ភ្នំពេញ៖ យុវជម្នាក់បានរងរបួស បាក់ជើងម្ខាង និងបែកមុខបែកមាត់ ខណៈមិត្តភក្តិពីរនាក់ទៀត ពុំមានរងរបួសនោះទេ ក្រោយពីបើកម៉ូតូ មួយគ្រឿងឌុបគ្នា ក្នុងល្បឿនលឿនសង្ស័យស្រវឹងស្រាខ្លាំង រួចក៏ជ្រុលទៅបុកគូថរថយន្តគេពីក្រោយ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៣ ខែវិចិកា ឆ្នាំ២០១៣ ស្ថិតនៅខាងមុខ ព្រលានយន្តហោះអន្តរជាតិ ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ លឹម តិចគា អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រងរបួសបាក់ជើង ខាងស្តាំម្ខាង និងបែកមុខបែកមាត់ សន្លប់ឈឹងនៅនឹងកន្លែង។ ជនរងគ្រោះបើក ម៉ូតូមួយគ្រឿង ម៉ាកសេ១២៥សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BM-0862 រីឯរថយន្តដែលត្រូវម៉ូតូ បុកវិញនោះ ម៉ាកលុច្សស៊ីស RX-300ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2L-7018 អ្នកបើកបរពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។

សាក្សីបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបើកបរក្នុង ទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុ រថយន្តឈប់ស្តុប ស្រាប់តែម៉ូតូមានឌុបគ្នាបីនាក់ ជិះក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់សន្លប់ នឹងកន្លែងកើតហេតុ រីឯអ្នករួមដំណើរពីនាក់ទៀតនោះ បានគេចខ្លួនបាត់។

ក្រោយកើតហេតុ ភ្លាមៗ កម្លាំងនគរបាល ចរាចរខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់ធ្វើកំណត់ហេតុ និងបានហៅរថយន្តសង្គ្រោះរបស់ អង្គភាព៧១១ កងពលតូចលេខ៧០ដឹក ជនរងគ្រោះយកទៅ កាន់មន្ទីរពេទ្យព្រះកុសមៈហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះ អាយុជីវិត ជាបន្ទាន់ ចំណែករថយន្ត និងម៉ូតូត្រូវយកទៅរក្សាទុក នៅអធិការដ្ឋានពោធិ៍ជ័យ ដើម្បីរង់ចាំដោះស្រាយ គ្នាជាក្រោយ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]