-តំណាងសមាគម នៅក្នុងភូមិ អំពាវ នាវសុំសម្ដេចតេជោ អន្ដរាគមន៍

កំពង់ធំ ៖ សមាគមចម្លាក់កូនខ្មែរ ដែល កើតឡើងចេញ ពីប្រជាពលរដ្ឋ នៅក្នុងភូមិ បានរួមសហការគ្នា និងបង់វិភាគទានចូល ដើម្បីរកស៊ីធ្វើ ចម្លាក់រូប ព្រះ រូបបដិមាករ និងរូបចម្លាក់ផ្សេងទៀត ចេញពីថ្មភក់ បាន ស្រែកអំពាវនាវឱ្យមានការជួយអន្ដរាគមន៍ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី នៃកម្ពុជា និងមន្ដ្រីពាក់ ព័ន្ធផ្សេង ទៀត ជាពិសេសក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល ក្រោយពីសមាគម របស់ពួក គេបាន រងនូវការគំរាមកំហែង និងរារាំង ក្នុងមុខរបរ រកស៊ី មិនអាចដំណើរការទៅមុខបានទៀត។

តំណាងសមាគម ចម្លាក់កូនខ្មែរ ដែល មានទីតាំងស្ថិតនៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្ដកំពង់ធំ អ្នកស្រី ពុំ ម៉ៅ អាយុ៤២ឆ្នាំ បាននិយាយថា មានមន្ដ្រីជាន់ខ្ពស់ម្នាក់ នៅក្រសួងមហាផ្ទៃំ ឈ្មោះ សួស អង្គារ៍បានរារាំងមុខ របររបស់សមាគម មិនឱ្យមានការដឹកជញ្ជូន ថ្មភក់ និងដឹកជញ្ជូនរូបចម្លាក់យកទៅលក់ ទៅឱ្យអ្នកផ្សេង ដោយរំលោភ លើអាជ្ញាប័ណ្ណ ដែលសមាគម បានទទួលស្គាល់ពីសំណាក់ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ចាប់តាំងពីការ បង្កើតសមាគមមកនោះ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ អ្នកស្រី ពុំ ម៉ៅ បានរំលឹកថា សមាគមចម្លាក់កូនខ្មែរ ដែលកើត ចេញពីការ ប្រមូលម្ដុំគ្នានិងចូលវិភាគទាន របស់ ប្រជាពលរដ្ឋ នៅក្នុងភូមិមួយចំនួន តាំងពីឆ្នាំ២០០០ មកម្ល៉េះ រហូតដល់ទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវ ចេញពីក្រសួង ឧស្សាហកម្មរ៉ែ និងថាមពល ដោយអនុញ្ញាតឱ្យសមាគមធ្វើអាជីវកម្ម ចម្លាក់រូបព្រះ រូបបដិមាករ ចេញពីថ្មភក់ ដែលទៅទិញនៅខេត្ដព្រះវិហារ ក្នុងស្រុក ត្បែងមានជ័យ និងនៅភ្នំសន្ទុក ខេត្ដកំពង់ធំ។

អ្នកស្រីបានបន្ដថា ចាប់តាំងពីសមាគម ដំណើរការ រហូតមកដល់ចុងឆ្នាំ២០១២ ពោល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ ស្រាប់តែមានមន្ដ្រីនគរបាលជាន់ខ្ពស់ ក្រសួង មហាផ្ទៃមួយរូប ទៅរំខានការរក ស៊ីនិង ដំណើរការការងាររបស់សមាគម ដោយហាមឃាត់ខ្លួនមិនឱ្យដឹក ជញ្ជូនថ្មភក់ និងធ្វើចម្លាក់យកទៅលក់ និង ឆែកចាយ សម្រាប់អ្នកដែលចង់ទិញនោះ ។

អ្នកស្រីបន្ដទៀតថា មន្ដ្រីនគរបាលជាន់ ខ្ពស់រូបនេះ ចង់ឱ្យសមាគមចម្លាក់កូនខ្មែរ ស្ថិតក្រោមការគ្រប់គ្រង របស់ខ្លួន ពោលត្រូវ មានការអនុញ្ញាតពីខ្លួន ទើបអាច ដំណើរ ការ ទៅមុខបាន ទាំងការដឹកជញ្ជូនថ្មភក់និង ធ្វើ ចម្លាក់ ។ ក្រោយពីមានការសម្របសម្រួល និងចរចាគ្មានប្រសិទ្ធភាព ទើបសមាគមដែល កើតចេញ ពីការប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋ ខាងលើនេះ មានតែអំពាវនាវ សុំសម្ដេច តេជោ ហ៊ុន សែន និងថ្នាក់ ដឹកនាំ ក្រសួង ឧស្សាហកម្មរ៉ែ និងថាមពល ជួយពិនិត្យ មើលផង មិនគួរណាមករារាំងដំណើរការ របស់ សមាគម នៅពេលដែលមានអាជ្ញា ប័ណ្ណត្រឹមត្រូវហើយនោះ ។

អ្នកស្រីពុំ ម៉ៅ បាននិយាយទៀតថា ពេលខ្លះមន្ដ្រីនគរបាលជាន់ខ្ពស់រូបនេះ បាន ឱ្យអ្នកស្រី និងសមាគម គាស់យកថ្មភក់ ប៉ុន្ដែ នៅពេលដែល គាស់បាន គឺរូបគេបាន រារាំង មិនឱ្យដឹកជញ្ជូនទៅវិញ ហើយលក់ក្នុង តម្លៃ ថ្លៃឡើងទ្វេដង មកឱ្យសមាគមដែលធ្វើឱ្យ គ្មានលទ្ធភាព យកទៅចម្លាក់ ។

តំណាងសមាគមរូបនេះ បានបញ្ជាក់ ទៀតថា សមាគមបានឆ្លាក់រូបជាច្រើនហើយ ត្រូវបានរាជរដ្ឋាភិបាល តាមរយៈក្រសួង និងអាជ្ញាធរខេត្ដពាក់ព័ន្ធទិញ បន្ដដូចជា នៅស្ពាននាគវត្ដភ្នំ យាយពេញ ជាដើម ដែលធ្វើ ឱ្យ ជីវភាពរបស់ពួកគាត់ មានការ កើនឡើងមួយកម្រិត ដែលបានមកពីចំណូលរបស់សមាគម ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]