ខេត្តព្រៃវែង ៖ យុវជនម្នាក់​​​​ដោយ​សារ​តែ​យប់​ងងឹត ​ភ្លើង​ចង្កៀង​ម៉ូតូ​មិន​សូវ​ភ្លឺ​មិន​ហ៊ាន​ជិះ​លឿន និង​មិន​ហ៊ាន​បើក​នៅ​កណ្តាល​ផ្លូវទេ ខ្លាច​គ្រោះថ្នាក់​​​​សុខចិត្ត​​​​ជិះ​ម៉ូតូយឺតៗ​ ​អែបខាង​ហើយ​នៅ​តែបុក​គំនរ​ថ្ម​​នៅ​ចិញ្ចើម​​ផ្លូវ​ទៀត បណ្តាល​​​ឱ្យ​​ដួល​បែក​ប្រអប់​ជើង​ឆ្វេង ។​ ​​គ្រោះ​អកុសល​មិន​ចង់​ជួប​បែរ​ជាជួប​នេះបាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ​ ថ្ងៃទី​១​ ឧសភា​​ នៅ​តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៨​ ក្នុង​ឃុំ​​​កំពង់​​អំពិល​ ស្រុក​ពារាំង ។​​

យុវជនរងគ្រោះជាអ្នកបើកម៉ូតូឈ្មោះ​ អ៊ុន សំអាង​ ​អាយុ២០ឆ្នាំ​ ជា​​និស្សិត​​វិស្វ​ករ​​ឆ្នាំទី១​ នៃវិទ្យាស្ថាន​​បច្ចេក​វិទ្យា​កម្ពុជា​​ ស្នាក់​នៅ​សង្កាត់​អូរឫស្សី​​ ខណ្ឌ៧​មករា​ មាន​ស្រុក​កំណើត​នៅ​ភូមិឆ្អឹងជំនីរ ឃុំ​កញ្ជ្រៀច​ ស្រុកកញ្ជ្រៀច ខេត្ត​ព្រៃវែង​ របួស​​បែក​​​​ប្រអប់ជើង​ខាង​​ឆ្វេង​ ។​ ចំណែក​​អ្នក​​ជិះ​​ពី​​ក្រោយឈ្មោះ​ អូន​ យូអុី​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ ជា​និស្សិត​រៀន និង​ស្នាក់​នៅ​ជា​មួយគ្នា​ មានទី​លំនៅ​ភូមិព្រាលទី២​ ឃុំថ្មពួន​ ស្រុកកញ្ជ្រៀច របួសលាត់ដៃជើងតិចតួច ។

ជនរងគ្រោះបានឱ្យដឹងថា​ ថ្ងៃ​កើត​ហេតុ​​ជា​ថ្ងៃបុណ្យទិវាពលកម្មអន្តរជាតិ​​ ពួកគេ​ទាំង២​​នាក់ បាន​​ជិះម៉ូតូគុបជ្រុង៩០​ ពណ៌ទឹកប្រាក់​ ឌុប​គ្នា​​ទៅ​លេងស្រុកកំណើតរហូតដល់ល្ងាចមេឃ​ត្រជាក់​​ បន្តិចទើបជិះម៉ូតូឌុបគ្នាមករាជធានី​ភ្នំពេញវិញ​ ។​ ខណៈពេល​ជិះម៉ូតូ​ត្រឡប់​មក​វិញ​ដោយ​សារ​តែ​ខ្លាច​មាន​គ្រោះថ្នាក់​ចរាចរណ៍​​ ជាយថា​ហេតុ​ដោយ​ប្រការ​ណាមួយព្រោះ​យប់​ងងឹតភ្លើងម៉ូតូ​​មិន​សូវ​ភ្លឺ​​ផង​ មិន​ហ៊ាន​ជិះ​ម៉ូតូ​លឿនទេ​ ហើយ​ក៏មិន​ហ៊ាន​ជិះនៅកណ្តាល​ផ្លូវដែរ​​ ជិះ​អែប​ខាង​ក្បែរ​​ចិញ្ចើមផ្លូវ លុះ​ដល់​កន្លែង​កើត​ហេតុ​ក៏បានបុក​គំនរ​កម្ទេច​ថ្ម​បណ្តាល​ឱ្យដួល និង​រងរបួសបែប​នេះ​ទៅ​ ។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ ប្រជាពលរដ្ឋទូរស័ព្ទហៅរថយន្តសង្គ្រោះ​មក​ដឹក​​យកទៅ​ព្យាបាលនៅ​មន្ទីរ​ពេទ្យ​ បង្អែក​ស្រុក​ពារាំង​ ហើយ​បានបញ្ជូនបន្តទៅព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​ព្រះ​កុសុមៈ​ ឯរាជធានីភ្នំពេញ  ៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]