រាជធានីភ្នំពេញ ៖ ជំងឺដុះសាច់ក្នុងខួរក្បាលរបស់តារា ជាប់តំណែងខាងកាចឆ្នាសឆ្នើម ស្វែង សុជាតា ដែលបានប្រាប់មហាជន កាលពីពេលកន្លងមកថា ប្រញាប់ឡើងយន្តហោះចេញទៅ ព្យាបាលនៅប្រទេសថៃនោះ មកទល់ពេលនេះនៅមិនទាន់ ស្រឡះ១០០%នៅឡើយ ។ នាងបញ្ជាក់ថា ជំងឺដុះសាច់ក្នុងខួរក្បាលរបស់នាងនៅមិនទាន់ជាដាច់ទេ ហើយត្រូវទៅបន្តការព្យាបាលប៉ុន្មានលើកទៀត ។

ថ្វីដ្បិតតែនៅតាមកញ្ចក់ទូរទស្សន៍ ពេលសម្តែង ច្រៀង រាំ អ្នកនាងស្វែង សុជាតា បញ្ចេញស្នាមញញឹម ប៉ុន្តែក្នុងអារម្មណ៍នាងវិញមិនស្រឡះទេ ដ្បិតតែជំងឺនោះ ។ អ្នកសិល្បៈមួយចំនួននិយាយថា នាងស្វែង សុជាតា គួរឱ្យអាណិតណាស់ ព្រោះដើម្បីប្រឆាំងនឹងជំងឺកាចសាហាវនោះ ត្រូវប្រឹងបញ្ចេញភាពរីករាយជា ប្រចាំមិនអាចកើតទុក្ខ នាំឱ្យជំងឺទាញទម្លាក់សុខភាពឱ្យកាន់តែដុនដាបឡើយ ។ ជានិច្ចកាល អ្នកនាងស្វែង សុជាតា តែងតែនិយាយលេងសើចជាមួយមិត្តរួមអាជីព ហើយមានតែសិល្បៈនេះហើយដែលជួយ បន្លប់ឱ្យនាងសប្បាយរីករាយបានមួយចំណែក ។

ក្រៅពីសម្តែងប្រជែងយកពានតារាឆ្នើមប្រចំាទូរទស្សន៍ប៉ុស្តិ៍អប្សរា តារាឆ្នាសឆ្នើមរូបនេះចូលលេង ក្នុងកម្មវិធីហ្គេមកម្សាន្ត តាមទូរទស្សន៍មួយចំនួនទៀត ដើម្បីឱ្យរំសាយភាពសោកសៅ ។ ទាំងអស់នោះ អាចជាវិធីសាស្ត្រមួយ ជួយឱ្យជំងឺនៅនឹង ឬអាចឱ្យប្រែក្លាយជាប្រសើរឡើង ខណៈមើលទៅរូបរាងរបស់នាងសុជាតា កាន់តែចុះស្គមជាលំដាប់នោះ ។

អ្នកនាងសុជាតា ដែលបានទៅជួបគ្រូពេទ្យ រហូតដល់ប្រទេសថៃនោះ បានប្រាប់កាលពីពេល ថ្មីៗនេះថា ជំងឺរបស់នាងមិនទាន់ស្បើយទេ គឺត្រូវឱ្យគ្រូពេទ្យពិនិត្យតាមដានបន្តទៀត ដោយមិនទាន់ហ៊ានសន្និដ្ឋានថា ប៉ុន្មានលើកទៀតទេ ដែលត្រូវតែព្យាបាលឱ្យជានោះ ។ បើទោះជាទទួលដំណឹងពីគ្រូពេទ្យបែបនេះក្តី នាងមិនតក់ស្លុតទេ ហើយពង្រឹងគោលជំហរបន្តទៀត ដើម្បីទប់ទល់នឹងជំងឺកាចសាហាវនេះ ដោយសារតែនាងយល់ថា បើផ្តេកផ្តួលបណ្តែតបណ្តោយ ឬនឹកតូចចិត្តអាណិតខ្លួន ច្បាស់ជាបាក់ស្មារតី ដេកក៏មិនបានបាយក៏មិនបាន ។ ពេលធ្លាក់ក្នុងសភាពនេះ ច្បាស់ជាប៉ះពាល់ការងាររកលុយចិញ្ចឹមជីវិតមិនខាន ។

តារាដែលប្រឹងជម្នះនឹង ជំងឺដែលអ្នកទូទៅមិនចង់ឱ្យកើតមាននេះ ប្រាប់ថានាងនៅមានកម្លាំងអាច សម្តែងបានគ្រប់កន្លែង និងអាចទៅជួបគ្រូពេទ្យនៅឆ្ងាយបាន នៅតែខាតបង់លុយកាក់ពីអាជីពសិល្បៈមួយចំនួនទៅហើយ ទម្រាំតែដេកដួលនៅលើគ្រែទៀតនោះច្បាស់ជាបាត់ឱកាសការងារទាំងស្រុងហើយ ។ ពេលឈឺរយៈពេល១ខែកន្លងទៅនេះ នាងច្រានចោលការថតភាពយន្ត៥ទៅ៦រឿង។ នាងបានសុំការអធ្យាស្រ័យពីបណ្តាផលិតកម្មទាំងនោះ ដើម្បីទុកពេលវេលាទៅព្យាបាលជំងឺដុះសាច់ក្នុងខួរក្បាល បន្តទៀត ។ នាងស្វែង សុជាតា និយាយថា «គ្រូពេទ្យថា ទាល់តែទៅជួបឱ្យបានញឹកញាប់ ហើយបើខ្ញុំទទួលថតពេលមានបញ្ហានោះ អ្នកដែលទទួលយើងច្បាស់ជាកកស្ទះ ទើបនាងខ្ញុំទម្លាក់ចោលតែម្តង ចាំស្បើយពីជំងឺ នាងខ្ញុំនឹងចេញមុខសម្តែងឡើងវិញ ព្រោះការសម្តែងនាងខ្ញុំនៅតែពេញចិត្តមិនទាន់ចង់លាឈប់ទេ ដោយសារតែមានបងប្អូនជាអ្នកគាំទ្រជួយលើកកម្លាំងចិត្ត ទើបនាងខ្ញុំខំព្យាបាលឱ្យជា ឆាប់ៗ អាចនឹងជួបទស្សនិកជនវិញ» ។ អ្នកគាំទ្រសង្ឃឹមថា ស្វែង សុជាតា នឹងស្រាកស្បើយពីជំងឺដើម្បីចូលរួមសម្តែងបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជនវិញ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]