ភ្នំពេញៈ ចាប់​ពី​ខែ​មករា​នេះ​ទៅ​ រដូវ​កាល​នៃ​ការ​កើប​ប្រាក់​របស់​តារា​ចម្រៀង តារា​សម្តែង អ្នក​រៀប​ចំ​កម្ម​វិធី និង​ពិធី​ករ​ពិធី​ការិនី​បាន​ឈាន​មក​ដល់​។ ខណៈ​ពេល​កំពុង​វក់​វី​ជាមួយ​នឹង​ការ​ចេញ​ច្រៀង​កម្ម​វិធី​នានា​តាម​ខេត្ត​ ក្រុង​នោះ មាន​ការ​អះអាង​ថា អ្នក​សិល្បៈ​ និង​ទស្ស​និក​ជន​មួយ​ចំនួន​ដែល​បាន​ទៅ​ចូល​រួម​កម្ម​វិធី​បុណ្យ​សមុទ្រ និង​ឆ្លង​ឆ្នាំ​នៅ​ខេត្ត​ព្រះ​សីហនុ​បាន​ទទួល​នូវភាព​ភ្ញាក់​ផ្អើល​នៅ​ ក្រោយ​ឆាក​ជាង​លើ​ឆាក​តន្ត្រី​ នៅ​ពេល​ពាក្យ​សម្តី​តឹង​សរសៃ​ក និង​ការ​ពាក់​មុខ​យក្ស​ដាក់​គ្នា​រវាង​អ្នក​រៀប​ចំ​កម្ម​វិធី ឌួង ហ្សូរីដា និង​តារា​ចម្រៀង ពេជ្រ សោភា ផ្ទុះ​ខ្លាំង​ៗ​ស្រប​គ្នា​នឹង​ការ​បាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ​នោះ​ ពាក់​ព័ន្ធ​នឹង​ការ​ជំពាក់​ប្រាក់​តម្លៃ​ខ្លួន​។

ក្រៅ​ពី​អាជីព​ជា​ពិធី​ការិនី ម្ចាស់​ហាង​សម្លៀក​បំពាក់ និង​ច្នៃ​ម៉ូដ​ហ្សូហ្វេសិន ម្ចាស់​ក្រុមហ៊ុន​ដើរ​ម៉ូដ Cambodia Super Models ឌួង ហ្សូរីដា បាន​ចាប់​មុខ​របរ​ថ្មី​មួយ​បន្ថែម​ទៀត​ជា​អ្នក​រៀបចំ​កម្មវិធី​នានា មាន​ការ​ទាស់​ពាក្យ​សម្តី​គ្នា​ពី​បញ្ហា​លុយ​កាក់​ដែល​អ្នក​សិល្បៈ​គ្រប់​ គ្នា​បាន​ឃើញ​រវាង​នាង និង​តារា​ចម្រៀង​ហង្ស​មាស ពេជ្រ សោភា ហើយ​ក៏​ទាក់ទង​នឹង​អាជីព​ថ្មី​មួយ​នេះ​ផង​ដែរ​។

ទោះ​បី​ជា​ការ​ប៉ះ​ពាក្យ​សម្តី​គ្នា​មួយ​ប្រាវ​បាន​កន្លង​ហួស​រួច​ហើយ​ក្តី តែ​អ្នក​រៀប​ចំ​កម្ម​វិធី ឌួង​ ហ្សូរីដា បាន​និយាយ​សម្រាល​មក​វិញ​ថា បញ្ហា​នោះ​ពិត​ជា​បាន​កើត​មាន​ តែ​មិន​មែន​ធំ​ដុំ​ដូច​គេ​និយាយ​ និង​ការ​បំប៉ោង​ព័ត៌​មាន​របស់​សារព័ត៌​មាន​មួយ​ចំនួន​នោះ​ទេ។ ពិធី​ការិនី​មាន​ប្រភព​ពី​នារី​អាកាស​ចរណ៍​ ឌួង ហ្សូរីដា បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​អ្នក​រៀបចំ​កម្ម​វិធី នាង​បាន​ហៅ ពេជ្រ សោភា ឲ្យ​ទៅ​ច្រៀង​ក្នុង​កម្ម​វិធី​មួយ​របស់​ក្រសួង​ពាណិជ្ជកម្ម​ដោយ​រូប​នាង​ បាន​កក់​តម្លៃ​ខ្លួន​យ៉ាង​ត្រឹម​ត្រូវ​ ហើយ​កម្ម​វិធី​នោះ ពេជ្រ សោភា ក៏​បាន​ច្រៀង​ចប់​រួច​រាល់​ហើយ​ដែរ​។

ពិធី​ការិនី​រូប​នេះ​បាន​និយាយ​ថា៖«​ខ្ញុំ​បាន​ហៅ ពេជ្រ សោភា ទៅ​ច្រៀង​ក្នុង​កម្ម​វិធី​ក្រសួង​ពាណិជ្ជ​កម្ម​២​ថ្ងៃ ហើយ​ខ្ញុំ​ក៏​បាន​កក់​ថ្លៃ​ឡើង​ច្រៀង​ហ្នឹង​ពាក់​កណ្តាល​ឲ្យ​គាត់​ដែរ គឺ​នៅ​ពាក់​កណ្តាល​ចំនួន​៧០០​(ដុល្លារ)​ទៀត មិនមែន​នៅ​២០០០​នោះ​ទេ ហើយ​ក៏​មាន​បញ្ហា​នឹង​អាពាក់​កណ្តាល​ហ្នឹង​»។

ការ​ប៉ះ​ពាក្យ​សម្តី និង​ដំឡើង​សំឡេង​ខ្លាំង​ជាង​ធម្មតា រវាង​អ្នក​សិល្បៈ​ទាំង​ពីរ​ត្រូវ​បាន​ពិធី​ការិនី ឌួង ហ្សូរីដា បក​ស្រាយ​ថា បន្ទាប់​ពី​ច្រៀង​ចប់​របស់​កម្មវិធី​ក្រសួង​ពាណិជ្ជ​កម្ម នាង​មិន​ទាន់​បាន​ផ្តល់​ប្រាក់​ចំនួន​៧០០​ដុល្លារ​នៅ​សល់​ឲ្យ ពេជ្រ សោភា ទេ ដោយ​នាង​គិត​ថា ចាំ​ឲ្យ​នៅ​ថ្ងៃ​បុណ្យ​សមុទ្រ ព្រោះ ពេជ្រ សោភា ក៏​ត្រូវ​មក​ចូល​រួម​ដែរ​នោះ​។

តារា​ម្ចាស់​ក្រុម​ហ៊ុន​ដើរ​ម៉ូដ Cambodia Super Models​រូប​នេះ ​បន្ត​ថា នៅ​ថ្ងៃ​នោះ ពេជ្រ សោភា បាន​ទូរ​ស័ព្ទ និង​បាន​មក​យក​ប្រាក់​ពី​នាង​នៅ​កន្លែង​បន្ទប់​ផ្លាស់​ខោ​អាវ​នៅ​ពេល​យប់​ ក្រោយ​ឆាក តែ​នាង​បាន​ប្រាប់​ថា កាល​ពី​ពេល​ថ្ងៃ​ទើប​នាង​មាន​ប្រាក់​គ្រប់​ចំនួន​៧០០​ដុល្លារ​ឲ្យ ឥឡូវ​មាន​តែ​២០០​ដុល្លារ​ទេ តែ​​ ពេជ្រ សោភា មិន​ព្រម​យក​។ ដូច្នេះ​នាង និង សោភា ក៏​បាន​ប៉ះ​ពាក្យ​សម្តី​គ្នា​តិច​តួច តែ​អត់​មាន​បញ្ហា​​ធំ​ដុំ​កើត​ឡើង​នោះ​ទេ​។

ហ្សូរីដា បាន​និយាយ​ថា៖​«ពេល​ច្រៀង​ចប់​ហ្នឹង ខ្ញុំ​អត់​បាន​ឲ្យ​ប្រាក់​គាត់​ភ្លាម​ទេ គឺ​ចាំ​ឲ្យ​ថ្ងៃ​បុណ្យ​សមុទ្រ​តែ​ម្តង។ អាភា បាន​មក​ទារ​លុយ​ខ្ញុំ​នៅ​កន្លែង​ផ្លាស់​ខោ​អាវ​ពេល​យប់ ខ្ញុំ​ថា​អត់​មាន​លុយ​គ្រប់​ទេ​ពេល​យប់​អ៊ីចឹង គឺ​មាន​តែ​២០០ អ្ហែង​យក​ប៉ុណ្ណឹង​សិន​ទៅ តែ​អាភា​មិន​ព្រម​ទេ»។ នាង​បន្ត​ថា៖«​បើ​ពេល​ថ្ងៃ អាភា មក​យក​ក៏​ខ្ញុំ​អាច​ដក ATM ឲ្យ​បាន​ដែរ តែ​ពេល​យប់​វា​ពិបាក​ ព្រោះ​មនុស្ស​ច្រើន​ផង​។ ពេល​ហ្នឹង​អាភា មិន​ព្រម​យក​លុយ​២០០​ហ្នឹង​ទេ គាត់​នៅ​តែ​និយាយ​ថា ទាល់​តែ​គ្រប់​បាន​យក។ អាភា ​និយាយ​ថា គាត់​មក​កំពង់សោម​ហ្នឹង​អត់​មាន​លុយ​ម៉ារៀល​ទេ ហើយ​ជិះ​តាក់ស៊ី​(Taxi) ទៀត។​ ខ្ញុំ និង​អ្នក​ក្បែរ​ចេះ​តែ​សើច​ ហើយ​និយាយ​លេង​ថា អីអា តារា​ចម្រៀង​ល្បី​អី អត់​លុយ​ជិះ​តាក់​ស៊ី​អ៊ីចឹង តែ​គាត់​អត់​លេង​ជាមួយ​យើង​ទេ​»។

ទោះ​បី​ជា​យ៉ាង​ណា តារា​រូប​នេះ មិន​បាន​ចាត់​ទុក​បញ្ហា​ប៉ះ​ពាក្យ​សម្តី​គ្នា​នេះ ជា​ជម្លោះ​អ្វី​ធំ​ដុំ​នោះ​ទេ ដោយ​នាង​បាន​និយាយ​សម្រាល​មក​វិញ​ថា វា​គ្រាន់​តែ​ជា​ការ​ជជែក​គ្នា​តែ​ប៉ុណ្ណោះ។ ម្ចាស់​ក្រុម​ហ៊ុន​ដើរ​ម៉ូដ​ល្បី​ក្នុង​ស្រុក​រូប​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ បញ្ហា​នេះ បាន​ចប់​សព្វ​គ្រប់​ហើយ គឺ​មិន​មាន​អ្វី​ត្រូវ​​អូស​បន្លាយ​យូរ​នោះ​ទេ គ្រាន់​តែ​ប្រាក់​៧០០​ដុល្លារ​ ពោល​គឺ​វា​បាន​ចប់​តាំង​ពី​យប់​ថ្ងៃ​នោះ​មក​ម្ល៉េះ។

ហ្សូរីដា បាន​និយាយ​ថា៖​«តាម​ពិត​អត់​មាន​ឈ្លោះ​គ្នា​អី​ផង គ្រាន់​តែ​ជជែក​គ្នា​ធម្មតា​ៗ​នៅ​ក្រោយ​ឆាក ហើយ​លុយ​ហ្នឹង ខ្ញុំ​បាន​ឲ្យ​អាភា​តាំង​ពី​យប់​ថ្ងៃ​ហ្នឹង​ម៉េ្លះ។ បើ​និយាយ​ទៅ​៧០០​ហ្នឹង​មិន​ស្មើ​តម្លៃ​កាបូប​ខ្ញុំ​កាន់​មួយ​ផង តែ​ពេល​ហ្នឹង​វា​យប់ ខ្ញុំ​មាន​តែ​២០០​ទេ ហើយ​និយាយ​យូរ​ទៅ​នៅ​តែ​ស្តាប់​គ្នា​មិន​បាន បង​ចន ច័ន្ទ​(ចន ច័ន្ទលក្ខិណា) នៅ​ជិត​ហ្នឹង​គាត់​ឮ គាត់​បាន​និយាយ​ថា គាត់​មាន​លុយ​រាយ​៥០០​ដែរ អ៊ីចឹង​ខ្ញុំ​ក៏​យក​លុយ​បង ចន ច័ន្ទ ហ្នឹង ឲ្យ​អាភា​ គ្រប់​តាំង​ពី​ហ្នឹង​ម្ល៉េះ»។​

ទោះ​មាន​ការ​អះអាង​ថា តារា​ទាំង​ពីរ​មាន​ជម្លោះ​ខ្លាំង​ក្លា​ក្តី តែ​ប្រធាន​ក្រុមហ៊ុន​ដើរ​ម៉ូដ ឌួង ហ្សូរីដា នៅ​តែ​បដិសេធ ហើយ​នាង​បាន​ប្រាប់​ថា សារ​ព័ត៌​មាន​មួយ​ចំនួន​មិន​បាន​ដឹង​រឿង​ច្បាស់​លាស់​ផង​ ក៏​ចេះ​តែ​ចុះ​ផ្សាយ ពិសេស​នោះ​គឺ​សារព័ត៌​មាន​ទាំង​នោះ​មិន​បាន​សួរ​នាង និង​ពេជ្រ សោភា ឲ្យ​បាន​ច្បាស់​សិន​មុន​នឹង​ចុះ​ផ្សាយ​ឡើយ​។

យ៉ាង​ណា​ក៏​ដោយ​ការ​អះ​អាង​នេះ មិន​ទាន់​ប្រាកដ​ថា ត្រឹម​ត្រូវ​១០០​ភាគ​រយ​នៅ​ឡើយ ព្រោះ​នេះ​គ្រាន់​តែ​ជា​ការ​បកស្រាយ​តែ​ម្ខាង រីឯ​តារា​ចម្រៀង ពេជ្រ សោភា មិន​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​របស់​នាង​អាច​ទទួល​ការ​ហៅ​ចូល​បាន​ តែ​ទូរស័ព្ទ​នោះ​បាន​ប្រាប់​ថា កំពុង​ជាប់​រវល់​៕

ដកស្រង់ ពី Post Khmer

ព័ត៌មានបន្ថែម ម៉ោង ១០ ល្ងាច ថ្ងៃ ១៨ ខែមករា ឆ្នាំ ២០១២

Duong Kozona ប្អូនស្រី របស់ ឌួង ហ្សូរីដា បានចូលរួម មតិ ក្នុង Khmerload និងបកស្រាយ ការយល់ច្រលំខ្លះ។ កញ្ញាថា មូលហេតុ ហ្សូរីដា មិនអាចដកលុយបាន ពី ATM ព្រោះកញ្ញាផ្ទាល់ខ្លួន បានដកលុយ ១០០០ដូល្លារ ពីATM នៅពេលព្រឹកនោះសំរាប់ចាយ ដូច្នេះ ហ្សូរីដា  មិនអាចដកលុយបានទេ ព្រោះ ATM អោយដកតែ ១០០០ ដូល្លារក្នុងមួយថ្ងៃ។ កញ្ញា ក៏បាននិយាយថា អ្នកទាំងពីរ បាននិយាយ ទៅរក គ្នាទៅវិញ ទៅមកហើយ។ ជាចុងក្រោយ កញ្ញា អំពាវនាវ អោយឈប់ និយាយអ្វីដែល ធ្វើអោយអ្នកទាំង ពីរមិនសប្បាយចិត្ត។ សូមអាន Comment របស់កញ្ញានៅខាងក្រោម។

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា