ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង កាលពីដើមខែមីនា ឆ្នាំ ២០១៣ បណ្តាលឲ្យ រថយន្ត របស់តារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវខូចខាត ទាំងស្រុង ហើយមាន មនុស្សប្រុស ៤នាក់ ស្លាប់ និងរងរបួស ២នាក់។ ក្រោយពីមានគ្រោះថ្នាក់ ដ៏រន្ធត់នោះត្រូវ បានជនរងគ្រោះ ដាក់ពាក្យប្តឹង រថយន្តកុងតឺន័រ ក្រុមហ៊ុន SK ដែលបានបង្កហេតុ ទៅតុលាការខេត្តព្រះសីហនុ ដើម្បីរកយុត្តិធម៌ និងទាមទាសំណងជំងឺចិត្ត ដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត។

ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីខាងជនរងគ្រោះ នៅមិនទាន់ទទួល បានសំណងណាមួយ ពីភាគីខាងក្រុមហ៊ុន នៅឡើយទេ ខណៈ តុលាការ បានចេញដីកា សម្រេចឲ្យ ក្រុមហ៊ុន SK សងសំណងទាំងអស់ ទៅតាមបណ្ដឹង របស់ជនរងគ្រោះ ប៉ុន្តែរហូតមកពេលនេះ សំណងជាទឹកប្រាក់ ដែលតុលាការ បានសម្រេចនោះ គឺមានតែនៅ ក្នុងក្រដាសប៉ុណ្ណោះ ពោលលុយទាំងនោះ មិនទាន់ធ្លាក់មកដល់ដៃ ជនរងគ្រោះ សូម្បីតែមួយកាក់មួយ សេន ឡើយ ។ ផ្ទុយទៅវិញ ខាងក្រុមហ៊ុនដឹកជញ្ជូន Sk បែរជាដាក់ពាក្យ បណ្តឹងប្តឹង បន្តទៅតុលាការ សាលាឧទ្ធរណ៍ បន្ថែមទៀត ។

បើគិតមកដល់ពេលនេះ គឺមានរយៈពេលជាង ៨ខែហើយ ដែលសំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រ របស់ក្រុមតារាចម្រៀង ខេមរៈ សិរីមន្ត ធ្វើឲ្យរថយន្ត របស់លោក ត្រូវខូចខាតទាំងស្រុង ។ បន្ទាប់ពីជួបគ្រោះថ្នាក់ ចរាចរណ៍រួចភាគី ជនរងគ្រោះ ក៏បានដាក់ ពាក្យប្តឹង ទៅតុលាការ ដើម្បីស្វែងរកយុត្តិធម៌ ហើយរហូតមក ដល់ ពេលនេះ ខាងតុលាការ បានកាត់ក្តី ឲ្យភាគី ក្រុមហ៊ុន Sk និងក្រុមហ៊ុន ធានារ៉ាប់រង សងសំណងជំងឺចិត្ត ទៅលើ ជនរងគ្រោះទាំងអស់ ។ ក្នុងនោះភាគីបង្កហេតុ ត្រូវសងជំងឺចិត្ត ឲ្យតារាចម្រៀងល្បីឈ្មោះ លោក សិរីមន្ត ចំនួន ៨៥.០០០ដុល្លារអាមេរិក។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ មេធាវីការពារក្ដី របស់ លោក ខេមរៈ សិរីមន្ត លោក ឡេង លីហួរ បាន ប្រាប់ឲ្យដឹងថា គិតមកដល់ពេលនេះ រឿងក្តីមិនទាន់ បានទទួល សំណងជំងឺចិត្តណាមួយឡើយ ។ បន្ទាប់ពី តុលាការ ចេញដីកាសម្រេច ឲ្យភាគីក្រុមហ៊ុន ខាងលើសង សំណងជំងឺចិត្តនោះ ។ ខាងតុលាការ បានទុកពេល ឲ្យ ភាគីណាមួយ មិនសុខចិត្ត ដាក់បណ្តឹង បន្តទៅឧទ្ធរណ៍ ហើយពេលនេះ ខាងភាគីក្រុមហ៊ុន SK បានដាក់ពាក្យ បណ្តឹងប្តឹង ទៅសាលាឧទ្ធរណ៍បន្ត ។ដោយឡែកខាង ក្រុមហ៊ុនធានារ៉ាប់រង មិនបានដាក់ពាក្យប្តឹងទេ ។ បើគិត មកដល់ពេលនេះ កាលបរិច្ឆេទ នៃការដាក់បណ្តឹងប្តឹង ឧទ្ធរណ៍ក៏បានផុតកំណត់ ហើយដែរ ។

លោកមេធាវី បានប្រាប់ឲ្យដឹងបន្តទៀតថា "បើទោះជាខាងក្រុមហ៊ុន ខាងលើ ដាក់ពាក្យប្តឹងទៅឧទ្ធរណ៍ទៀត ក៏ដោយ ក្នុងនាមខ្ញុំជាមេធាវី ខ្ញុំនឹងខំប្រឹងឲ្យអស់ពី សមត្ថភាពការពារ ផលប្រយោជន៍ជូនកូនក្តី សម្រាប់ភស្តុតាង និងឯកសារខាងខ្ញុំ និងកូនក្តី បានត្រៀមរៀបចំ ទុករួចហើយ។ ម្យ៉ាងបើតាមអ្វី ដែលមានក្នុងដៃនោះ គឺយើងមាន ប្រៀប ជាងស្រាប់ទៅហើយ " ។

បើទោះជាមានការអះអាង ពីលោកមេធាវីយ៉ាងនេះក្តី ក៏លោកមេធាវីបានប្រាប់ឲ្យដឹងថា រហូតមកដល់ ពេលនេះ លោកនៅមិនទាន់ ដឹងច្បាស់ទេ ថា តុលាការ សាលាឧទ្ធរណ៍ កំណត់កាលបរិច្ឆេទ បើកសវនាការ នៅពេលណា ទេ។ បើសិនជាមានព័ត៌មានអ្វីថ្មី និងប្លែកចាំ លោកផ្តល់ព័ត៌មាន នៅពេលក្រោយបន្តទៀត។

គួររំឭកថា កាលពីយប់ថ្ងៃទី៧ ខែមីនា មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង ដោយសារតែ រថយន្ត កុងតឺន័រ មួយគ្រឿងបានក្រឡាប់ធ្លាក់ ប៉ះចំរថយន្ត របស់តារាចម្រៀង ខេមរៈ សិរីមន្ត ដែលកំពុងធ្វើដំណើរ ទៅ សម្តែងនៅក្រុងព្រះសីហនុ ត្រង់ចំណុចភូមិពូធឿង សង្កាត់ព្រៃនប់ ក្រុងព្រះសីហនុ បណ្តាលឲ្យ អ្នករួមដំណើរ ចំនួន៤នាក់បានស្លាប់ភ្លាមៗ ក្នុងនោះ មានកូនប្រុសនាយកុយ និងកូនប្រុសលោកយាយ ណយ សំណាង ផងដែរ ។ ប៉ុន្តែលោក ខេមរៈ សិរីមន្ត មិនបានរងរបួស ធ្ងន់ធ្ងរនោះទេ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]