ខេត្តបាត់ដំបង ៖ ភ្នំវាយចាប ដែលស្ថិតនៅប៉ែក ខាងត្បូងស្រុករតនមណ្ឌល បច្ចុប្បន្នលែងមានព្រៃឈើ ហើយបានក្លាយ ជាវាលរហោស្ថាន ពោរពេញទៅដោយដំណាំកសិកម្មរបស់ ប្រជាកសិករចាប់តាំងពីក្រោម រហូតដល់លើខ្នងភ្នំដ៏វែងអន្លាយ ។ ពេលនេះតួភ្នំកំពុងរងការស្រុតនិងរញ្ជួយញ័រយ៉ាងខ្លាំង ស្ទើរពាសពេញលើខ្នងភ្នំ រហូតកន្លែងខ្លះមានទំហំរាប់មុឺនម៉ែត្រការ៉េ និងមានជម្រៅជាង១០ម៉ែត្រឯណោះ នេះបើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងស្រុករតនមណ្ឌល កាលពីព្រឹកថ្ងៃទី១ វិច្ឆិកា ។

មេឃុំអណ្តើកហែប លោក ផន សុផល បានប្រាប់កោះសន្តិភាព នៅរសៀលថ្ងៃទី១ វិច្ឆិកា ថា ពិតជាមានការស្រុត រញ្ជួយមានស្នាមប្រេះរយះ និងបាក់ដីហូរចុះពីលើ«ភ្នំវាយចាប»នោះមែន ។ លោកនិយាយថា គ្រោះធម្មជាតិ ស្រុត និងរញ្ជួយដីលើខ្នងភ្នំវាយចាប ដែលមិនធ្លាប់មាននេះ គឺបានកើតឡើងតាំងពីពាក់កណ្តាលខែតុលាមក ហើយមកដល់ព្រឹកថ្ងៃទី១ វិច្ឆិកា នេះ ដីនៅតែបន្តបាក់ស្រុត រញ្ជួយ និងបាក់ហូរពីលើកំពូលភ្នំនៅឡើយ ថែមទាំងមានដុំថ្មធំៗជាច្រើនបាក់រមៀលធ្លាក់ពីលើភ្នំ បំផ្លាញដំណាំកសិករអស់ជាច្រើនហិកតាទៀតផង ។ លោក ផន សុផល បន្តថា ការបាក់ស្រុតនិងរញ្ជួយដីនេះ មានច្រើនកន្លែងនៅលើខ្នងភ្នំនោះ។ កន្លែងខ្លះមានទំហំផ្ទៃដីដល់ទៅជិត ៣មុឺនម៉ែត្រការ៉េ និងមានជម្រៅដល់ទៅជាង១០ម៉ែត្រឯណោះ ។

ប្រជាកសិករដែលទៅប្រកបរបរដាំដុះនៅលើខ្នងភ្នំនោះបាននិយាយដែរថា ភាគច្រើននៃកន្លែងបាក់ស្រុតដីនោះ គឺកើតឡើងនៅលើខ្នងភ្នំតែម្តង ។ អ្នកភូមិប្រាប់ថា កន្លែងខ្លះដីបាក់ហូរចុះពីលើភ្នំលាយឡំនឹងផ្ទាំងថ្មធំៗឡើងហុយសំពោង និងកន្លែងខ្លះទៀតបាក់ស្រុតរយះទៅបាតភ្នំ ដូចគេជីកប្រឡាយឬអណ្តូង ហើយបានបាក់ស្រុតខ្លាំងនាប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ។ សាក្សីមួយចំនួនដែលបានទៅពិនិត្យនៅកន្លែងរញ្ជួយញ័រភ្នំនោះ ក៏បានបញ្ជាក់ដែរថា ទីតាំងដែលមានដីបាក់ស្រុតហាក់ដូចមានរូង ឬល្អាងធំៗនៅខាងក្រោម ។ សាក្សីដដែលបន្តថា ដំណាំពោត សណ្តែករបស់ប្រជាកសិកររាប់រយហិកតា បានរងការខូចខាតដោយសារការរញ្ជួយដីលើកំពូល«ភ្នំវាយចាប»នេះ ។ រីឯម្ចាស់ចម្ការមួយចំនួនមិនហ៊ានឡើងភ្នំទៅមើលដំណាំកសិកម្មរបស់ខ្លួនទេ ព្រោះតែភ័យខ្លាចគ្រោះរញ្ជួយលើខ្នងភ្នំ ។

«ភ្នំវាយចាប»មានភូមិសាស្ត្រប៉ែកខាងកើត ខាងជើង និងខាងលិចមួយផ្នែក ស្ថិតក្នុងឃុំអណ្តើកហែប ឃុំត្រែង និងឃុំផ្លូវរមាស ស្រុករតនមណ្ឌល ។ រីឯប៉ែកខាងត្បូង និងខាងលិចមួយផ្នែកជាប់ព្រំប្រទល់ ស្រុកសំឡូត នេះបើតាមការបញ្ជាក់ប្រាប់ពីមន្ត្រីមូលដ្ឋាន ។ មន្ត្រីដដែលថា សណ្ឋាននៃជួរភ្នំនេះ លាតសន្ធឹងពីកើតទៅលិច មានទទឹងប្រមាណ៨គីឡូម៉ែត្រ និងបណ្តោយប្រហែលជាង១០គីឡូម៉ែត្រ ។ នៅលើខ្នងភ្នំដ៏វែងអន្លាយ មានសណ្ឋានដីជាតំបន់ខ្ពង់រាប ដែលមានអំណោយផលយ៉ាងខ្លាំងដល់ការដាំដំណាំកសិកម្ម និងមានប្រជុំថ្មដាដោយកន្លែង តែតិចជាងផ្ទៃដី ។ «ភ្នំវាយចាប» ជាតំបន់ជួរភ្នំដែលមានព្រៃដ៏ក្រាស ជាជម្រកសត្វព្រៃគ្រប់ប្រភេទរាប់សតវត្សកន្លងមកហើយ ប៉ុន្តែបានរលាយហិនហោចទាំងព្រៃឈើ ទាំងសត្វព្រៃទាំងស្រុងចាប់ពីអំឡុងឆ្នាំ២០០៧ មក ។

លោកផន សុផល មេឃុំអណ្តើកហែបបានបញ្ជាក់ដែរថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រជាប់ជួរ «ភ្នំវាយចាប» បានចាប់ផ្តើមចូលទៅកាប់រានព្រៃនៅតំបន់នោះ រហូតរាលដាលដល់លើខ្នងភ្នំនេះក្នុងអំឡុងឆ្នាំ២០០៧ ។ នៅឆ្នាំ២០០៨ ដោយសារតែការរុករានវាតយកដីលើភ្នំកាន់តែខ្លាំង អាជ្ញាធរស្រុកនិងសមត្ថកិច្ចបានចុះទៅដេញ និងហាមឃាត់ពួកគេម្តងហើយ តែមិនអាចរារាំងបាន ទើបរលាយរលត់ទាំងព្រៃឈើទាំងសត្វព្រៃអស់ រហូតមកដល់ពេលនេះក្លាយជាភ្នំត្រងោល ទៅជាវាលចម្ការដំណាំ ។

លោកមេឃុំរូបនេះបញ្ជាក់ថា គ្រោះថ្នាក់ស្រុតនិងរញ្ជួយដីលើខ្នងភ្នំ គឺដោយសារតែអស់ព្រៃឈើតាំងពីជើងភ្នំរហូតដល់កំពូលភ្នំ ព្រោះតាំងពីដូនតាមកមិនធ្លាប់មានគ្រោះរញ្ជួយដីនៅលើខ្នងភ្នំបែបនេះទេ ។ លោកបន្ថែមថា បច្ចុប្បន្នព្រៃដែលសេសសល់នៅតំបន់ «ភ្នំវាយចាប» នេះមានប្រហែលមិនដល់៣០% ទេ ក្រៅពីនេះជាវាលដំណាំកសិកម្មពោត និងសណ្តែក ។ លោកផន សុផល បញ្ជាក់ថា នៅព្រឹកថ្ងៃទី១ វិច្ឆិកា នេះក្រុមការងារឃុំរបស់លោក ដឹកនាំដោយជំទប់ទី១ ឃុំម្នាក់ បាននាំកម្លាំងរដ្ឋអំណាចមូលដ្ឋានឡើងភ្នំទៅកាន់តំបន់គ្រោះរញ្ជួយដីនោះហើយដើម្បីពិនិត្យស្ថានភាពជាក់ស្តែង ព្រោះអ្នកស្រុកអត់ហ៊ានឡើងទេ ។ អ្នកយកព័ត៌មានកោះសន្តិភាពបានទៅដល់ភូមិនៅជើងភ្នំ និងបានត្រឹមតែថតរូបពីចម្ងាយប៉ុណ្ណោះ ។

ជុំវិញករណីគ្រោះធម្មជាតិបាក់ស្រុត និងរញ្ជួយលើខ្នងភ្នំដែលមិនធ្លាប់មានពីមុនមកនេះដែរ លោកអ៊ុយ រី អភិបាលរងខេត្តបានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះថា លោកទើបទទួលបាបដំណឹងនេះកាលពីប៉ុន្មានថ្ងៃមុន គ្រាដែលលោកបាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋនៅក្នុងឃុំអណ្តើកហែបនោះ ។ លោករៀបរាប់ថា មកដល់ពេលនេះលោកក៏បានទទួលព័ត៌មានដែរថា គ្រោះធម្មជាតិរញ្ជួយដីនេះនៅតែកើតមាននៅឡើយ ។

លោកអភិបាលរងខេត្តបន្តថា បើតាមលោកទទួលព័ត៌មានឱ្យដឹងថា ស្ថានភាពគ្រោះរញ្ជួយភ្នំនោះ គឺបាក់ស្រុត និងមានកន្លែងខ្លះប្រេះដី បាក់ហូរមកក្រោមតែម្តង ។ លោកបានឱ្យមន្ត្រីមូលដ្ឋានចុះទៅពិនិត្យចំណុចកើតហេតុនោះហើយ ដើម្បីធ្វើរបាយការណ៍ ប៉ុន្តែយើងមិនអាចវាយតម្លៃពីការខូចខាត ឬអំពីមូលហេតុដែលនាំឱ្យមានអភូតហេតុគ្រោះធម្មជាតិនោះកើតឡើងនៅឡើយទេ ដោយរង់ចាំពិនិត្យរបាយការណ៍ជាក់លាក់ពីអាជ្ញាធរមូលដ្ឋានជាមុនសិន៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]