម បង្កើតមុខជំនួញថ្មីមួយ ចាយទុនរាប់ម៉ឺនដុល្លារ ក្នុងរយៈពេលខ្លីខាងមុខ ។ ប៉ុន្តែរហូតមកដល់ពេលនេះ គម្រោងនៅមិនទាន់លេចចេញ ជារូបរាងណាមួយនៅឡើយទេ ខណៈដែលការងារសិល្បៈ របស់នាងកំពុងតែមមាញឹក ។

ស្រីស្អាតធ្មេញជំពើស ចាយសម្រស់សាច់សរម៉ដ្ឋរលោង កញ្ញា ឆយី ធ្លាប់បានបង្ហើបពីគម្រោង បើកសិប្បកម្មផលិតសម្លៀកបំពាក់ ធ្វើឡើងដោយស្នាដៃកូនខ្មែរ ផ្គត់ផ្គង់ក្នុងប្រទេស ដោយត្រៀមចាយទុនជាច្រើន ម៉ឺនដុល្លារ ។ ការលើកឡើងបែបនេះ មិនទាន់បានប៉ុន្មានផង នាងក៏ត្រូវរៀបចំខោអាវចេញ ទៅសម្តែងនៅលើទឹកដីអូស្ត្រាលី ទើបតែត្រឡប់មកដល់ស្រុកកំណើតវិញ ថ្មីៗនេះតែប៉ុណ្ណោះ។

ជួបជាមួយ LookingTODAY នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ តារាចម្រៀងយេៗ កញ្ញា ឆយី បានប្រាប់ឲ្យដឹងថា ការងាររបស់នាង មានការរវល់ណាស់ បើទោះជានាងទើបតែត្រឡប់ មកពីក្រៅប្រទេសក៏ដោយ ព្រោះថាមានការងារមួយចំនួន នាងបានទទួលមុនពេលចេញ ទៅសម្តែងនៅក្រៅប្រទេស ។ ដូច្នេះពេលត្រឡប់មកវិញ នាងក៏ចាប់ផ្តើម ការងារស្របពេលជាមួយគ្នានោះ ក៏មានគេទាក់ទងការងារបន្តបន្ទាប់មកទៀត នាងគ្មានពេលទំនេរទេ ម្យ៉ាងពេលនេះ ការងារក៏មិនមែនរវល់តែនាងដែរ គឺគ្រប់អ្នកសិល្បៈទាំងអស់ ។

ស្រីស្រស់ប្រិមប្រិយរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ក្នុងអំឡុងពេលខ្ញុំ ជាប់ដៃចេញ ទៅសម្តែងនៅក្រៅប្រទេស គឺទទួលបានការងារច្រើន និងជោគជ័យខ្លាំងណាស់។ នៅពេលត្រឡប់មកវិញ ខ្ញុំត្រូវបានអ្នកដឹកនាំ ទាក់ទងហៅថតរឿងបន្តបន្ទាប់ទៀត តែខ្ញុំមិនទាន់សម្រេចចិត្តថា ទទួលឬអត់ទេ រង់ចាំពិធីបុណ្យអ៊ុំទូករួច ទើបខ្ញុំដឹងថា អាចនៅសល់ពេលទំនេរ ទទួលការងារផ្សេង។ ដល់ពេលខ្ញុំរវល់បែបនេះ គម្រោងបើករបររកស៊ីក៏ត្រូវពន្យារពេល ដោយមិនមានការកំណត់ច្បាស់លាស់ ព្រោះមុននឹងយកលុយទៅបើកមុខរបរអ្វីមួយ ត្រូវមានពេលគ្រប់គ្រាន់ក្នុងការ គ្រប់គ្រងទើបដំណើរការទៅល្អ ” ។

កញ្ញា ឆយី បានប្រាប់ទៀតថា គម្រោងរបស់នាងប្រហែលជា អាចពន្យារពេល គ្មានការកំណត់ច្បាស់លាស់ទេ ព្រោះត្រូវរង់ចាំមើលពេលវេលាសមស្រប រង់ចាំមើលសេដ្ឋកិច្ច ក្នុងស្រុក និងក្រៅស្រុកសិនថា ដំណើរការយ៉ាងម៉េចៗ ។ បើសិនជាបើកទៅអាចមានផ្សាររីកចម្រើនកម្រិតណា ដូច្នេះនាងមិនអាចប្រាប់ច្បាស់ទេ ថាការពន្យារពេលនោះដល់ពេលណា ដើមឆ្នាំក្រោយឬក៏ពាក់កណ្តាលឆ្នាំទេ ចាំដល់ពេលដំណើរនោះ ចាប់ផ្តើមដើរនាង និងប្រាប់មក LookingTODAY មុនគេ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]