ភ្នំពេញ៖ តារាចម្រៀងលេចធ្លោរ ក្នុងបណ្ដាញសារពត័មាន នាង ពេជ្រ សោភា នៅមិនទាន់ត្រឡប់ចូលស្រុកវិញទេ បើទោះបីជានាង ត្រូវដល់ថ្ងៃកំណត់ត្រឡប់មក ប្រទេសកម្ពុជាវិញហើយក្ដី ។ ចំណែកឯការសម្ដែង គឺទទួលបានជោគជ័យខ្លាំង ថែមទាំងបាន ជួបបងស្រីរបស់នាង នៅឯអាមេរិកទៀតផង ។ ពេជ្រ សោភា ហាក់សប្បាយរីករាយណាស់ ព្រោះនាង និងបងស្រីនៅអាមេរិកនោះ មិនងាយបានជួបគ្នានោះទេ ក្រៅពីទាក់ទង តាមប្រព័ន្ធអ៊ីនធើណិត។

តាមការពិតបងស្រីរបស់ ពេជ្រ សោភា នៅអាមេរិក ត្រូវជាភរិយា របស់លោក ជុំ ប៊ុនធឿន កវីនិពន្ធដ៏ល្បីល្បាញ ដែលបាន លាចាកលោកទៅហើយ តែបានបន្សល់ទុកនូវស្នាដៃជាច្រើន។ ពិសេសលោក បាននិពន្ធបទចម្រៀងមួយចំនួន ដែលនាំឲ្យ ពេជ្រ សោភា ឡើងដល់លំដាប់កំពូល កាលពីឆ្នាំ ២០០៣ ។ ក្រោយពីលោក ជុំ ប៊ុនធឿន បានស្លាប់ទៅ ពេជ្រ សោភា ក៏ចាប់ផ្ដើមដាំក្បាលចុះ ស្របពេលវត្តមាន សុគន្ធ និសា ចូលក្នុងផលិតកម្មតែមួយ កាលនោះ សុគន្ធ និសា មានលោក សុខ ជំនោរ ជាគូស្នេហ៍កំសត់កម្រ ជាអ្នកនិពន្ធ និងជាខ្នងបង្អែកដ៏រឹងមាំ ។

ប្រភពពីអ្នកជិតស្និទ្ធ ពេជ្រ សោភា បាននិយាយថា "បងភា.. លើកថ្ងៃមកស្រុកខ្មែរ មកពីគាត់មានការងារត្រូវបំពេញបន្ថែម នៅទីនោះ ហើយគ្មានហេតុផលផ្សេងនោះទេ អ្វីដែលសំខាន់ ប្រហែលជាទាក់ទងនឹងមូលនិធិ ខ្មែរជុំវិញពិភពលោកច្រើនជាង ព្រោះដើម្បីឲ្យ មានភាពច្បាស់លាស់ ទាំងអស់គ្នា មិនចង់ឲ្យមានពាក្យមិនល្អ ចេញពីសន្ដានចិត្តរបស់នាង "។

ម្យ៉ាងទៀត ពេជ្រ សោភា ថ្វីដ្បិតការសិក្សាបានតិចតួច មិនចប់វិទ្យាល័យក្ដី តែនាងជាមនុស្សម្នាក់ច្បាស់លាស់ ក្នុងការងារណាស់ បើមួយគឺមួយ ពីរគឺពីរ ។ នេះជាចំណុចមួយ ដែលមនុស្សទទួលការអប់រំខ្ពស់ខ្លះ ពិបាកនឹងធ្វើដូចនាង ។ ប្រភពនោះ បានបន្តថា ថ្ងៃទី៧ ខែវិច្ឆិកា គឺជាថ្ងៃ ពេជ្រ សោភា ត្រឡប់មកវិញពិតប្រាកដហើយ ប៉ុន្តែនាងមកម្នាក់ឯងទេ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា