ភ្នំពេញ ៖ ដោយសារតែការធ្វេស ប្រហែស របស់មន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកប្រា ខណ្ឌមានជ័យ បានធ្វើឱ្យជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងសកម្មភាព ឡើងលួចទ្រព្យ សម្បត្ដិប្រជាពលរដ្ឋ ហើយត្រូវចាប់ខ្លួនយក មកឃុំ នៅប៉ុស្ដិ៍នគរបាលព្រែកប្រាដកកាំ ភ្លើងរបស់មន្ដ្រីនគរបាល ពីថតតុ រួចហើយ បាញ់ចំក្បាលសម្លាប់ខ្លួនឯងនៅក្នុងប៉ុស្ដិ៍ ព្រែកប្រា បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង កាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ។

យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុបានឱ្យដឹងថា ជនសង្ស័យ ឃឹម រ៉ា អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិ អង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្ដព្រៃ វែង និងបច្ចុប្បន្នធ្វើជាកម្មករសំណង់នៅម្ដុំ បឹងត្របែក ។

ជនសង្ស័យរូបនេះ ក្រៅពីធ្វើការសំណង់ បានបែកគំនិតឡើងលួចទ្រព្យសម្បត្ដិរបស់ ប្រជាពលរដ្ឋ ហើយត្រូវបានប្រជាការពារ ភូមិ ចាប់ខ្លួនកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង ៨យប់ រួចហើយ ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន យកទៅឃុំខ្លួន បណ្ដោះអាសន្ននៅប៉ុស្ដិ៍ព្រែកប្រា។ លុះព្រឹក ឡើងនៅវេលាម៉ោង ៩ និង៣០ នាទី នាយ រងប៉ុស្ដិ៍ព្រែកប្រា លោក ជុន សុទិវា បានទុក កាំភ្លើងនៅក្នុងថតតុរួចហើយ ដើរទៅទិញ បាយនៅខាងក្រៅ ហូបទុកឱ្យជនសង្ស័យ នៅតែម្នាក់ឯង ពេលនោះឆ្លៀតឱកាសទៅ ដកកាំភ្លើងចេញ ពីថតតុបាញ់ចំក្បាលស្លាប់ ភ្លាមៗមួយរំពេច ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ជំនាញរបស់ខណ្ឌ និងស្នងការបានទៅ ឥពិនិត្យ កោសល្យវិច្ចយនៅកន្លែងកើតហេតុ ដោយ ឡែកមន្ដ្រីនគរបាល ជាម្ចាស់កាំភ្លើងមិន ដឹងថា ទទួលរងទោសពីថ្នាក់ដឹកនាំយ៉ាងណា នោះទេ ចំពោះការធ្វេសប្រហែសបែបនេះ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]