យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា គំនូរមួយផ្ទាំង ដែលគូរដោយវិចិត្រករ ជនជាតិអង់គ្លេស លោក Francis Bacon បានដាក់លក់ដេញថ្លៃ បានតម្លៃ ១៤២លានដុល្លារអាមេរិក កាលពីថ្ងៃអង្គារ៏ ទី១២ ខែវិច្ឆិកា ម្សិលមិញនេះ និងបានបំបែកកំណត់ត្រាពិភពលោកថ្មី “គំនូរថ្លៃបំផុតលើពិភពលោក” ផងដែរ។

គំនូរមួយផ្ទាំងនោះ មានឈ្មោះថា "Three Studies of Lucian Freud" ត្រូវបានលក់ចេញ បន្ទាប់ពីការដេញថ្លៃ បានប្រព្រឹត្តទៅរយៈពេល ៦នាទី នៅក្នុងបន្ទប់នៃក្រុមហ៊ុន Christie’s ស្ថិតក្នុងទីក្រុង New York នៃសហរដ្ឋអាមេរិក នេះបើយោងតាមអ្នកនាំពាក្យម្នាក់ ដែលមានឈ្មោះថា Elizabeth Van Bergen។

គួរបញ្ជាក់ផងដែរថា គំនូរ "Three Studies of Lucian Freud" បានគូរនៅក្នុងឆ្នាំ១៩៦៩ ហើយវាត្រូវបានគេស្គាល់ថា ជាគំនូរមួយដ៏ល្អបំផុត របស់លោក Bacon ដែលគំនូរនោះ គឺជារូបរបស់លោក Lucian Freud ជាងគំនូរជនជាតិអាឡឺម៉ង់ម្នាក់។

ទោះជាយ៉ាងណា កំណត់ត្រាពិភពលោកចាស់ គឺជាស្នាដៃរបស់ជាងគំនូរ ជនជាតិន័រវេ គឺលោក Edvard Munch ដែលគំនូររបស់លោក មានឈ្មោះថា " The Scream " គូរនៅក្នុងឆ្នាំ១៨៩៥។ វាត្រូវបានលក់ ក្នុងតម្លៃជាង ១១៩លានដុល្លារ កាលពីឆ្នាំ២០១២ កន្លងទៅនេះ នៅឯក្រុមហ៊ុន Sotheby ស្ថិតក្នុងទីក្រុង New York នៃសហរដ្ឋអាមេរិក។

យ៉ាងណាមិញ លោក Francis Bacon ក៏ធ្លាប់បានបំបែកកំណត់ត្រាពិភពលោកម្តងរួចមកហើយដែរ ដោយការលក់គំនូរ ដែលគូរនៅក្នុងឆ្នាំ១៩៧៦ របស់លោក ក្នុងតម្លៃ ៨៦លានដុល្លារអាមេរិក កាលពីឆ្នាំ២០០៨ នៅឯក្រុមហ៊ុន Sotheby ស្ថិតក្នុងទីក្រុង New York នៃសហរដ្ឋអាមេរិក៕

គំនូរ "Three Studies of Lucian Freud" របស់លោក Francis Bacon

ប្រភព ៖ CNN

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]