ខេត្តប៉ៃលិន ៖ បុរសពិការជើងម្នាក់ផឹកស្រាស្រវឹងរាល់ថ្ងៃ ស្រែកឡូឡាដេកតាមផ្លូវស្រាតខោអាវអស់ ត្រូវអ្នកស្រុកឃើញ ក៏រត់ទៅប្រាប់ឲ្យគាត់ស្លៀកពាក់វិញ ស្រាប់តែបុរសពិការនោះ ស្ទុះទៅវាយបុរសរងគ្រោះម្នាក់ឡើងជាំមុខ លុះបន្ទាប់មក ក៏មានបុរស ២នាក់ផ្សេងទៀត មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមក ដល់ឃើញដូច្នោះ ក៏យកដំបងឈើមូលទៅវាយ លើជនពិការម្នាក់នោះ បណ្តាលឲ្យបែកក្បាលផុងលលាដ៏ ហើមមុខខាងឆ្វេង ជាំដៃជើងសន្លប់ រួចបុរស ២នាក់នោះ ឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទី យប់ថ្ងៃទី១២ វិច្ឆិកា ២០១៣ ស្ថិតនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ជនពិការស្រវឹងដេកតាមថ្នល់ឈ្មោះ វ៉ែន ភន ភេទប្រុស អាយុ ៥៤ឆ្នាំ គ្មានមុខរបរ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ រងរបួសជាំមុខខាងឆ្វេង ជាំខ្នង ជាំដៃជើង បែកក្បាលផុងលលាដ៏បណ្តាលឲ្យសន្លប់ ត្រូវអ្នកស្គាល់ដឹកតាមម៉ូតូយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត។

ចំណែកជនដៃដល់ទាំង ២នាក់ ពុំស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូសង់ស៊េរីចាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ និងជនរងគ្រោះដែលត្រូវជន ពិការវាយបែកមុខខាងឆ្វេង និងជាំដៃជើង ឈ្មោះ ពេជ្រ សាខន ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបុរសរងគ្រោះម្នាក់នេះ ដើម្បីសួរនាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពិការជើងម្នាក់ ផឹកស្រាស្រវឹងរាល់ថ្ងៃដើរតាមផ្លូវក្នុងភូមិ ជាច្រើនថ្ងៃមកហើយ ដោយស្រែកឡូឡាខ្លាំងៗ ហើយស្រាតខោអាវដេកលើផ្លូវ នៅខាងកើតមន្ទីរអប់រំចាស់ ក្នុងភូមិបរឌិននៀវ ស្រវឹងស្រែកឆ្កាដៃឆ្កាជើងនៅលើទ្រូងផ្លូវដេកងើបៗ។ លុះដល់ប្រជាពលរដ្ឋបួនប្រាំនាក់ដើរទៅមើល រួចសួរនាំ ស្រាប់តែបុរសពិការនោះ ស្ទុះមកវាយបុរសម្នាក់ឈ្មោះ ពេជ្រ សាខន បណ្តាលឲ្យជាំមុខ និងហើមដៃខាងស្តាំ។

ស្របពេលនោះ ក៏មានបុរស ២នាក់ បានបើកម៉ូតូមកដល់ ហើយចុះយកដំបងឈើមូលនៅក្បែរ របងផ្ទះគេវាយទៅលើជនពិការនោះ បណ្តាលឲ្យសន្លប់តែម្តង និងត្រូវបានអ្នកជិតខាងស្គាល់បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត។ ដោយឡែក បុរសរងគ្រោះដែលត្រូវជនពិការវាយ សមត្ថកិច្ចចាប់យកទៅសួរនាំនៅឯស្នងការ តែដោយមានការអន្តរាគមន៍ពីខេត្តថា ជនរងគ្រោះមិនបានវាយជនពិការនោះទេ ទើបសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពឡើងវិញ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]