ខេត្តប៉ៃលិន ៖ គេសង្កេតឃើញថា មានច្រករបៀងមួយកន្លែងត្រូវ សមត្ថកិច្ចបើកដៃឲ្យឈ្មួញនាំបន្លែ ត្រី សាច់ ចូលមកក្នុងទឹកដីខ្មែរយ៉ាងរលូន ជាពិសេស គឺសាច់មាន់ ជង្គង់មាន់ ដែលខូចគុណភាព ដោយគ្មានមន្រ្តីណាម្នាក់ត្រួតពិនិត្យ មើលនោះឡើយ ដោយគ្រាន់តែឈរចាំយកប្រាក់ពីឈ្មួញប៉ុណ្ណោះ គឺបានបើកដៃឲ្យពួកឈ្មួញទាំងនោះ នាំចូលមកយ៉ាងគគ្រឹកគគ្រេងដូច គេហែរកឋិនជារៀងរាល់យប់ ដោយពុំបានគិតពីផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិនឡើយ ឲ្យតែបានលុយចូលហោប៉ៅ គឺពួកគេធ្វើគ្រប់បែបយ៉ាងទាំងអស់។ ច្រករបៀងមួយកន្លែងនោះ គឺស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នៅចម្ងាយប្រហែលជាង ១គីឡូម៉ែត្រ ពីច្រកអន្តរជាតិព្រំ ប៉ុណ្ណោះ។

បើតាមប្រភពពីឈ្មួញម្នាក់ ដែលចេញចូលតាមច្រកនេះ បានឲ្យដឹងថា ច្រករបៀងមួយនេះ ត្រូវបានកាន់កាប់ដោយយោធាការពារព្រំដែនជើងគោក សហការគ្នាជាមួយនគរបាលការពារព្រំដែន ដោយដាក់កម្លាំងយាមយកលុយពីឈ្មួញទាំងនោះ ដោយអ្នកធ្វើដំណើរចូលទៅប្រទេសថៃ ម្នាក់តម្លៃ ១០០០រៀល និងត្រលប់មកវិញនាំយកបន្លែមួយថង់តម្លៃ ២០០០រៀល តែបើនាំសាច់វិញបង់ថ្លៃចំនួន ៩០០០រៀល ក្នុង ១ការ៉ុង ឬអាចត្រូវមន្រ្តីច្រករបៀងយកលើស នេះទៀតតាមទំនិញតិច ឬច្រើន។

ប្រភពបន្តទៀតថា ច្រករបៀងមួយនេះ ត្រូវបានគេបើករហូតទាំងយប់ទាំងថ្ងៃ ពិសេសពេលយប់បើកចំហរឲ្យ ឈ្មួញចេញចូលតាមចិត្ត គ្រាន់តែបង់ប្រាក់ឲ្យពួកគេប៉ុណ្ណោះ ចំណែកឈ្មួញវិញនៅខែនេះ សម្បូរអ្នកចូលតាមផ្លូវច្រករបៀងនេះខ្លាំងណាស់ ព្រោះអាចចូលចាប់តាំងពីម៉ោង ១២យប់ ដើម្បីទៅទិញទំនិញនៅទឹកដីថៃ បានយ៉ាងស្រួល តែបើច្រកអន្តរជាតិវិញ នៅវេលាម៉ោង ៧ព្រឹក ទើបមន្រ្តីច្រកបើកឲ្យប្រជាពលរដ្ឋ និងឈ្មួញ ចូលទៅទឹកដីថៃ។

ប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តប៉ៃលិន បានសំណូមពរថា សមត្ថកិច្ចដែលឈរជើងយាមកាម នៅច្រករបៀងមួយនេះ ត្រូវតែយកចិត្តទុកដាក់ ព្រោះសាច់មាន់ខូចគុណភាព និងរបស់ហួសដឺឡេមួយចំនួន ក៏ត្រូវគេនាំចូលមកទឹកដីខ្មែរយើងតាមច្រករបៀងមួយនេះដែរ ព្រោះបង់ពន្ធអស់តិចតួចប៉ុណ្ណោះ។

ចំណែកសមត្ថកិច្ចដែលយាមនៅច្រករបៀងម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ក្នុងមួយសប្តាហ៍ពួកគេដូរវេនគ្នាម្តង ហើយការដែលអនុញ្ញាតឲ្យឈ្មួញ និងប្រជាពលរដ្ឋចូលទៅទឹកដីថៃតាមច្រករបៀងមួយនេះ ព្រោះសម្រួលដល់ការរកស៊ីរបស់ពួកគាត់ ដោយឃើញទម្រាំតែគេបើកច្រកធំនៅវេលាម៉ោង ៧ព្រឹក ត្រី សាច់ របស់ពួកគាត់ត្រូវខូចអស់ហើយ។ ម្យ៉ាងវិញទៀត ការយកលុយនេះ គឺមិនមែនទាមទារនោះទេ គឺពួកគាត់ឲ្យដោយស្ម័គ្រចិត្ត ព្រោះខាងសមត្ថកិច្ចជាអ្នកទៅសម្រួលជាមួយអាជ្ញាធរថៃ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]