រាជធានីភ្នំពេញ ៖ ក្នុងពេលតារា ល្បីៗមួយចំនួនសម្រេចចិត្តចូលរោង ការផ្អើលពិភពសិល្បៈ និងមហាជនទូទៅនោះ តារាចម្រៀង គឹម លីហ្សា ក៏មានគម្រោងចូលរោងការដែរ។ ដំណឹងច្បាស់ការណ៍ មួយដែលបានមកពីអ្នក ជិតដិតបំផុតប្រាប់ភ្នាក់ងារកោះសន្តិភាព កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៣ថា គឹម លីហ្សា បានបញ្ចប់ការសម្តែងនៅប្រទេសអូស្ត្រាលី ហើយមកដល់កម្ពុជាវិញនៅថ្ងៃទី៣ វិច្ឆិកា ដោយបណ្តើរគូដណ្តឹងជា អាណិកជនអូស្ត្រាលីមកជាមួយផង ដើម្បីរៀបចំពិធីមង្គលការក្នុងខែធ្នូ ឆ្នាំ២០១៣ ។

តារាសាច់សខ្ចី គឹម លីហ្សា មុនទៅសម្តែងនៅប្រទេសអូស្ត្រាលី រងព័ត៌មានថា មានគូដណ្តឹងជាអាណិកជនរស់នៅដែនកោះអូស្ត្រាលី។ គ្រានោះ គឹម លីហ្សា ថាអត់បានភ្ជាប់ពាក្យអីជាមួយអ្នកអូស្ត្រាលីទេ ព្រោះនាងមិនទាន់ សម្រេចចិត្តរៀបការពេលនេះឡើយ ដោយសារតែអាជីពសិល្បៈកំពុងស្ទុះ ឡើងមិនចង់ជាប់ខ្នោះបេះដូងអ្នកណាឡើយ ។ គឹម លីហ្សា ដាក់បន្ទុករឿងនេះទៅលើកញ្ញាអាលីហ្សា ទៅវិញ ដោយថាប្រហែលជាគេច្រឡំគ្នាជាមួយនាង ។

ការណ៍ពិត គឹម លីហ្សា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរស អាណិកជនអូស្ត្រាលីដូចការលេចឮនោះមែន ។ បើតាមមិត្តភក្តិជាអ្នកសិល្បៈមួយចំនួនរបស់ គឹម លីហ្សា និយាយថា តារាល្បីឈ្មោះរូបនេះ មានគូដណ្តឹង ហើយមានគម្រោងរៀបការឱ្យគេដឹងឮ ពេញស្រុកខ្មែរនៅក្នុងខែធ្នូខាងមុខ ដោយមិនដឹងថា រៀបការមុនសារ៉ាយ សក្ខណា ឬក្រោយទេ ។ មូលហេតុដែលលីហ្សា បិទបាំងរឿងនេះ មកពីនាងខ្លាចស្នេហានាងមិនសមប្រកបដូចមុន សូម្បីតែភ្ជាប់ពាក្យក៏រៀបចំតិចតួចគ្រាន់ចាស់ទុំដឹងឮដែរ ។ បើសិនជានាង និងគូដណ្តឹងមានការយល់ចិត្តគ្នាកាន់តែប្រសើរឡើង និងមានចំណុចទាក់ទាញត្រូវគ្នានោះ លីហ្សា នឹងឯកភាពរៀបការភ្លាម ។

នៅទីបំផុតដំណឹងច្បាស់ការណ៍ថា គឹម លីហ្សា បានសម្រេចចិត្តរៀបការភ្លែតតែម្តង ធ្វើឱ្យអ្នកសិល្បៈស្ទើរតែមិនជឿ ។ គឹម លីហ្សា ចូលរោងការខែធ្នូ ហើយប្រហែលអញ្ជើញភ្ញៀវចូលរួមជប់លៀងនៅមជ្ឈមណ្ឌលចេនឡា នៃរាជធានីភ្នំពេញ ។ ក្រោយរៀបការរួច លីហ្សា នឹងចាកចេញទៅប្រទេសអូស្ត្រាលីជាមួយស្វាមី សាងជីវិតថ្មីបញ្ចប់អាជីពសិល្បៈទាំងស្រុងហើយ ។

អ្នកយកព័ត៌មានកោះសន្តិភាពនៅមិនទាន់ទាក់ទងសុំការអះអាងពីតារាសម្តែង គឹម លីហ្សា បាននៅឡើយទេ ប៉ុន្តែក្នុងកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៣ លោកអ៊ែនឌី និងកញ្ញាអាលីហ្សា ព្រមទាំងតារាមួយចំនួនទៀត អះអាងស្រដៀងគ្នាថា គឹម លីហ្សា ពិតជារៀបការមែន ជាមួយគូដណ្តឹងនៅប្រទេសអូស្ត្រាលី ។ ពេលនេះ គឹម លីហ្សា នៅក្នុងស្រុកជាមួយគូដណ្តឹងនាងចាត់ចែងកម្មវិធីរៀបការ ដែលនៅសល់ពេលខ្លីទៀតនេះ ។

តារាចម្រៀងទាំងនោះប្រាប់ទៀតថា ឆ្នាំនេះមានតារាស្រីច្រើននាក់នឹងចូលរោងការបន្តបន្ទាប់គ្នា មានដូចជាអ្នកនាងគង់ សុជាតិ, គឹម លីហ្សា, សារ៉ាយ សក្ខណា និងកញ្ញាពៅ សុជាតា ជាដើម ។ លើសពីនេះ លេចឮមិនច្បាស់ការណ៍ថា តារាសម្តែងពូកែខាងទួញយំ នី មុន្នីនាថ ក៏ជិតចូលរោងការដែរ ជាមួយអតីតតារាសម្តែងល្បីឈ្មោះម្នាក់ដែលបានទៅរស់នៅអាមេរិក តែនាង និងក្រុមគ្រួសារព្យាយាមលាក់បាំង ៕



រូបភាពពីហ្វេកប៊ុក



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]