រាជធានីភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោកករុណា ពេជ្រ ចាប់តាំងពីរងការរិះគន់រឿងចម្លងស្ទីលសម្តែង ក្នុងបទចម្រៀងមានចំណងជើងថា «ចប់» មក បាត់មុខពីទស្សនិកជនសូន្យឈឹង ។ មានអ្នកខ្លះថា តារាចម្រៀងរូបនេះបាត់មុខពីឆាកតន្ត្រី របស់ស្ថានីយទូរទស្សន៍ព្រោះកំហុសនោះ ហើយរងការរិះគន់តាមបណ្តាញសង្គមហ្វេសប៊ុក ។ ទោះជាយ៉ាងណាក្តី ករុណា ពេជ្រ បញ្ជាក់ថា លោកអត់មានអ្នកណា ហាមឡើងច្រៀងទេ មកពីលោកសម្ងំថតបទចម្រៀង ថ្មីៗ ។ នាពេល ឆាប់ៗខាងមុខ លោកនឹងបង្ហាញមុខជាសាធារណៈវិញហើយ ។

ក្រោយពីលោកករុណា ពេជ្រ ចេញបទចម្រៀងក្រោមចំណងជើងថា «ចប់» ជាប្រភេទបទញាក់កន្ត្រាក់ អារម្មណ៍មក ផ្ទុះការរិះគន់តាមហ្វេសប៊ុកថា លោកចម្លងតាមគេទាំងដុល ។ លើសពីនេះប្រទេស ដែលជាប្រភពចម្រៀងដើម សម្តែងការមិនពេញចិត្តចំពោះលោកដែរ ។ អុីចឹងហើយទើបក្រុមអ្នកគាំទ្រលោកករុណា ពេជ្រ ហាក់បាក់ទឹកចិត្ត ហើយប្រិយមិត្តអ្នកនិយមស្តាប់បទចម្រៀងសម័យជាច្រើនគិតថា ករុណា ពេជ្រ ដល់ចំណុចចប់ដូចបទចម្រៀងនោះហើយ ស្របពេលជិត២ខែមកនេះ លោកបាត់មុខឈឹងពីឆាកតន្ត្រីទូរទស្សន៍ ។

អ្នកសិល្បៈមួយចំនួននិយាយថា ករុណា ពេជ្រ មិនសូវគិតរឿងគេរិះគន់នោះប៉ុន្មានទេ ដោយសារតែបទចម្រៀងនៅស្រុកខ្មែរភាគច្រើនមានរូបភាពបែបនេះដែរ ។ ក្រៅពីមិនប៉ះពាល់អារម្មណ៍ ដោយសារមហាជនរិះគន់ ករុណា ពេជ្រ កំពុងជក់ថតបទចម្រៀង ថ្មីៗជាច្រើនថ្ងៃមកហើយ ជាមួយតារាប្រចាំនៅផលិតកម្មថោន មានទាំងថតជាមួយសុគន្ធ នីសា និងមាស សុខសោភា ផង ។ ក្នុងពេលបាត់មុខបែបនេះ គេស្មានតែករុណា ពេជ្រ ចេញទៅសម្តែងនៅក្រៅប្រទេសបាត់ទៅហើយ ។

ក្នុងជំនួបកាលពីពេល ថ្មីៗនេះ ក្នុងកម្មវិធីប្រគំតន្ត្រីនៅកោះពេជ្រ នៃរាជធានីភ្នំពេញ ករុណា ពេជ្រ ដែលចូលរួមច្រៀងជូនសិស្ស និស្សិតដោយមិនគិតប្រាក់កម្រៃ បានប្រាប់ពីមូលហេតុបាត់មុខលោកកន្លងមកថា លោកអត់ទៅណាឆ្ងាយពីស្រុកយើងទេ គឺនៅតែថតកន្លែងនេះ កន្លែងនោះក្នុងរាជធានីភ្នំពេញ ទាក់ទិននឹងបទចម្រៀង ថ្មីៗរបស់លោក ។ លើសពីនេះ លោកថែមទាំងមមាញឹកនឹងការថតខ្សែភាពយន្តថ្មីមួយទៀតជូនផលិតកម្មថោន ដោយប្រមូលផ្តុំដោយអ្នកចម្រៀង ល្បីៗរបស់ផលិតកម្មជាច្រើននាក់។ លោកអត់បានសម្តែងតាមទូរទស្សន៍ច្រើនសប្តាហ៍មែន តែសម្រាប់ការច្រៀងក្រៅស្ថានីយគឺ មានសកម្មភាពមមាញឹកពេញបន្ទុកតែម្តង ។ ប្រសិនបើគេពិនិត្យមើលលើទំព័រហ្វេសប៊ុក របស់លោកច្បាស់ជាឃើញមិនខានថា លោកច្រៀងនៅកន្លែងណាខ្លះនោះ ។ 
តារាចម្រៀងករុណា ពេជ្រ ប្រុងប្រយ័ត្នជាងមុន ទាក់ទិននឹងការច្រៀង និងសម្តែង ដោយមិនយកលំនាំតាមគេទាំងស្រុង បញ្ចៀសការរិះគន់អាចនឹងទាញប្រជាប្រិយភាពឱ្យធ្លាក់ចុះ ។

លោកករុណា ពេជ្រ ឱ្យដឹងកាលពីពេល ថ្មីៗនេះថា បន្ទាប់ពីស្បើយច្រៀង និងសម្តែងឱ្យផលិតកម្ម លោកនឹងឡើងបង្ហាញមុខតាមស្ថានីយទូរទស្សន៍វិញ ។ មួយរយៈមុនលោកសម្តែងតាមទូរទស្សន៍ច្រើនពេក ទើបផ្អាកខ្លះ ដើម្បីកុំឱ្យទស្សនិកជនធុញ ចាំមានបទថ្មីទើបចេញមុខ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា