ភ្នំពេញ ៖ សកម្មភាព លួចឆក់ប្លន់ កំពុងកើតឡើង យ៉ាងកគ្រើក ក្នុងភូមិសាស្រ្ត ខណ្ឌចំការមន ធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច ខណៈចេញធ្វើដំណើរ មកដល់ក្នុង ទឹកដីខណ្ឌចំការមន ។ ជាក់ស្តែងកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ មានករណីបទល្មើស ឆក់២ករណី កើតឡើងនៅ ក្នុងសង្កាត់ទួលទំពូងទី១ និង សង្កាត់អូរឡាំពិក ។

ករណីទី១៖កាលពីវេលា ម៉ោង១៧ នឹង១៥នាទីល្ងាចថ្ងៃទី ១ខែ វិចិ្ចកា ឆ្នាំ២០១៣ ស្ថិតនៅចំណុច មុខផ្ទះលេខ៦៨ ផ្លូវ១៣៥ ក្រុមទី៣២ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន មានជនសង្ស័យ ចំនួន២នាក់ ទី១ឈ្មោះ ជា ច័ន្ទរតនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្សសាលាបញ្ញាសាស្រ្ត ស្នាក់នៅផ្ទះលេខ ៣៤០ ផ្លូវ៣៧០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ត្រូវនគរបាលចាប់ខ្លួន និងទី២ ឈ្មោះ តាំង វណ្ណនិត ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅក្រុមទី៣ ភូមិ១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រត់គេចខ្លួនបាត់។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ពួកគេជិះម៉ូតូ មួយគ្រឿងម៉ាក ស៊ុយសូគីនិច ពណ៌សលាយផ្កាឈូក គ្មានស្លាលលេខ មកធ្វើសកម្មភាព ឆក់យកទីរស័ព្ទអាយហ្វូន ពីស្រ្តីម្នាក់ឈ្មោះ វុន ស្រីអួយ កំពុងជិះម៉ូតូ ជាមួយប្តីឈ្មោះ វង្ស ច័ន្ទរង្សី នៅចំណុចកើតហេតុ បានសម្រេច រួចពួកគេព្យាយាម បើកម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវភាគីរងគ្រោះ ជិះម៉ូតូដេញតាមចាប់បាន ម្នាក់នៅចំណុច មុខផ្ទះលេខ ៥៥ផ្លូវ៤៥៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ចំណែកម្នាក់ទៀតបាន រត់គេចខ្លួនបាត់។

បន្ទាប់ពីចាប់បាន ជនសង្ស័យខាងលើនេះ ប្រជាពលរដ្ឋបានយកទៅ ប្រគល់ឲ្យសមត្ថកិច្ច យកទៅធ្វើករសាកសួរ។ ដោយឡែក ករណីឆក់ខែ្សក ១ទៀត ស្ថិតនៅ ចំណុចផ្លូវ១៦៣ ក្រុមទី២៤ ភូមិ៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន កាលពីវេលាម៉ោង ២០ និង៤០នាទី យប់ថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០១៣ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ជា តារា ភេទប្រុស អាយុ២៦ ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៣០ ផ្លូវលេខ ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា ជាប់ពាក់ព័ន្ទ និងករណីជិះម៉ូតូហ្វីណូ ឆក់ខ្សែកពីបុរសម្នាក់ ឈ្មោះ រ៉ៃ យ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ ជានិស្សិត បានសម្រេច ។ ហើយចំណែក បក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ នឿន ភេទប្រុស អាយុ ប្រហែល ជាង២០ឆ្នាំ បានរត់គេច ខ្លួនបាត់ស្រមោល ។

 នគរបាល ខណ្ឌចំការមន បានបញ្ជាក់ថា ជនសង្ស័យ ២នាក់ដែលឃាត់បាន ជាប់ពាក់ព័ន្ធនឹង២ករណីឆក់ ខាងលើនេះត្រូវបាន នគរបាលផ្តុំសំណុំរឿង បញ្ជូន ទៅតុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]