ភ្នំពេញៈ កន្លងមកធ្លាប់មាន ពាក្យចចាមអារ៉ាម និងមានសារព័ត៌មាន ក្នុងស្រុកជាច្រើន បានចុះផ្សាយ បន្តបន្ទាប់ថា ពិធីការិនីសំដីផ្អែម មានឥទ្ធិពល ប្រចាំស្ថានីយទូរទស្សន៍ បាយ័ន អ្នកនាង ស៊ឹម សូលីកា ធ្លាក់កូដមិនសូវសម្ញែង ភាពហ៊ឺហារ ដូចមុនឡើយ ក្រោយពីផ្ទុះរឿងរ៉ាវ នាងបែកបាក់ស្នេហា ជាមួយនឹង លោក ទិត្យ ថាវរិទ្ធ អគ្គនាយករងវិទ្យុ និងទូរទស្សន៍បានយ័ន ហើយក៏ត្រូវបានគេប្រម៉ាញ់ ចុះផ្សាយជាហូរហែ។ ប៉ុន្តែពាក់ព័ន្ធនឹង ការលើកឡើងនេះ នាងមិនដែល ចេញមុខ បកស្រាយច្រាន ចោល ព័ត៌មាននោះ ម្តងណាឡើយ ។

បន្ទាប់ពីមានព័ត៌មាន កើតចេញពី មាត់ចាបមាត់ព្រាប ថា ពិធីការិនី ស៊ឹម សូលីកា ធ្លាក់កូដ និងអស់ឥទ្ធិពល នៅកន្លែងធ្វើការ មិនសូវមានភាពហ៊ឺហារ រស់នៅក្នុងជីវភាព ស៊ីវិល័យនោះមក គេក៏មិនសូវឃើញ វត្តមានតារាស្រីរូបនេះ បង្ហាញមុខមាត់នៅក្នុងវិថីសិល្បៈ ឬក៏កម្មវិធីជប់លៀង របស់អ្នកសិល្បៈទេ រហូតធ្វើឲ្យមិត្ត នៅក្នុងសិល្បៈមួយចំនួន ដាក់រហ័ស្សនាម ឲ្យនាងថា ជាតារាស្រីវាយ ឫកថែមទៀតផង ។

ដោយឡែកថ្មីៗនេះ ពិធីការិនីប្រចាំកម្មវិធី “តន្ត្រីស្រុកស្រែ” អ្នកនាង ស៊ឹម សូលីកា បែរជាសម្ញែង ការរៀបចំកម្មវិធី ខួបកំណើតកូនស្រី បណ្តូលចិត្ត របស់នាង ដោយតាមប្រភព ក្រៅផ្លូវ ការបង្ហើបឲ្យដឹងថា គ្រាន់តែជាកម្មវិធីធម្មតាៗ ជួបជុំគ្រួសារ ញុំាអីតែប៉ុណ្ណោះ។ តែកម្មវិធីតូចនោះ បើគិតទាំងចំណាយ រៀបចំកម្មវិធី និងកាដូ ដែលនាងឲ្យកូនស្រី ក្នុងថ្ងៃនោះ គិតទៅក៏ជិតខ្ទង់ ពាន់ដុល្លារដែរ ។

តាមរយៈរូបថត ជាច្រើនសន្លឹក ដែល ស៊ឹម សូលីកា បានបង្ហាញក្នុង ហ្វេសប៊ុក ហើយត្រូវមិត្តភក្តិ Share បន្តគ្នា គឺគេសង្កេតឃើញថា កម្មវិធីខួបកំណើតនេះ ធ្វើឲ្យកូនស្រី របស់នាង ឈ្មោះ ស្រីណុច គម្រប់អាយុ ១៣ឆ្នាំ ហើយអ្នកម្ដាយ ស៊ឹម សូលីកា បានជូនកាដូជាទូរស័ព្ទថ្មី សន្លាងមួយគ្រឿងម៉ាក iPhone 5s ដល់កូនស្រីជាទីស្រឡាញ់ របស់ខ្លួនទៀតផង។

ជាការពិត កន្លងមក អ្នកនាង ស៊ឹម សូលីកា មិនដែលបង្ហាញកម្មវិធី ជប់លៀងអ្វីមួយ ជាសាធារណៈនោះទេ ព្រោះតែនាងមិនចង់ បើកចំហរពីជីវិត ឯកជនឲ្យក្រសែភ្នែក មហាជនរាប់រយសម្លឹង មើលនាងនោះទេ។ ប៉ុន្តែពេលនេះខុសប្លែកពីមុន ដោយសារនាងចង់បង្ហាញ រូបភាពទាំងអស់នេះ លាងជម្រះព័ត៌មាន មិនល្អដែលកើតឡើង លើនាង ។

ស៊ឹម សូលីកា ក៏មិនចង់ឲ្យគេនិយាយ តៗគ្នាថា នាងជាតារាធ្លាក់កូដ រស់នៅមិនស៊ីវិល័យហ៊ឺហារនោះទេ ហើយនាងសង្ឃឹមថា ព័ត៌មានដែលធ្លាប់ បោកបក់ លើនាង កន្លងមក ត្រូវជម្រះចេញឲ្យអស់។ ម្យ៉ាងទៀត មូលហេតុនាងមិនសូវបង្ហាញមុខ ក្នុងកម្មវិធីអ្នកសិល្បៈផ្សេងៗ ឬក៏មិនសូវមានកម្មវិធី ជប់លៀងនោះ មិនមែនមានន័យថា នាងគ្មានសមត្ថភាព ឬក៏គ្មានពេលវេលាធ្វើនោះទេ គ្រាន់តែនាងជាតារាម្នាក់ដែល ចូលចិត្តរស់នៅ ក្នុងជីវិតធម្មតាតែប៉ុណ្ណោះ ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា