រាជធានីភ្នំពេញ ៖ សមត្ថកិច្ចការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០១៣ បានធ្វើពិធីបង្ហាញមុខក្រុមនាំមនុស្សទៅ សុំទាននៅប្រទេសម៉ាឡេស៊ី ចំនួន ២នាក់ ក្នុងនោះ ក៏មានជនរងគ្រោះ ៤នាក់ ផងដែរ ដែលពិធីបង្ហាញមុខក្រុមនាំមនុស្សទៅសុំទាន នៅប្រទេសម៉ាឡេស៊ីនោះ មានលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរងទទួលបន្ទុកការិយាល័យ កណ្តាលប្រឆាំងបទល្មើស លោកវរសេនីយ៍ទោ កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីជំនាញមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ បានថ្លែងថា កាលពីវេលាម៉ោង ៨ និង ៣០នាទី ព្រឹកថ្ងៃទី១៣ វិច្ឆិកា ២០១៣ ដោយមានការសម្របសម្រួលពី លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានចុះទៅសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសជាក់ស្តែងករណីអំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន (ទិញទារកយកទៅសុំទាន និងអូសទាញមនុស្សនាំឆ្លងដែនយកទៅសុំទាននៅប្រទេសម៉ាឡេស៊ី ដើម្បីកេងប្រវ័ញ្ច)។

កិច្ចបង្រ្កាបនោះ គឺបានធ្វើឡើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបាន ២នាក់ និងរំដោះជនរងគ្រោះ ៤នាក់។

លោក ព្រុំ សន្ធរ បានបន្តថា ជនសង្ស័យម្នាក់ឈ្មោះ សំ ណា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ ហេង ឆុន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិមុខរា ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ រីឯជនរងគ្រោះ ដែលសមត្ថកិច្ចរំដោះបាន ១.ឈ្មោះ ឆុន ស្រីកា ភេទស្រី អាយុ ២០ឆ្នាំ ២.ឈ្មោះ ឡុង ស្រ៊ី ហៅ ថែម នឿ ភេទប្រុស អាយុ ៤៧ឆ្នាំ ៣.ឈ្មោះ សល់ ថន ភេទប្រុស អាយុ ៣៣ឆ្នាំ និង ៤.ទារកឈ្មោះ ឆុន សុខចាន់ ភេទស្រី អាយុ ៧ខែ។

ជនសង្ស័យទាំង ២នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកទារក ៧ខែ បានប្រគល់ជូនទៅមន្ទីរសង្គមកិច្ចថែរក្សាជាបណ្តោះអាសន្ន ហើយជនរងគ្រោះ ៣នាក់ទៀត បានធ្វើការអប់រំ និងឲ្យវិលទៅផ្ទះវិញ។

លោកស្នងការរង បានបញ្ជាក់បន្ថែមទៀតថា អំពើនាំទារក និងមនុស្សទៅសុំទាននៅប្រទេសម៉ាឡេស៊ីនេះ មេខ្យល់នោះ គឺឈ្មោះ ហេង ឆុន ធ្លាប់បាននាំមនុស្សទៅសុំទាននៅប្រទេសម៉ាឡេស៊ី ចំនួន ២លើក មកហើយចាប់តាំងពីខែកក្កដា ២០១៣ ក្នុងនោះ ក៏មានកូនគាត់ម្នាក់ដែលកំពុងនៅសុំទានរាល់ថ្ងៃ។ លើកនេះ ឈ្មោះ ហេង ឆុន បាននាំកូនខ្លួនឯងម្នាក់ទៀត និងទិញទារកម្នាក់ក្នុងតម្លៃ ៤០០ដុល្លារ ដែលជាកូនអ្នករើសអេតចាយនៅម្តុំរោងចក្រតាមបណ្តោយផ្លូវវេងស្រេង និងបម្រុងនាំចេញទៅសុំទានទៀត ប៉ុន្តែ ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា ហើយពេលនះ សមត្ថកិច្ចកំពុងស្វែងរកម្តាយទារក៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]