ភ្នំពេញ៖ បុរសជនរងគ្រោះ ដែលមនុស្សមួយ ក្រុមសម្លាប់ដោយអារក មិនបានសំរេចកន្លងមក កំពុងព្រួយ បារម្ភពី យុត្តិធម៌របស់ តុលាការខេត្តស្វាយរៀង ឆ្ងាយដូចជើងមេឃ ដូចករណីសំណុំរឿង អតីតអភិបាលក្រុង បាវិត ឈូក បណ្ឌិត។

បុរសជនរងគ្រោះឈ្មោះ កឹម ថន អាយុ៦១ឆ្នាំ ជាកសិករក្រីក្រ មិនស្គាល់អ្នកធំមានអំណាច ដូចគ្រួសារជនល្មើស បានប្រាប់ឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលដឹងថា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ស្អែកនេះ តុលាការខេត្ត ស្វាយរៀងនឹង បើកសវនាការសំណុំរឿងរបស់លោក ដែលពាក់ព័ន្ធនឹងមនុស្សមួយក្រុមប៉ុនប៉ង សម្លាប់លោកមិន បាន សំរេច កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣។

កសិករវ័យចំណាស់នេះ បានប្រាប់ពីការព្រួយបារម្ភរបស់លោកថា «ដោយសារមើលឃើញនឹងភ្នែក នូវករណី សំណុំរឿង អតីតអភិបាល ក្រុងបាវិត លោក ឈូក បណ្ឌិត ហើយករណីសំណុំរឿង របស់ខ្ញុំ គឺក្រុមជនល្មើស ស្គាល់ អ្នកមាន អំណាច ស្គាល់មន្ត្រីតុលាការ និងមានលុយកាក់ទៀតនោះ ខ្ញុំខ្លាចរឿងរបស់ខ្ញុំនេះ មិនមាន យុត្តិធម៌ ទេ។ ឥឡូវអារម្មណ៍របស់ខ្ញុំមិននឹងហ្ន៎ទាល់តែសោះ ព្រោះខ្លាចយុត្តិធម៌ឆ្ងាយដូចជើងមេឃ»។

ជនរងគ្រោះ កឹម ថន បានរៀបរាប់ពីចំណុចនៃការព្រួយបារម្ភរបស់ខ្លួនទៀតថា តាមព័ត៌មានមិនទាន់ផ្លូវ ការបាន ឲ្យដឹងថា ចៅក្រមកាន់សំណុំរឿង របស់លោកគឺ ប្រធានតុលាការ ខេត្តស្វាយរៀងតែម្តង ដែលមានផ្ទះនៅក្បែរ មេខ្លោងនៃក្រុមជនល្មើសរួចស្គាល់គ្នាជិតស្និទ្ធ, គ្រួសារជនល្មើសស្គាល់អ្នកមានអំណាច និងស្គាល់មន្ត្រីតុលាការ ច្រើននាក់ ព្រមទាំងមានលុយកាក់, ដោយសារមិនមានសាក្សី ឃើញនឹងភ្នែកជាក់ស្តែង ក្នុងពេលកើត ហេតុការណ៍ អារកនោះ ជាចុងក្រោយស្ត្រីជា មេខ្លោងនៃក្រុមល្មើស បានបដិសេធថា ខ្លួនមិនបានបញ្ជាឲ្យកូន របស់ខ្លួនអារកជនរងគ្រោះទេ គឺជនរងគ្រោះមុតនឹងកាំបិតក្វាវរបស់ខ្លួនឯងក្នុងពេលប្រតាយប្រតប់គ្នា។

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចទាក់ទងមន្រ្តីតុលាការ ខេត្ត ស្វាយរៀង ពិសេសប្រធានតុលាការនៅឡើយទេ ដើម្បីសុំបញ្ជាក់ពីកាលបរិច្ឆេទនៃការបើកសវនាការ និងស្គាល់ គ្នាជាមួយស្ត្រីជាមេខ្លោងក្រុមជនល្មើសនោះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រុកដែលបានដឹងពីប្រវត្តិពិតនៃគ្រួសារស្រ្តីមេខ្លោងជនល្មើសនោះ បាននិយាយពី មាត់មួយទៅមាត់មួយថា បើស្រ្តី និងកូនប្រុសរបស់ស្រ្តីនោះ មិនមានចេតនាសម្លាប់ជនរងគ្រោះទេ ហេតុអ្វីបានជា ក្រោយហេតុការណ៍ភ្លាម កូនប្រុសរបស់ស្ត្រីមេខ្លោងនោះរត់គេចខ្លួនមួយរយៈ ធ្វើអ្វី? ពិសេសទៅទៀតនោះ បើមិន មានកំហុសក្នុងការសម្លាប់គេ ហេតុអ្វីចាំបាច់ស្ត្រីមេខ្លោងជនល្មើស បញ្ជូនមនុស្សឲ្យមកចរចាជាមួយ គ្រួសារជន រងគ្រោះដើម្បីបញ្ចប់រឿង ក្នុងនោះជនល្មើសព្រមសងជំងឺចិត្តដោយមិនឲ្យជនរងគ្រោះប្តឹងផ្នែកព្រហ្មទណ្ឌ (មិន ជាប់គុក) ប៉ុន្តែខាងគ្រួសារជនរងគ្រោះមិនព្រម។ ដោយគ្រួសារជនរងគ្រោះមិនព្រមនេះហើយ ទើបជនល្មើស ដើរនិយាយប៉ប៉ាច់ប៉ប៉ោចតាមទីប្រជុំជន តាមផ្សារ តាមភូមិថា សុខចិត្តឲ្យលុយមន្ត្រីតុលាការចាយ ជាជាងឲ្យ ជនរងគ្រោះ ចង់ប្តឹងដល់ណាក៏បានដែរ? នៅពេលឮពាក្យចចាមអារ៉ាមថា តុលាការចេញដីកាចាប់ខ្លួន ហេតុអ្វី បានជាអ្នកអារកជនរងគ្រោះដែលជាកូនប្រុសរបស់ស្ត្រីមេខ្លោងនោះរត់គេចខ្លួនទៅកម្ពុជាក្រោមធ្វើអ្វី? លើសពី នេះទៀត អ្នកស្រុកបាននិយាយដោយវិភាគថា កាំបិតក្វាង និងចបជីក ពិតជារបស់ក្រុមជនល្មើស ពីព្រោះពួកគេ ជាអ្នកដើរត្បាតមើលស្រែរបស់ខ្លួន និងមានចេតនាទៅលើកដាយ ហើយជាក់ស្តែងពួកគេបានទៅ លើកដាយ របស់ជនរងគ្រោះចេញពីទឹកប្រឡាយពិតប្រាកដមែន។ ដូច្នេះ ពួកគេត្រូវប្រុងប្រយ័ត្នជាមុន ដោយយកដំបង ចបជីក និងកាំបិតជាដើមទៅជាមួយដើម្បីការពារខ្លួន ឬដើម្បីប៉ងសម្លាប់មនុស្សតែម្តង ពីព្រោះពួកគេដឹងថា ខ្លួនជាគូទំនាស់ ជាមួយជនរងគ្រោះជាច្រើនករណី។

អ្នកភូមិ បាននាំគ្នានិយាយលួងលោមជនរងគ្រោះថា កុំអាលអស់សង្ឃឹម ពីព្រោះការកាត់ក្តីមិនទាន់មកដល់ នៅឡើយទេ ហើយពួកគេជឿជាក់ថា តុលាការខេត្តស្វាយរៀងមិនធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងទឹកដីខេត្តនេះ ក៏ដូច អ្នកស្រឡាញ់យុត្តិធម៌ទាំងអស់ អស់សង្ឃឹមដូចករណីកំពុងពេញនិយម គឺអតីតអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិ ឡើយ ពិសេសជឿជាក់ថា យុត្តិធម៌នៅជិតបង្កើយដូចជើងមុង មិនឆ្ងាយដូចជើងមេឃនោះទេ។ ជាចុង ក្រោយ អ្នកស្រុកអ្នកភូមិនិយាយផ្តាំផ្ញើបែបចំអកថា មនុស្សនៅក្នុងគណបក្សប្រជាជនកម្ពុជា ដែលស្រឡាញ់ យុត្តិធម៌ ចង់រកមុខមន្រ្តីរបស់ខ្លួនបម្រើការងារក្នុងប្រព័ន្ធយុត្តិធម៌ ធ្វើឲ្យសន្លឹកឆ្នោតធ្លាក់ចុះ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កន្លងមកថ្មីៗនេះ និងអាចគ្រោះថ្នាក់ទៅអនាគតទៀតនោះ គឺមើលតែមន្ត្រី តុលាការណាដែលកាត់ក្តីធ្វើឲ្យជនរងគ្រោះ ពិសេសអ្នកក្រីក្រ គ្មានអំណាចឈឺចាប់ទៅ នឹងស្គាល់មុខមន្ត្រី នោះហើយ។

ជនរងគ្រោះឈ្មោះ កឹម ថន អាយុ៦១ឆ្នាំ ជាកសិករក្រីក្រ ធ្លាប់បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ស្ត្រី ឈ្មោះ ទេព វណ្ណី បានបញ្ជាឲ្យកូនប្រុសរបស់ខ្លួនអារករូបលោកបំរុងសម្លាប់ចោល «ឥឡូវនេះ ទោះបីខ្ញុំចេញពី ពេទ្យ ហើយទៅដេកនៅខ្ទមចាំស្រែក៏ដោយ ក៏មិនមែនបានន័យថា ខ្ញុំមិនខ្លាចនោះទេ គឺខ្ញុំខ្លាចពួកគេមកធ្វើបាប ខ្ញុំទៀត តែបើខ្ញុំមិនមកយាម គ្មានកូនចៅណាគេហ៊ានមកទេ គ្រាន់តែខ្ញុំប្រយ័ត្នជាងមុន និងហៅបងប្អូន កូនចៅ ខ្លះទៅដេកជាមួយ»។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ វេលា ម៉ោង ៩ ព្រឹក ជនរងគ្រោះ បានដើរទៅស្រែ ហើយក៏បានឃើញកម្មករ៣នាក់ និងកូនប្រុសរបស់ជនល្មើស ទេព វណ្ណី ឈ្មោះ ឡុង ដែលជនទាំងបួននាក់នេះ បានលើកយកដាយរបស់ជនរងគ្រោះ ពេល នោះជនរងគ្រោះ បាន ស្រែកថា «នែ!ពួកឯងយកដាយអញទៅណាហើយ» ខណៈនោះ ឈ្មោះ ទេព វណ្ណី បានស្រែកថា «ហែង! នៅអី ទៀត ចាត់ការវាទៅ»។ ពេលនោះ កម្មករ៣នាក់ និងកូនប្រុសរបស់ស្រ្តីនេះ បានមកចាប់ក្រៀក ក រុញផ្តួល រួច ឈ្មោះ ឡុង បានយកកាំបិតខ្វាងមកអារ ក ជនរងគ្រោះតែម្តង ហើយស្រ្តីជាមេក្លោងបានស្រែកថា «យកវាទៅផ្ទះ យើងកាត់ ក ផឹកឈាមវាតែម្តង»។ ឮសម្រែកបញ្ជាដូចនេះ កម្មករទាំង៣នាក់ បានចាប់ជនរងគ្រោះ ក្រៀក ក ទៅផ្ទះរបស់ ទេព វណ្ណី ហើយឈ្មោះ ឡុង និង វណ្ណី បានដើរពីក្រោយកាន់កាំបិតខ្វាង ខណៈនោះ ជនរងគ្រោះ បានស្រែកថា «លែងខ្ញុំ!» ជនល្មើសមិនបានលែងទេ បណ្ដើរជនរងគ្រោះបានប្រហែល ២០០ម៉ែត្រ ជនរងគ្រោះ ស្រែក ថា «លែង» ប៉ុន្តែជនល្មើស នៅតែមិនព្រម លែងទៀត។ នៅពេលនោះ ជនរងគ្រោះឃើញឈាមហូរជោគ ខ្លួន ទើបជនរងគ្រោះ រកទូរស័ព្ទរបស់ខ្លួន រួចទូរស័ព្ទហៅឲ្យគេជួយ «គេ អារ ក ខ្ញុំ សម្លាប់ខ្ញុំហើយ បងប្អូនអើយ ជួយខ្ញុំផង»។ ពេលនោះ ជនរងគ្រោះ បានឮឈ្មោះ ឡូក ជួយស្រែកតាមទូរស័ព្ទថា «កុំទៅផ្ទះគេ»។ កម្មករទាំង ៣នាក់ ជាជនល្មើសបានក្រៀកជនរងគ្រោះជាប់ តែជនរងគ្រោះខំរើរួច ហើយក៏រត់រួចទាំងឈាមហូរដាបខ្លួន។

សូមជម្រាបថា ដំណើររឿងរ៉ាវដែលនាំឲ្យមានគំនុំគ្នា រហូតកើតជាករណីប៉ងសម្លាប់នេះ គឺកើតចេញពី ទំនាស់ បញ្ហាទឹកប្រឡាយ និងដីធ្លី ដែលមានដំណើររឿងដូចតទៅ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៤ ជនរងគ្រោះ កឹម ថន និងភរិយា ជាជនក្រីក្ររស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានអនុញ្ញាត ឲ្យ ឈ្មោះ ប្រាក់ កុសល់ ដែលមានប្រពន្ធឈ្មោះ ទេព វណ្ណី (ជនល្មើស) នូវទំហំដីស្រែ បណ្តោយ ៤០ម៉ែត្រ និងទទឹង ១០ម៉ែត្រ ជីកប្រឡាយនាំទឹក ត ចេញពីទន្លេយ៉ាផូង មកធ្វើស្រែប្រាំង នៅចំណុច ឡាំពែរួមគ្នា។ ប៉ុន្តែចំពោះទឹក ប្រើប្រាស់ ក្នុងកិច្ចសន្យានោះ លោក កឹម ថន (ជនរងគ្រោះ) ជាម្ចាស់ដី មានសិទ្ធិប្រើ រហូត ដោយគ្មានកំណត់។ ក្រោយមកភាគីលោក ប្រាក់ កុសល បានកំណត់ឲ្យលោក កឹម ថន ប្រើទឹកធ្វើស្រែប្រាំងមានកំណត់ចំនួនហិចតា លើសពីនេះ លោក ប្រាក់ កុសល យកលុយ។ ពេលនោះ លោក កឹម ថន ក៏កើតជាកំហឹង ក៏ហាមមិនឲ្យលោក ប្រាក់ កុសល ប្រើទឹកប្រឡាយនោះឡើយ ទើបនាំឲ្យកើតមានជាកំហឹងប៉ងធ្វើឃាដអារ ក ជនរងគ្រោះនេះ។ ក្រៅពីទំនាស់ រឿងប្រើប្រាស់ ទឹកប្រឡាយនេះ អ្នកភូមិជាច្រើន បានឲ្យដឹងថា លោក ប្រាក់ កុសល នេះ បានក្លែង ឯកសារយកដីប្រឡាយរបស់រដ្ឋ និងដីស្រែ របស់ប្រជាពេលរដ្ឋមួយចំនួនទៀត ដែលឃុបឃិតគ្នាជាមួយ មន្ត្រី អាជ្ញាធរមួយចំនួន និងបច្ចុប្បន្ន អាងស្គាល់អ្នកធំ មានអំណាច នៅខេត្តស្វាយរៀង ព្រមទាំងអាងមានលុយកាក់ ទៀតផង។ ទំនាស់ដីធ្លីក្នុងករណីផ្សេងទៀត ដែលមានជនរងគ្រោះជាច្រើននាក់នោះ ជនរងគ្រោះ កឹម ថន ជា បង្គោលក្នុងការចេញមុខតតាំងជាងគេជាមួយលោក ប្រាក់ កុសល ជាប្តី របស់ស្រ្តីមេខ្លោងជនល្មើស ទេព វណ្ណី៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]