ភ្នំពេញ៖ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ម្នាក់ និងគូកនរបស់ខ្លួនម្នាក់ទៀត បានជាប់សង្ស័យក្នុង ករណីប៉ុនប៉ង ធ្វើឃាតមនុស្ស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតកាំភ្លើងខ្លីមួយដើម ខណៈពួកគេបម្រុង នឹងចេញធ្វើសកម្មភាព។

ប្រតិបត្តិការចុះឃាត់ខ្លួននិស្សិត NUM និងគូកនគ្រាចេញធ្វើសកម្មភាពធ្វើមនុស្សឃាតិនេះ បានធ្វើឡើងកាលពី ម៉ោង ៩ និង៣០ នាទីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ទោ ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជានិស្សិត NUM មានឈ្មោះ រិន ឆឹង ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅឃុំជីនិច ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម រីឯគូកនមានឈ្មោះ ស្រ៊ី ពិទូ ហៅជូ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាជាងជួសជុលរថយន្ត មានស្រុកកំណើតជាមួយគ្នា។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ការឃាត់ខ្លួននេះ បានធ្វើឡើង គ្រាដែលជនសង្ស័យទាំងពីរ  នាក់បម្រុងចេញ ធ្វើសកម្មភាព មនុស្សឃាតទៅលើបុរសម្នាក់ ជាជាងជួសជុលទូរស័ព្ទ តែដោយសារសមត្ថកិច្ចពេល  កំពុងជិះម៉ូតូល្បាត ឃើញជនសង្ស័យ ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ អត់ស្លាកលេខកើតការសង្ស័យឈានដល់ការហៅសួរនាំ  និងដកហូតបានកាំភ្លើងខ្លីម៉ាកK54 ១ដើម រួចឃាត់ខ្លួនតែម្តង។

ជនសង្ស័យបានសារភាពថា ពួកគេគ្រោងទៅបាញ់សម្លាប់បុរសម្នាក់ឈ្មោះ រ៉ុង មុខរបរអ្នកលក់ទូរស័ព្ទនៅផ្សារ ទំនើបរតនាផ្លាហ្សា តែត្រូវសមត្ថកិច្ចស្ទាក់ចាប់ខ្លួនទាំងមិនទាន់បានធ្វើសកម្មភាពផង។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បី  សួរនាំបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]