រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាជំនួយការចៅសង្កាត់ចោមចៅ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ចំណែកប្រពន្ធបានរងរបួសធ្ងន់ ខណៈដែលរូបគាត់ និងប្រពន្ធ ជួបគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ កាលពីវេលាម៉ោង ៩ និង ១០នាទី យប់ថ្ងៃទី១៤ វិច្ឆិកា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខផ្សារជំពូវ័ន្ត ស្ថិតក្នុងភូមិជំពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ាន់ ប៊ុនជឿន ភេទប្រុស អាយុជាង ៤០ឆ្នាំ មានទីលំនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមC125 ស៊េរីឆ្នាំ២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1A-4407 រួមដំណើរជាមួយប្រពន្ធ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូស្មាស់វីវ៉ូ ពណ៌ខៀវ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1Y-5189 ជិះដោយបុរស ២នាក់ ដែលបើកបញ្រ្ចាសទិសគ្នា បុកចំពេញទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ ចំណែកប្រពន្ធ និងបុរស ២នាក់ទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងមិនទាន់សន្និដ្ឋានថា ភាគីខាងណាខុស ឬត្រូវឡើយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]