នាយករដ្ឋមន្ត្រីថៃលោកជំទាវ យីងឡាក់ សីុណាវ៉ាត្រា ដែលស្ថិតក្រោមសម្ពាធដេញដោលពីក្រុម សមាជិកសភាបក្សប្រឆាំងដឹកនាំដោយលោកអាប់ភីសីុត បានថ្លែងប្រាប់សភាជាតិ កាលពីថ្ងៃទី១៣ វិច្ឆិកា ថា លោកជំទាវមិនដែលទទួលយក ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដែលប្រគល់តំបន់ជុំវិញភ្នំប្រាសាទ ព្រះវិហារទាំងមូលឱ្យប្រទេសកម្ពុជាទេ

លោកជំទាវថ្លែងថា ៖ខ្ញុំមិនដែលបាននិយាយថា ខ្ញុំនឹងទទួលយកការសម្រេចរបស់តុលាការនោះទេ ។ អ្វីដែលខ្ញុំនិយាយ គឺខ្ញុំនឹងរក្សាទំនាក់ទំនងទ្វេភាគី ហើយខ្ញុំនឹងការពារបូរណភាពទឹកដី របស់ខ្ញុំដោយមិនខ្វល់ថាតើតុលាការ បកស្រាយយ៉ាងម៉េចនោះទេ ។ គ្រប់ពាក្យគឺមានភាពរសើបនិងមាន សារសំខាន់នៅពេលយើងនិយាយជាលក្ខណៈការទូតអន្តរជាតិ ។ លោកជំទាវក៏បានសន្យាស្វះស្វែងរកការ អនុម័តពីសភាសម្រាប់កិច្ចចរចាណាមួយ ដែលកើតមានឡើង ស្ថិតនៅក្រោមច្បាប់វិសោធនកម្មមាត្រា១៩០ នៃច្បាប់រដ្ឋធម្មនុញ្ញ ។ កិច្ចប្រជុំសភាជាបន្ទាន់នេះ ត្រូវបានធ្វើឡើងក្រោមច្បាប់រដ្ឋធម្មនុញ្ញមាត្រា១៧៩ ដើម្បីពិភាក្សាពីការសម្រេចរបស់តុលាការICJ ដែលក្រុមអ្នកជ្រុលនិយមថៃនិយាយថា អាចឈានទៅដល់ការបាត់បង់ទឹកដីរបស់ថៃមួយចំនួន ។ លោកអាប់ភីសីុត មេដឹកនាំគណបក្សប្រជាធិបតេយ្យ បានទទូចឱ្យលោកជំទាវនាយករដ្ឋមន្ត្រី ដកចេញច្បាប់វិសោធនកម្មមាត្រា១៩០ដោយបារម្ភខ្លាចថា ការអនុវត្តតាមមាត្រានេះនឹងទទួលបានការអនុម័តពីសភា ដែលធ្វើឱ្យប៉ះពាល់ដល់បូរណភាពទឹកដី បន្ទាប់ពីការកាត់ក្ដីរឿងប្រាសាទព្រះវិហារដោយតុលាការICJ ។ លោកអាប់ភីសីុត បន្តទៀតថា លោកជំទាវនាយករដ្ឋមន្ត្រីគួរតែចាត់វិធានការបញ្ឈប់វិសោធនកម្មមិនឱ្យអនុវត្ត ដើម្បីធ្វើឱ្យប្រាកដថា កិច្ចចរចាណាមួយដែលកើតមានឡើងរវាងភាគីទាំងពីរថៃ-កម្ពុជាត្រូវធ្វើឡើងប្រកបដោយតម្លាភាព និងការពារប្រយោជន៍ជាតិ ។

មេដឹកនាំគណបក្សប្រឆាំងរូបនេះបាននិយាយថា លោកយល់ស្របនឹងការកំណត់លក្ខខណ្ឌរបស់លោកជំទាវនាយករដ្ឋមន្ត្រីលើការកាត់ក្ដីរបស់ICJ ។ ប៉ុន្តែលោកបានទទូចឱ្យរដ្ឋាភិបាលមានភាពស្មោះត្រង់ និងទទួលខុសត្រូវចំពោះសាធារណជនប្រសិនបើមានការ បាត់បង់ទឹកដីណាមួយចំពោះការគោរពតាម ការសម្រេចរបស់តុលាការយុត្តិធម៌ICJ  ។ លោកជំទាវនាយករដ្ឋមន្ត្រីថៃ យីងឡាក់ សីុណាវ៉ាត្រា បានថ្លែងថា លោករដ្ឋមន្ត្រីការបរទេសថៃនឹង ជួបគ្នាជាមួយសមភាគីកម្ពុជា ដើម្បីជជែកអំពីការអនុវត្តសាលដីកាតុលាការក្រុងឡាអេ ទាក់ទងនឹងប្រាសាទព្រះវិហារ។នៅពេលនេះ បើតាមការអះអាងរបស់មេបញ្ជាការកងទ័ពកម្ពុជា លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក កងកម្លាំងរបស់ភាគីកម្ពុជានិងថៃនៅព្រំដែន នៅតែបន្តឈរជើងនៅកន្លែងដដែលរហូតដល់មានការសម្រេចរបស់រដ្ឋាភិបាលទាំងពីរ ។
ទោះបីជាបែបណា  ស្ថានភាពនៅតាមព្រំដែនប្រាសាទព្រះវិហារស្ងប់ស្ងាត់ជាធម្មតា ហើយអ្នកទេសចរក៏ត្រូវបានអនុញ្ញាតឱ្យ ឡើងទៅទស្សនាលើប្រាសាទព្រះវិហារជាធម្មតាដែរ ។ ការបញ្ជាក់អំពីភាពប្រក្រតីនៅតាមព្រំដែនក្រោយ ការបកស្រាយសាលដីការបស់តុលាការICJនោះ លោកឧត្តមសេនីយ៍ឯកស្រី ឌឹក នៅក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយ មេបញ្ជាការកងទ័ពថៃ កាលពីថ្ងៃទី១២ វិច្ឆិកា បានប្រាប់ឱ្យដឹងថា កងកម្លាំងរបស់កម្ពុជានិងថៃនៅបន្តឈរជើងនៅលើទីតាំង ដដែលរហូតដល់មានការសម្រេចជាថ្មីពីខាងរដ្ឋាភិបាល ។ យោងតាមសារព័ត៌មានថៃThe Nation ចេញផ្សាយកាលពីថ្ងៃទី១៣ វិច្ឆិកា លោកជំទាវនាយករដ្ឋមន្ត្រីថៃយីងឡាក់ សីុណាវ៉ាត្រា បានប្រាប់ឱ្យដឹងថា ប្រមុខការទូតថៃនឹងជួបគ្នាជាមួយលោករដ្ឋមន្ត្រីការបរទេស កម្ពុជាដើម្បីជជែកគ្នាអំពីការអនុវត្តសាលដីកាតុលាការក្រុងឡាអេនេះ ។

កាលពីយប់ថ្ងៃទី១១ វិច្ឆិកា សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ បានប្រកាសចេញនូវសាលដីការបស់ខ្លួន លើបណ្តឹងសុំរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យបកស្រាយលើសាលដីកាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងរឿងក្តីប្រាសាទព្រះវិហារ ។ សាលដីការបស់តុលាការបានសម្រេចថា ៖ ១-ប្រកាសដោយសំឡេងឯកច្ឆន្ទថា តុលាការមានសមត្ថកិច្ចដោយផ្អែកតាមមាត្រា៦០ នៃលក្ខន្តិកៈរបស់ខ្លួន ដើម្បីសម្រេចលើបណ្តឹងសុំបកស្រាយសាលដីកាឆ្នាំ១៩៦២ ដែលប្តឹងសុំដោយព្រះរាជាណាចក្រកម្ពុជា ហើយទទួលស្គាល់ថា បណ្តឹងសុំនេះ អាចទទួលយកមកពិនិត្យដោះស្រាយបាន ។

២-ប្រកាសដោយសម្រេចឯកច្ឆន្ទថា ក្នុងក្របខណ្ឌនៃការបកស្រាយ សាលដីកាចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការសម្រេចនៅក្នុងសាលដីកានេះថា ព្រះរាជាណាចក្រកម្ពុជា មានអធិបតេយ្យពេញលេញលើបូរណភាព ទឹកដីលើតំបន់ពយភ្នំ (Eperon/Promontory) នៃប្រាសាទព្រះវិហារ ដូចដែលមានកំណត់ក្នុងកថាខណ្ឌទី៩៨ នៃសាលដីកានេះ ហើយជាបច្ច័យ តុលាការប្រកាសថា ព្រះរាជាណាចក្រថៃ មានកាតព្វកិច្ចដកចេញពីទឹកដីនេះ នូវគ្រប់កងកម្លាំងប្រដាប់អាវុធ ឬកងនគរបាល ឬអ្នកថែរក្សា ឬឆ្មាំយាម ផ្សេងទៀតរបស់ថៃ ដែលបោះទីតាំងនៅក្នុងទឹកដីនោះ ។ សម្តេចតេជោ បានចាត់ទុកថា នេះគឺជាជំហានទៅមុខដ៏មានសារសំខាន់ និងមានអត្ថន័យជាប្រវត្តិសាស្ត្រមួយទៀត នៅក្នុងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ នូវវិវាទរវាងកម្ពុជា និងថៃ លើបញ្ហាប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទនេះ ។ ជាពិសេស ការណ៍ដែលតុលាការយុត្តិធម៌អន្តរជាតិយកផែនទីឧបសម្ព័ន្ធ១ ខ្នាត ១/២០០ ០០០ ដែលភាគីកម្ពុជា បានដាក់ជូនតុលាការនៅឆ្នាំ១៩៦២ មកធ្វើជាសំអាងក្នុងការបកស្រាយធ្វើសេចក្តីសម្រេចរបស់ខ្លួន ពិតជានឹងផ្តល់ភាពច្បាស់លាស់ដ៏សំខាន់បំផុតដល់ភាគីទាំងពីរសម្រាប់ការអនុវត្តបន្ត ។

លើមូលដ្ឋាននេះសម្តេចតេជោ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃបានឯកភាពគ្នាកន្លងមកថា «ទោះបីជាសាលដីកានៃតុលាការយុត្តិធម៌អន្តរជាតិ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ចេញមកបែបណាក៏ដោយ ក៏ប្រទេសទាំងពីរ ត្រូវតែគោរពតាមសេចក្តីសម្រេចនេះ ហើយខិតខំថែរក្សាឱ្យខាង តែបាននូវមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ ព្រមទាំងសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ» ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ