ភ្នំពេញៈ នៅចុងឆ្នាំ២០១៣នេះ គេសង្កេតឃើញតារាទឹកភ្នែកស្រីស្រគត់ស្រគំ កញ្ញា នី មុនីនាថ ទទួលការងារគ្រប់ទីកន្លែងស្ទើរដកខ្យល់មិនរួច រវល់កើបលុយមិនដឹងថ្ងៃយប់ ខណៈដែលតារាស្រីស្អាតល្បីឈ្មោះពីរដួង គឺកញ្ញា សារាយ សក្ខណា និង កញ្ញា គឹម លីហ្សា កំពុងតែ ត្រៀមខ្លួនដកឃ្លាពីវិស័យសិល្បៈទៅបន្ទុំសាច់ឲ្យស ដេកចាំធ្វើជាកូនក្រមុំសាងគ្រួសារ ខុសឆ្ងាយពី កញ្ញា មុនីនាថ បែរជានិយាយថា នាងមិនទាន់ចង់គិតរឿងរៀបការទេ ព្រោះកំពុងតែជាប់ដៃ រកលុយ ហើយនិយាយទៀតថា ពេលឆាប់ៗខាងមុខនេះ ខ្លួនគម្រោងចេញ ទៅរកលុយ នៅក្រៅប្រទេសថែមទៀតផង ។

តារាសម្តែង និងជាពិធីការិនី កញ្ញា នី មុនីនាថ ត្រូវបានគេចាត់ទុកថាជាតារាស្រីមួយដួង ដែលអាចឡើងកូដកាន់តែឡើង និងក្តាប់បានតំណែងតួឯកស្រី ស្ទើរគ្រប់រឿងបន្ទាប់ពី កញ្ញា សារាយ សក្ខណា បានប្រកាសដោយចំហរថានាង នឹងផ្អាកអាជីពសិល្បៈក្រោយពីរៀបការរួច ហើយតារាសម្តែងស្រីមួយដួងទៀត ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ស្របាលគ្នា គឺ កញ្ញា គឹម លីហ្សា ក៏កំពុងតែមានគម្រោង ឃ្លាតឆ្ងាយពីសិល្បៈដូចគ្នា ដែលជាហេតុផលដែលធ្វើឲ្យតារាស្រីសម្បុរ ស្រអែមស្រស់ កញ្ញា មុនីនាថ សប្បាយចិត្តកើបយកការងារ និងលុយតែម្នាក់ឯង មិនឈប់ មិនឈរនោះឡើយ។

ម្តាយរបស់ កញ្ញា នី មុនីនាថ បានជួបសម្ភាសន៍ជាមួយ Looking TODAY តាមទូរស័ព្ទថា បច្ចុប្បន្នកូនស្រីរបស់គាត់កំពុងតែមមាញឹកជាប់គ្មាន ពេលទំនេរទេ ។ ជាក់ស្តែងពេលនេះ ក៏កំពុងតែស្ថិតនៅកន្លែងថត កូនស្រីរបស់ខ្លួន អត់បានផ្តល់បទសម្ភាសន៍ ដោយផ្ទាល់ទេ ។ ជារៀងរាល់ ថ្ងៃកូនស្រី គាត់រវល់ឥតឈប់ទេថតរឿង ថតស្ពតពាណិជ្ជកម្ម ឲ្យហាងកាហ្វេ គោយន្ត ច្រៀងតាមខេត្ត ហើយនៅពេលខាងមុខនេះ ក៏មានគម្រោងចេញទៅសម្តែងនៅអាម៉េរិកថែមទៀត មិនទំនេរទេ ។

ម្តាយរបស់តារាស្រីសម្បុរស្រអែមរូបនេះ បានប្រាប់ឲ្យដឹងថា «ខ្ញុំទទួលស្គាល់ថាជិត ពេញមួយ ឆ្នាំនេះ កូនខ្ញុំមានសន្ទុះការងារកើនកាន់តែច្រើន ជាងឆ្នាំមុនព្រោះថាកូនខ្ញុំមិន ប្រកាន់ការងារទេ ឲ្យតែមានគេទាក់ទងមិនថាថតកុន ពិធីការិនី ច្រៀងខនសឺតអីទេ គឺកូនខ្ញុំទទួលទាំង អស់ គ្មានពេលទំនេរទេ ហើយមានពេលខ្លះអត់បានទទួលការងារធ្វើឲ្យគេ អន់ចិត្តក៏មានដែរ ។ លើសពីនេះ ដើមខែមករា ឆ្នាំក្រោយនេះ អានាថ កូនខ្ញុំ ត្រូវធ្វើដំណើរចេញទៅសម្តែងនៅលើទឹកដីអាម៉េរិក និង មានគម្រោងចេញទៅប្រទេសផ្សេងទៀត គ្រាន់តែមិនទាន់ចង់បង្ហើបជាសាធារណៈ នៅពេលនេះ »។

ទន្ទឹមជាមួយគ្នានោះម្តាយរបស់ស្រីស្រស់ ដែលជាតួឯកស្រីក្នុងរឿង «សន្យាស្នេហ៍» រូបនេះក៏បានព្រលយឲ្យដឹងថា នៅចុងឆ្នាំនេះ មានសិល្បការិនី២ ដួងដែលមានអាយុស្របាលនិងកូនរបស់ខ្លួនមានគម្រោងរៀបការក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែសម្រាប់កូនស្រីគាត់ មិនបាន ខ្វល់ខ្វាយ រឿងរៀបការអីទេព្រោះ ថាពេលនេះកំពុងតែជាប់ដៃរកលុយ ហើយម្យ៉ាងទៀត បើកូនគាត់ស្រលាញ់ អ្នកណាម្នាក់គឺទាល់តែមាន ពេល វេលាសម្រាប់គ្នាទៅវិញទៅមក គ្រប់គ្រាន់។

ម្តាយមុនីនាថ និយាយទៀតថា « អានាថធ្លាប់ប្រាប់ ខ្ញុំថារឿងស្នេហា រៀបការមានគូស្រករនោះ ប្រហែលជាត្រូវពន្យារពេល២-៣ទៅឆ្នាំទៀត ហើយ សម្រាប់ការងារសិល្បៈ មិនទាន់អាចរំពឹងថាអានាថ ជាតារាលេចធ្លោខ្លាំងតែម្នាក់ឯងទេ បើសិនជា សក្ខណា និង លីហ្សា ដកឃ្លាពីសិល្បៈក៏មានតារាដទៃ បង្ហាញខ្លួនបន្តបន្ទាប់ទៀតជាក់ជា មិនខានហើយអ្វីដែលសំខាន់នោះ គឺ ទេពកោសល្យក្នុងការសម្តែងតែប៉ុណ្ណោះ ” ។

យ៉ាងណាក៏ដោយកាលពីពេលថ្មីៗនេះ នី មុនីនាថ ទើបតែលេចធ្លាយនូវរូបភាពកៀកកើយជាមួយបុរសវ័យចំណាស់ម្នាក់ ដែលគេសង្ស័យថា បុរសនោះ និងមុនីនាថ បានទាក់ទងស្នេហានឹងគ្នា។ លើសពីនេះ បុរសនោះគឺជាបងធម៌របស់សារាយ សក្ខណា ថែមទៀត៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ