ភ្នំពេញៈ ទស្សនិកជនប្រាកដជាបានស្គាល់ តារាសម្តែងភេទទី៣ ដែលមានឈ្មោះ ពិតថា លាង សុធា ហៅ កញ្ញា ប៉ុបពី យ៉ាងច្បាស់ ត្រឹមតែជាសំបកក្រៅថា មានសម្រស់ស្រស់ស្អាត បន្ទាប់ពីផ្លាស់ប្តូកែ កុនចង្កឹះលេខជា នារីគ្រប់លក្ខណៈ ។ ប៉ុន្តែលោកអ្នកប្រាកដ ជាមិនទាន់ដឹងច្បាស់ ពីដំណើរដើមចមទេថា ហេតុអីបានជានាងសុខចិត្ត ចំណាយលុយ ជាង១ម៉ឺនដុល្លារ ធ្វើដំណើរទៅវះកាត់ នៅប្រទេសថៃ? ខណៈរហូតមកដល់ពេលនេះ នាងនៅមិនទាន់បានទម្លាយ ពីអាថ៌កំបាំងនោះ នៅឡើយទេ ។

ថ្លែងដោយទឹកមុខស្រពោន នៅក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” របស់ស្ថានីយវិទ្យុដើមអម្ពិល FM 93.75 មេហ្គាហឺត កាលពីពេលកន្លងទៅ តារាសម្តែង និងជាពិធីការិនី ប្រចាំកម្មវិធី “ដើមភូមិចុងភូមិ” កញ្ញា ប៉ុបពី បានបង្ហើបឲ្យដឹងថា ដំបូងឡើយនាងគ្រាន់តែ មានចរិកពីធម្មជាតិជាស្រី ទាំងមុខមាត់ខ្លួន ប្រាណជាបុរស ដែលគេហៅ ភាសាសាមញ្ញ ថាជាខ្ទើយ តែប៉ុណ្ណោះ។ នាងមិនធ្លាប់គិតថា នាងចង់ផ្លាស់ប្តូរកែភេទទេ ប៉ុន្តែបន្ទាប់ពីនាង បានជួបស្នេហា មិនសមបំណងម្តងជាពីរដង និងទទួលរងការរិះគន់ មើលងាយ ពីសំណាក់បុរស ទាំងអស់នោះមក ទើបធ្វើឲ្យនាងសម្រេចចិត្ត ចេញទៅវះកាត់កែប្រែភេទ នៅប្រទេសថៃ តែម្តងទៅ ។

តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងថា “ កាលនោះខ្ញុំធ្លាប់មានស្នេហា ជាមួយបុរសម្នាក់ ស្រឡាញ់គ្នាជាង២ឆ្នាំហើយ រហូតមកដល់ពេលនេះ ខ្ញុំទាំងពីរនាក់បានបែកគ្នា ដោយសារតែបុរសម្នាក់នោះ បែកចិត្តទៅស្រឡាញ់ មនុស្សស្រីពេញលក្ខណៈ។ មិនតែប៉ុណ្ណោះ គេថែមទាំងមើលងាយថា ខ្ញុំគ្មានរូបរាងជា មនុស្សស្រីពេញលក្ខណៈទេ..!។ ការឈឺចាប់ទាំងអស់នេះហើយ ដែលជម្រុញឲ្យ ខ្ញុំសម្រេចចិត្ត ទៅប្តូរភេទ ប្តូររូបរាងជាមនុស្ស ស្រីពេញលក្ខណៈ។ ប៉ុន្តែអ្វីដែលខ្ញុំមិនមាន ដូចមនុស្សស្រីដទៃ មានតែមួយប៉ុណ្ណោះ គឺមិនអាចពពោះមានកូនបាន ” ។

តារាស្រីវ័យជាង៣០ឆ្នាំ ប៉ុបពី បានប្រាប់ឲ្យដឹងដោយ ទឹកមុខស្មើរទៀតថា ជាការពិតគ្មាន មនុស្សណាម្នាក់ចង់កែប្រែ ខ្លួនខុសពីធម្មជាតិទេ ប៉ុន្តែធ្វើម៉េច បើកើតមកមានចរិក ពីកំណើតមកបែបនេះ ហើយកាលដែលនាង សម្រេចចិត្តផ្លាស់ប្តូរខ្លួនឯង ពីមនុស្សប្រុសមកជាស្រី ព្រោះតែតម្រូវ តាមចរិកផ្ទាល់ខ្លួន មិនចង់ឲ្យអ្នកនៅជុំវិញខ្លួន ឬក៏សង្សារមើលងាយ សើចចំអក នាងតទៅទៀត។ ការវះកាត់នេះ នាងបានចំណាយ លុយជាង១ម៉ឺនដុល្លារ នៅប្រទេសថៃ ពេលនេះក្តី ស្រមៃរបស់នាង ចង់ក្លាយជាមនុស្សស្រី បានសម្រេចដូចបំណងហើយ ។ នាងក៏មិនចង់បានគូ ស្នេហ៍អ្វីទៀតទេ មេរៀនបទពិសោធន៍កន្លងមក ធ្វើឲ្យនាងឈឺចាប់ខ្លាំងណាស់ ពេលនេះអ្វីៗ ដែលនាងគិត គឺការងារសិល្បៈ និងមុខរបររកស៊ីខាងក្រៅ ការថែទាំរូបសម្រស់ ឲ្យ ស្អាតតែប៉ុណ្ណោះ ។

ការរៀបរាប់ពីរឿងក្នុងចិត្ត របស់ កញ្ញា ប៉ុបពី បានធ្វើឲ្យនាងមាន ទឹកមុខសោកសៅពិបាកចិត្ត និយាយដល់ត្រឹមនេះ នាងក៏បានប្រាប់បន្តថា នាងនៅមិនទាន់គិត ពីរឿងអនាគតគូស្រករ នៅឡើយទេ នៅមានភាពស្រពិចស្រពិលសម្រាប់នាង ព្រោះថាអនាគត នាងចង់បានម្ចាស់បេះដូង ជាបុរសម្នាក់ ដែលស្រឡាញ់ មើលថែរក្សានាង អស់ពីបេះដូង ទទួលយកនាងបាន ១០០ ភាគរយ ទទួលស្គាល់រឿង ការពិតរបស់នាង។ អ្វីដែលពិសេសនោះ គឺនាងមិនអាចមាន កូនដូចមនុស្សស្រី ទូទៅបានទេ បើសិនជាអាចជួបបុរសម្នាក់នោះ ប្រហែលជានាង អាចចាប់ផ្តើម គិតពីរឿងនេះ ។ តែរហូតមកដល់ពេលនេះ បុរសល្អ ក្នុងក្តីស្រមៃមិនទាន់មាន នៅឡើយទេ ចំពោះរឿងស្នេហានៅតែកំសត់ ព្រោះចង់បិទបេះដូង ព្យាបាលរបួសមួយ រយៈពេលសិន ។

តារាសម្តែង និងជាអតីតបវរកញ្ញាភេទទី៣ ក្នុងឆ្នាំ២០០១ កញ្ញា ប៉ុបពី ក៏បានផ្ញើរសារផ្តាំ ដល់អ្នកភេទទី៣ទាំងអស់ថា ត្រូវមានគោលជំហរ មានអាជីពច្បាស់លាស់ កាត់បន្ថយភាពរញ៉េរញ៉ៃ ដើម្បីកុំឲ្យសង្គមស្អប់ខ្ពើម មើលងាយយើង ខ្លួនយើង ត្រូវឲ្យតម្លៃខ្លួនឯង ដើម្បីឲ្យអ្នកដទៃ និងសង្គមឃើញថា ទោះជាយើងជាខ្ទើយ តែក៏មានកិត្តិយស និងមិនធ្វើឲ្យ ប្រទេសជាតិខូចឈ្មោះ ដោយសារក្រុមខ្ទើយឡើយ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]