ការថែរក្សាស្បែកបានត្រឹមត្រូវទាំងមុន និងក្រោយពេលកម្ចាត់រោម វាអាចធ្វើឲ្យមានភាពខុសគ្នា យ៉ាងខ្លាំងទៅលើសោភ័ណភាពស្បែកនិងសុខភាព របស់ស្បែកផងដែរ។ នៅពេលដែលកោររោមរួចហើយ អ្នកតែងតែមានអារម្មណ៍ផ្សារ ឬក្ដៅត្រង់ចំណុចដែលយើងបានកោរវាហើយនោះ។

មិនថាអ្នកកោររោមផ្ទៃមុខ ដៃ ឬជើងនោះទេ ជាតិសំណើមអាចជួយស្បែករបស់អ្នកឲ្យត្រឡប់មកវិញ យ៉ាងលឿនក្រោយពេលកោរនោះ ហើយក៏អាចជួយកាត់បន្ថយការរលាកស្បែកផងដែរ។ ដូច្នេះអ្នកត្រូវតែប្រើសារធាតុសំណើមគ្រប់ពេល ហើយប្រសិនបើអ្នកមានស្បែក ងាយប្រតិកម្មគួរប្រើផលិតផលដែលផលិតឡើងជាពិសេសសម្រាប់ប្រើក្រោយពេលកោររោមនោះ ព្រោះវាមានជាតិសំណើមបន្ថែម លើសពីធម្មតា ព្រមទាំងជួយព្យាបាលស្បែករបស់អ្នកក្នុងពេលតែមួយផងដែរ។

*ក្រោយពេលកោររោមហើយ ត្រូវលាងសម្អាតជាតិក្រែម សម្រាប់កោរឲ្យអស់បន្ទាប់មកត្រូវជួតស្បែកឲ្យស្ងួតដោយប្រើកន្សែងស្អាត។

*ធ្វើការម៉ាស្សាដោយប្រើប្រេង ដែលមានជាតិសំណើមក្រោយពេលកោររោមលើស្បែកមុខ នៅពេលដែលស្បែករបស់អ្នកនៅសើមតិចៗ។ លាបប្រេងលើមុខរបស់អ្នកដោយប្រើចុងម្រាមដៃ ហើយដុសវាលើមុខថ្នមៗ ដោយមិនទាញ ឬសង្កត់ស្បែកខ្លាំងនោះទេ។ ការប្រើប្រេង ក្រោយពេលកោររោមដើម្បីផ្ដល់បន្ថែមនូវជាតិសំណើម វាមានសារសំខាន់ចំពោះស្បែកខ្លាំងណាស់ ព្រោះវាអាចជួយព្យាបាលការរោលក្រោយពេលកោររោមរួច។

*គួរប្រើប្រេងដែលគ្មានក្លិន លើស្បែកនៅលើជើង ឬក្លៀក។ ការប្រើជាតិសំណើមប្រភេទខ្លាំងលើរាងកាយអាចព្យាបាល និងផ្ដល់សំណើម ដល់ស្បែកដែលទើប នឹងកោររោមរួចហើយនោះ។ ទន្ទឹមនឹងនោះអ្នកគួរជៀសវាងការប្រើសារធាតុសំណើមដែលមានក្លិន ព្រោះក្លិនរបស់វា អាចធ្វើឲ្យស្បែករបស់អ្នករោល និងធ្វើឲ្យស្បែករបស់អ្នកមានអារម្មណ៍ថា ហាក់ដូចជារលាក។


(ទឹកឃ្មុំ)

រូបមន្តពិសេសសម្រាប់ធ្វើម៉ាស ប្រើលើស្បែក

ម៉ាសផ្សំពីទឹកឃ្មុំ និងអំបិលសម្រាប់បំបាត់មុននៅលើផ្ទៃមុខ អាចជួយព្យាបាលមុនរបស់អ្នកឲ្យជាសះស្បើយ និងគ្មានស្នាមថែមទៀតផង។ វាមិនត្រឹមតែមិនចំណាយថវិកាច្រើនប៉ុណ្ណោះនោះទេ ជាសំខាន់គឺវាផលិតចេញពីធម្មជាតិពិតៗ។ ការបង្កើតនូវផលិតផលព្យាបាលស្បែក ដោយខ្លួនឯងគឺជាវិធីមួយដែលអ្នកគេចផុតពីសារធាតុគីមីដែលអាចបង្កនូវគ្រោះថ្នាក់ដល់ស្បែករបស់អ្នក។ ម៉ាសផ្សំពីទឹកឃ្មុំ និងអំបិលនេះ គឺត្រូវជាមួយស្បែកដែលសម្បូរប្រេងច្រើនដែលងាយក្នុងការកើតមុនតែប៉ុណ្ណោះ។ ប្រសិនបើអ្នកដែលមានប្រភេទស្បែកស្ងួត ឬស្បែកឆាប់ មានប្រតិកម្ម ការប្រើម៉ាសនេះអាចធ្វើស្បែកមុខរបស់អ្នកកាន់តែស្ងួតខ្លាំងឡើង ហើយធ្វើឲ្យមុខរបស់អ្នកឡើងក្រហម។ បើទោះជាទឹកឃ្មុំជាសារធាតុសំណើមក៏ដោយ តែអំបិលនៅតែអាចបំផ្លាញស្បែកស្ងួត ឬស្បែកឆាប់មានប្រតិកម្មជាដរាប។

យល់ដឹងពីវិធីប្រើ

ត្រូវយកអំបិលមួយស្លាបព្រាកាហ្វេ ចាក់ចូលក្នុងចានគោម បន្ទាប់មករំលាយអំបិលនោះក្នុងទឹកក្ដៅ៣ស្លាបព្រាកាហ្វេ។ កូររហូតអំបិលរលាយអស់ក្រោយមកវាល់ទឹកឃ្មុំ ៣ស្លាបព្រាកាហ្វេ ចាក់ចូលក្នុងទឹកអំបិលនោះ ហើយកូរឲ្យសព្វជាការស្រេច។ ទន្ទឹមនឹងនោះ ត្រូវលាងមុខឲ្យស្អាត ប្រើម្រាមដៃជ្រលក់ក្នុងល្បាយទឹកអំបិល នឹងទឹកឃ្មុំនោះ យកមកលាបលើផ្ទៃមុខ បន្ទាប់មកលាបពីលើមួយជាន់ទៀតត្រង់កន្លែងដែលមានមុន ហើយទុកវាចោលរយៈពេល១៥នាទី។ ក្រោយមកលាងមុខចេញដោយទឹកក្ដៅឧណ្ហៗ និងក្រណាត់ទន់ស្អាត។ ពេលលាងសម្អាតមុខត្រូវប្រើដៃថ្នមៗ ហើយត្រូវលាងឲ្យជ្រះល្អ និងធានាថាមិនមានបន្សល់សំណល់អ្វីនៅលើមុខនោះទេ។

ប្រការគួរជៀសវាងៈ *មិនត្រូវលាបវាជិតភ្នែក ច្រមុះ និងមានត់នោះទេ

*មិនត្រូវលាបវាលើកន្លែងដែលមានរបួស ស្នាម រលាត់ឬក្រម៉ឡើយ

*ប្រើវាច្រើនបំផុត១ ឬ ២ដងក្នុង១សប្ដាហ៍

*ក្រោយពេលលាងសម្អាតហើយ អ្នកត្រូវប្រើសារធាតុសំណើមលើផ្ទៃមុខរបស់អ្នកផងដែរ៕


(រូបភាពតំណាង)

អត្ថបទៈ មករា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]