ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀង មិនសូវមានកេរ្តិ៍ឈ្មោះល្បី ឈិន សុរ៉ាវី បានលាចាកលោកទៅ ដោយសម្រេចចិត្តធ្វើ អត្តឃាត ចងកសម្លាប់ខ្លួន ហាក់ពុំបានស្ដាយស្រណោះ នូវពិភពលោកដ៏ ស្រស់ស្អាតនេះសោះ នាំឲ្យមហាជន ជាច្រើនសម្ដែងការភ្ញាក់ និងលើកជាសំណួរឡើងថា មានរឿងហេតុអ្វីបាន ជាគិតខ្លីយ៉ាងនេះ ព្រោះទោះជាមនុស្សមាន វ័យចំណាស់យ៉ាងណា ក៏តស៊ូរស់រាន មានជីវិតនឹងគេ ទោះបីជាត្រូវដើរទូលឥវ៉ាន់ លក់តាមផ្លូវ ក៏ដោយ ក៏ព្យាយាមរស់នឹងគេ ហេតុអ្វីក៏ ឈិន សុរ៉ាវី គិតខ្លីយ៉ាងនេះ ?

មិនត្រឹមតែមហាជនទេ សូម្បីតែសិល្បករ សិល្បការិនីនានា ក៏បង្ហាញអារម្មណ៍ សោកស្ដាយជាខ្លាំង ដោយសារពួកគេធ្លាប់រួមកាងារ និង ស្រឡាញ់រាប់អាន នាង ឈិន សុរ៉ាវី ព្រោះជាតារាចម្រៀង មានអត្តចរិកល្អ ចេះជួយទុក្ខធុរៈ អ្នកសិល្បៈដូចគ្នា ពិសេសនាងមិនដែល មានរឿងរ៉ាវជាមួយអ្នកណាទេ ។ ក្នុងនោះគេសង្កេត ឃើញតារាមួយចំនួន បានបង្ហាញអារម្មណ៍ សោកស្ដាយជាខ្លាំង ដូចជា អ្នកនាង យុគ ចិន្តា ពិធីការិនីល្បីល្បាញ របស់ស្ថានីយទូរទស្សន៍ស៊ីធីអិន កញ្ញា វ៉ានីឡា តារាចម្រៀងផលិតកម្ម ភ្លេងរីខដ នាង សុន ស្រីពេជ្រ នាង កែវ បូរ៉ា និងអ្នកសិល្បៈជាច្រើនទៀត ។

ប៉ុន្តែអ្នកសិល្បៈដែល ស្រណោះស្រណោកខ្លាំងជាងគេ គឺ អ្នកនាង ឈួន សុវណ្ណឆ័យ ដោយបានចូលរួមបុណ្យសព នាង ឈិន សុរ៉ាវី ដោយផ្ទាល់ ថែមទាំងជួយរៀបចំ ប្រៀបបានសាច់ញាតិម្នាក់ទៀតផង ។ ថ្វីដ្បិតមហាជនជាច្រើន បាននាំគ្នាសម្ដែងការអាណិតអាសូរ ហាក់បានតែនៅក្នុង បណ្ដាញសង្គមហ្វេសប៊ុកប៉ុណ្ណោះ។ ចំណែកឯនៅរោងបុណ្យសព ស្ងាត់ដូចចោរលួចសេះ មើលទៅគួរឲ្យ ស្រងេះស្រងោចដល់សព ដែលបានស្លាប់បាត់ទៅហើយ ពោរពេញដោយភាពឯកោ គ្មានសាច់ញាតចូលរួម។ សូម្បីតែពេលវេលា ចុងក្រោយទៅហើយ ក៏មិនសូវមានអ្នករវល់នឹងនាងដែរ ។នេះបង្ហាញពីសន្ដានចិត្តអ្នកសិល្បៈ ដែលពុំសូវឈឺឆ្អាល រឿងអ្នកដ៏ទៃឡើយ ក្រៅពីសម្ដែងអារម្មណ៍តិចតួច នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ។

អ្នកនាង ឈួន សុវណ្ណឆ័យ បាននិយាយថា អ្នកនាងថ្ងៃនេះ មកចូលរួមបុណ្យសព មិត្តសិល្បៈ ព្រោះរឿងស្លាប់រស់ គ្មានអ្នកណា មើលឃើញទេ ជារឿងមុននិងក្រោយ ហើយក៏គ្មានអ្នកណា អាចព្យាករណ៍ទុកបានដែរ ។ យ៉ាងណាក៏ដោយ អ្នកនាង ឈួន សុវណ្ណឆ័យ នៅតែបង្ហាញ ទឹកចិត្តជាអ្នកសិល្បៈដ៏ល្អម្នាក់ ព្រោះកន្លងមកអ្នកនាង ត្រូវបានគេកោតសរសើរថា ជាតារាសិល្បៈចេះជួយ ទុក្ខធុរៈគ្នាពេលមានទុក្ខលំបាក ។ តែអ្នកនាង ឈួន សុវណ្ណឆ័យ ហាក់ខ្លោចចិត្ត នឹងបុណ្យសព អ្នកសិល្បៈ បែរជាស្ងាត់ជ្រងំ ដូចនៅព្រៃភ្នំទៅវិញ...៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ