ភ្នំពេញ៖ អ្វីកន្លងមក ដែលពោល ចេញពីបបូរមាត់ របស់តារាសម្ដែង ចន ច័ន្ទលក្ខិណា និង លោក យុត្ថា រ៉ាឆានី ថាពួកគេទាំងពីរ មិនបានបែបបាក់គ្នា ដូចការលើកឡើង ជារឿយៗរបស់ បណ្ដាញសារព័ត៌មាន ក្នុងស្រុកនានា ពេលនេះបានស្ដែងឲ្យ ឃើញយ៉ាងច្បាស់ ឥតប្រកែកបាន ខណៈដែល កាលពីវេលាម៉ោង ៤ និង៣០ នាទីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះ តារាសម្ដែងមាន ឈ្មោះល្បីរាប់ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញវត្តមាន ជាមួយនឹងមេធាវី របស់ ខ្លួន នៅឯសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាញ ហេតុផលផ្ទាល់មាត់ ពាក់ព័ន្ធនឹង បណ្ដឹងលែងលះ លោក យុត្ថា រ៉ាឆានី តបតាមការកោះអញ្ជើញ របស់ព្រះរាជអាជ្ញា នៃសាលាដំបូង រាជធានីភ្នំពេញ ។

ការបង្ហាញវត្តមាន ដ៏គួរឲ្យភ្ញាក់ផ្អើល អមដោយមេធាវីការពារក្ដី នៅពេលនេះ ត្រូវបានប្រភពព័ត៌មាន ពីមន្រ្តីតុលាការ បង្ហើបឲ្យដឹងថា អ្នកនាង ចន ច័ន្ទលក្ខិណា បានដាច់ចិត្ត ដាក់ពាក្យបណ្ដឹងប្ដឹង លែងលះស្វាមីធ្លាប់ កម្សត់កម្រ ជាមួយគ្នារាប់ឆ្នាំ លោក យុត្ថា រ៉ាឆានី អស់រយៈពេល ជាងកន្លះខែមកហើយ ខណៈមូលហេតុក្នុង ពាក្យបណ្ដឹងលែងលះ ដ៏គួរឲ្យចម្លែកនេះ បានត្រឹមតែលើកហេតុផល ថា រស់នៅមិនចុះសម្រុង នឹងគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែបើផ្អែកតាម ប្រភពព័ត៌មានពីចង្កោម រស់នៅក្នុងមជ្ឈដ្ឋានអ្នកសិល្បៈដូចគ្នាវិញ បានព្រលយឲ្យដឹងថា រវាង ចន ច័ន្ទលក្ខិណា និង យុត្ថា រ៉ាឆានី បានកើតមានជម្លោះផ្ទៃក្នុង ក្នុងគ្រួសារនេះ ជាយូរមកហើយ ពោលគឺតាំងពី អ្នកនាង ចន ច័ន្ទលក្ខិណា មកធ្វើជាពិធីការិនី នៅស្ថានីយទូរទស្សន៍ បាយ័ន ក្នុងកម្មវិធី "សមាគមជុំមិត្ត" ជាមួយលោក អៀង វិឆ័យ ហើយពេលនោះ គឺមានអ្នកទីបីចូល មកជ្រៀតជ្រែក។

ប្រភពដែលទម្លាយចេញខាងលើ បានលួចបង្ហើបទៀតថា គេសង្កេតឃើញអ្នកនាង ចន ច័ន្ទលក្ខិណា ចាប់ផ្ដើមធ្វើឫកសោះអង្គើយ និងរករឿងស្វាមី មិនចេះចប់មិនចេះហើយ រហូតដល់ថ្នាក់ លោក យុត្ថា រ៉ាឆានី ខូចចិត្តដើរផឹកស៊ី ស្រវឹងស្ទើររាល់យប់ និងលែងចូលដេកផ្ទះ ដូចមុនទៀតក៏មានដែរ ។ ចំណុចទាំងនេះ ក៏បានធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា កាន់តែមានលេស ដើម្បីងាយស្រួលក្នុង ការប្ដឹងលែងលះ ស្វាមីស្របច្បាប់ម្នាក់នេះ ឲ្យដាច់ស្រឡះ ព្រោះកន្លងមកព័ត៌មាន ត្រូវគេទម្លាយថា ស្នេហាអ្នកទាំងពីរនេះ គឺមានបុរសជា អ្នកមានទ្រព្យស្ដុកស្ដម្ភ មានទាំងអំណាច បម្រើការងារជាមន្រ្តីយោធា បានចូលខ្លួនមកជ្រៀតជ្រែកបំបែកពួកគេទាំងពីរ ហើយពេលបានសម្រេច មន្រ្តីរូបនោះនឹងយក ចន ច័ន្ទលក្ខិណា ធ្វើជាប្រពន្ធ ដោយចំហតែម្ដង។

ប្រភពព័ត៌មានលេចចេញពី ពួកមាត់ចាបមាត់ព្រាប បានបង្ហើបឲ្យដឹងទៀតថា ចាប់តាំងពី ចន ច័ន្ទលក្ខិណា ធ្វើឫកព្រងើយកន្ដើយ តោះតើយបែរខ្នង ដាក់ស្វាមីមក គេកត់សម្គាល់ឃើញថា តារាដែលកំពុងបែក ខ្ញែកសុភមង្គលរូបនេះ ហាក់បង្ហាញពីភាពហ៊ីហារ ជិះរថយន្តស៊េរីទំនើប ឡូយឆាយ ជាងមុន ថែមទាំងមានអង្គរក្ស តាមការពារឆ្វេងស្ដាំ ប្រៀបបីដូចជា លោកជំទាវតូចម្នាក់ ដែលទើបតែមានប្ដីជាឯកឧត្តម ដូច្នោះដែរ។

ងាកមកចាប់អារម្មណ៍ លើពាក្យបណ្ដឹងលែងលះស្វាមី ដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នករស់ នៅក្នុងពិភពសិល្បៈ ក៏ដូចជា មហាជនទូទៅឯណេះវិញ អ្នកនាង ចន ច័ន្ទលក្ខិណា និងមេធាវី បានបង្ហាញខ្លួនរួចហើយ នៅឡើយតែលោក យុត្ថា រ៉ាឆានី ជាស្វាមី មិនទាន់បានមកបង្ហាញវត្តមាន តាមការកោះអញ្ជើញ របស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញទេ ខណៈដែលពាក្យបណ្ដឹងនេះ មានតែភាគី អ្នកនាង ចន ច័ន្ទលក្ខិណា ទេ ដែលចង់ឲ្យតុលាការ លើកយកមកជំនុំជំរះ ឲ្យបានលឿនបំផុត ជៀសវាងអូសបន្លាយយូរពេក នាំឲ្យខាតពេល ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]