បាត់ដំបង៖ អភិបាល ខេត្តបន្ទាយមានជ័យ លោក ទ្រី ណារិន បានស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង ជិត៥ទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ខណៈលោក និងអ្នកបើករថយន្តកំពុងធ្វើ ដំណើរមករាជធានីភ្នំពេញ ដើម្បីបំពេញការងារ ។

មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ ប៉ោ វណ្ណៈ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា នៅវេលាម៉ោងកើតហេតុ ខាងលើនេះ លោក ទ្រី ណារិន រួមជាមួយអ្នកបើក រថយន្តរបស់លោក បានធ្វើដំណើរចេញពី ខេត្តបន្ទាយមានជ័យ ទៅរាជធានីភ្នំពេញ ដើម្បីបំពេញការងារ លុះធ្វើដំណើរដល់ ស្រុកមោងឫស្សី ក្នុងភូមិមោងឫស្សី ស្រាប់តែជួប គ្រោះថ្នាក់ចរាចរណ៍ បុករថយន្តធំពីក្រោយ ។

បើតាមលោក ប៉ោ វណ្ណៈ មុនពេលកើតហេតុ អ្នកបើកបរ បានប្រជែងរថយន្តធំ មួយគ្រឿង ដែលមិនស្គាល់ម៉ាកច្បាស់ តែប្រជែងមិនផុត ដោយចាំងភ្លើង មកពីខាងមុខ រួចហើយបានកាច់ចង្កូត ចូលមកវិញ បណ្តាលឲ្យបុក រថយន្តធំពីក្រោយ ធ្វើឲ្យលោក ទ្រី ណារិន ស្លាប់ភ្លាមៗ តែម្តង ខណៈអ្នកបើករថយន្ត របស់លោក បានរួចផុតពីគ្រោះថ្នាក់ ចរាចរណ៍នេះ។ ក្រោយកើតហេតុ រថយន្តធំ បានបើកទៅបាត់ ខណៈរថយន្តរបស់លោកអភិបាលខេត្ត ទ្រី ណារិន រងនូវការខូតខាតស្ទើតែ ទាំងស្រុង។

 បច្ចប្បន្ន សពលោកទ្រី ណារិន ត្រូវបានសមត្ថកិច្ច រៀបចំចាត់ចែងប្រគល់ឲ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី យ៉ាងអាឡោះអាល័យជាទីបំផុត៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]