កំពង់ធំ៖ សេចក្តីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្នការនេសាទ ដាក់ឆ្នុកនៅលើ ផ្ទៃទឹកបឹងទន្លេសាប ចាប់តាំងចំណុច តំបន់ខាងមុខ ភូមិផ្សោត រហូតដល់ចំណុច ភូមិដូនស្តើង ពាមបាង បវើយក្នុង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ និងតំបន់មាត់ខ្លា ក្នុងទឹកដី ខេត្តសៀមរាប នៅតែបន្តសកម្មភាព ការនេសាទដាក់ឆ្នុកចាប់ត្រី នៅពេលយប់ យ៉ាងគគ្រឹកគគ្រេង មើលទៅហាក់បីដូចជា ទីក្រុងបណ្តែត លើផ្ទៃទឹកទន្លេ ។

ការនេសាទដាក់ឆ្នុក ខាងលើត្រូវបាន គេរាយការណ៍ ថា កើតមានយូរណាស់មកហើយ ប៉ុន្តែគេពុំដែល ឃើញមន្ត្រី ជំនាញមួយណាចុះបង្ក្រាបឲ្យ មានប្រសិទ្ធិភាពឡើយ ផ្ទុយទៅវិញ ការនេសាទបែបនេះបាន ក៏ដោយសារតែ មន្ត្រីសមត្ថកិច្ចគ្រប់ជំនាញ មានមន្ត្រីបរិស្ថាន នគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ច កងរាជអាវុធហត្ថ ជាពិសេសមន្ត្រីរដ្ឋបាលជលផល ដែលចុះទៅកាន់ តំបន់ខាងលើ បានទទួលលាភសក្ការៈថ្នូរ និងការមិនបង្ក្រាបទៅវិញ ។

សេចក្តីរាយការណ៍ពី ប្រជានេសាទដែលសុំមិនបញ្ចេញឈ្មោះ បន្តទៀតថា គ្រាន់តែភូមិពាមបាង ដូនស្តើង បវើយ៣ភូមិប៉ុណ្ណោះ អ្នកនេសាទដាក់ឆ្នុក ត្រូវចំណាយប្រាក់សម្រាប់បង់ឲ្យសមត្ថកិច្ច ខាងលើ សរុបចំនួន១៨២លានរៀល។  ដោយឡែក ការដាក់ឆ្នុក កន្លែងផ្សេងៗទៀត ដែលគេប៉ាន់ប្រមាណជាង១០០កន្លែង ដោយក្នុង១កន្លែង ម្ចាស់ដាក់ឆ្នុក ត្រូវចំណាយប្រាក់ចំនួន២លានរៀលសម្រាប់បង់ ឲ្យសមត្ថកិច្ច គ្រប់ជំនាញទាំងអស់ ។

ពាក់ព័ន្ធនិងព័ត៌មានខាងលើនេះ គឺគ្រាន់តែជាសារមួយផ្ញើ ទៅកាន់ថ្នាក់លើ ដើម្បីចាត់វិធានការបង្ក្រាប ឬពិនិត្យសារឡើងវិញ នូវមន្ត្រីរបស់ខ្លួន ដែលចុះទៅកាន់ ភូមិសាស្ត្រខាងលើនេះ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]