ប្រិយមិត្តទាំងអស់គ្នា ប្រហែលជាធ្លាប់ជួបប្រទះរួចមកហើយ នូវមនុស្សដែលរៀបការជាមួយសត្វ ដូចជាសត្វឆ្កែ ឆ្មា គោ ឬសេះ រហូតដល់មានបុរសជនជាតិកូរ៉េម្នាក់ បានរៀបការជាមួយនឹងខ្នើយទៀតផង ប៉ុន្តែអ្វីដែលចម្លែក ធ្វើឲ្យប្រិយមិត្តមិនអាចជឿបាននោះ គឺមានបុរសម្នាក់ បានរៀបការជាមួយដើមឈើ។

យោងតាមប្រភពព័ត៌មាន ម៉េត្រូ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា បុរសម្នាក់មានឈ្មោះថា Richard Torres គឺជាតួសម្តែង និងជាអ្នកដែលស្រលាញ់ និងការពារបរិស្ថានម្នាក់ បានរៀបការជាមួយដើមឈើមួយដើម ដែលត្រូវបានគេឲ្យឈ្មោះថា "Aliehuen Nehuen" នៅក្នុងសួនក្បែរមាត់ទឹកមួយកន្លែង ស្ថិតក្នុងទីក្រុង Buenos Aries ប្រទេសអាស្សង់ទីន កាលពីថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា កន្លងទៅនេះ។

ជាមួយគ្នានេះដែរ បុរសម្នាក់នោះ បានស្លៀកពាក់ក្នុងឈុតពណ៌ស និងពាក់មួកពណ៌ខៀវ ហើយគាត់បានអញ្ជើញភ្ញៀវជាច្រើននាក់ ដើម្បីចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍ របស់គាត់ជាមួយនឹងដើមឈើ នៅក្នុងសួនច្បារនៃទីក្រុង Buenos Aries ប្រទេសអាហ្សង់ទីននោះ។

ទោះជាយ៉ាងណា អ្នកចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍នោះ បានអានសៀវភៅសច្ចា របស់លោក  Richard Torres បន្ទាប់មកលោក Richard Torres បានថើបដើមឈើនោះ ដើម្បីធ្វើឲ្យពិធីរៀបអាពាហ៍ពិពាហ៍នេះ ក្លាយជាផ្លូវការតែម្តង។

យ៉ាងណាមិញ លោក Richard Torres បាននិយាយថា អាពាហ៍ពិពាហ៍ដ៏ចម្លែករបស់គាត់នេះ គឺចង់បង្ហាញពីផ្នែកសំខាន់នៃបញ្ហាបរិស្ថាន ហើយឥឡូវនេះ លោក Richard Torres មានគំរោងទៅទូទាំងប្រទេស នៅអាមេរិកឡាទីន ដើម្បីបង្ហាញនូវសកម្មភាព និងការការពារបរិស្ថាន៕



សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]