ភ្នំពេញ ៖ បុកគ្គលិករបស់ក្រុមហ៊ុន សារុំត្រេឌីង ម្នាក់ ត្រូវប៉ាណូរបស់ហ្គារ៉ាសសាំង ប្រេងអន្ធនៈរលំកិនស្លាប់ បន្ទាប់ពីបញ្ជូន ទៅដល់មន្ទីរពេទ្យកាល់ម៉ែត បាន ប៉ុន្មានម៉ោង ហេតុការណ៍នេះកើតឡើង កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅបរិវេណ ហ្គារ៉ាសសាំងស៊ូគីម៉ិច ក្បែររង្វង់មូលចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទន់ តារ៉ា ភេទប្រុស អាយុ ៤៣ ឆ្នាំ មានមុខរបរជាបុគ្គលិក របស់ក្រុមហ៊ុនសារុំត្រេឌីង រស់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក សុយស៊ូគីស្មាស់ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៩ ពាក់ ស្លាកលេខ ភ្នំពេញ 1Z-1820 រងការខូចខាតបន្ដិចបន្ដួច ជនរងគ្រោះស្លាប់ នៅមន្ទីរពេទ្យកាល់ម៉ែត វេលាម៉ោង១១យប់ ថ្ងៃកើតហេតុ ។

ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា មុនពេល កើតជនរងគ្រោះ បានចេញពីធ្វើការមកដល់ ហ្គារ៉ាសសាំង ខាងលើក៏ចូលទៅចាក់សាំង បន្ទាប់ពីចាក់សាំង រួចហើយ ក៏ជិះចេញមក ស្របពេលនោះមានខ្យល់បន្ដិច លុះពេលជិះមកដល់ ទន្ទឹមនិងផ្ទាំងប៉ាណូ ដាក់តម្លៃប្រេងសាំងនោះ ក៏រលំមកកិនជនរងគ្រោះ យ៉ាង ពេញទំហឹង បន្ទាប់ពីកើតហេតុជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅគ្លីនិកចោមចៅ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេក ក៏ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត លុះបាន ប៉ុន្មានម៉ោងក្រោយ ជនរងគ្រោះស្លាប់តែម្ដងទៅ រួចក៏ដឹកយកមកធ្វើបុណ្យ នៅលំនៅឋានរបស់ជនរងគ្រោះ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរ ហ្គាសរ៉ាសសាំងនេះ បានឱ្យដឹងថា នេះគឺជាឧប្បត្ដិហេតុមួយ ដែលយើងមិននឹកស្មានដល់ ប៉ុន្ដែក៏ជាការធ្វេស ប្រហែស របស់ម្ចាស់ហ្គារ៉ាសសាំងដែរ ពីព្រោះប៉ាណូផ្សព្វផ្សាយអ្វីមួយ គេធ្វើមានការប្រុងប្រយ័ត្នណាស់ មិនគ្រាន់តែខ្យល់បន្ដិចបន្ដួចរលំ ដោយងាយបែបនេះនោះទេ៕

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]