រាជធានីភ្នំពេញ ៖ ក្នុងបេសកកម្មច្រៀងរាំ នៅអាមេរិក តារាចម្រៀងចាស់ឆ្នាំនៅក្នុង ផលិតកម្មហង្សមាស នាងពេជ្រ សោភា បានឆ្លៀតពេលកៀរគររកជំនួយចូល ក្នុងមូលនិធិរបស់នាង ដើម្បីនាងយកជូនដល់ជនរងគ្រោះដោយសារ ទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។ 
យោងតាមវីដេអូឃ្លីបរយៈពេល៥នាទី ដែលបង្ហោះនៅក្នុងគណនេយ្យហ្វេសប៊ុក របស់នាងពីសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០១៣ ពេជ្រ សោភា អះអាងថា ក្នុងរយៈពេលនេះនាងបានទទួលជំនួយជាប្រាក់ពី បងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក ចំនួនជិត៣ពាន់ដុល្លារហើយ (គិតត្រឹមថ្ងៃទី២៥តុលា) ដោយមិនបានគិតបញ្ចូលពីមូល និធិរបស់ក្រុមគាំទ្រនាងនៅក្នុងស្រុកឡើយ ។

ប្រាក់ទាំងអស់នេះនាងនឹងយកទៅចាត់ចែង និងចែកជូនបងប្អូនខ្មែរដែលរងគ្រោះ ដោយទឹកជំនន់ដោយផ្ទាល់ដៃនៅថ្ងៃទី៦ វិច្ឆិកា ២០១៣ ខណៈពេលដែលនាងវិលត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញនៅថ្ងៃទី៣ វិច្ឆិកា ។ ជំនួយទាំងនេះនាងនឹងជួយដល់ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយមិនប្រកាន់ខាងណាឡើយ ហើយសកម្មភាពបែបនេះនាងក៏ធ្លាប់បានធ្វើពីមុនមកដែរ ។

ក្នុងទឹកមុខសប្បាយរីករាយ និងអះអាងពីអាកាសធាតុត្រជាក់បន្តិចនោះ ពេជ្រ សោភា បានលើកឡើងថា «នាងខ្ញុំនឹងញញឹម ព្រោះអ្វីដែលនាងខ្ញុំធ្វើដើម្បីអ្នកក្រ គឺមិនខុសឡើយ ។ នាងខ្ញុំធ្វើគឺចេញពីចិត្តរបស់នាងខ្ញុំផ្ទាល់ គឺមិនពាក់ព័ន្ធអ្វីទាំងអស់ ដូច្នេះនាងខ្ញុំសប្បាយចិត្ត ។ អ្វីដែលសំខាន់គឺនាងខ្ញុំចង់ឃើញស្នាមញញឹមនៃអ្នកក្រ ព្រោះខ្ញុំធ្លាប់ក្រខ្ញុំដឹង ។ នាងខ្ញុំនឹងត្រឡប់ទៅវិញនៅក្នុងពេល ឆាប់ៗនេះ គឺនៅថ្ងៃទី៣ និងចុះចែកនៅថ្ងៃទី៦ជូនពរដល់បងប្អូនទាំងអស់ដែលបានជួយ ។

នាងខ្ញុំចង់បញ្ជាក់ថា អ្វីដែលយើងធ្វើបុណ្យជាមួយអ្នកក្រ គឺយើងនឹងទទួលបាននូវពរដ៏ស្មោះ និងចេញពីចិត្ត ។ អ្វីដែលនាងខ្ញុំបានឃើញនោះគឺបងប្អូននៅទីនេះពិតជាចិត្តល្អ ចេះជួយគ្នាពេលដែលមានទុក្ខ នាងខ្ញុំសប្បាយចិត្ត និងមានការលើកទឹកចិត្តកុំឱ្យនាងខ្ញុំគិតច្រើន ។ នាងខ្ញុំគិតគឺម្តាយនាងខ្ញុំបានទូរស័ព្ទមកប្រាប់នាងខ្ញុំថា គាត់សុំទោសដែលមិនបានឱ្យនាងខ្ញុំរៀនបានច្រើន ។ គាត់ថា គាត់មិនល្អដែលបណ្តោយឱ្យកូនត្រូវគេមើលងាយបាន ។ បែបនេះបាននាងខ្ញុំយំ ។ បន្ទាប់មកក៏នាងខ្ញុំមានការសប្បាយចិត្តដែរ ដែលនាងខ្ញុំមានម្តាយដ៏ល្អ មិនតែប៉ុណ្ណោះឪពុកម្តាយខ្ញុំបានចិញ្ចឹមខ្ញុំឱ្យធំ និងរស់ដោយមានអនាគត អរគុណ ។ យា៉ងណាក៏ដោយឪពុកម្តាយខ្ញុំនៅតែសំខាន់នៅក្នុងជីវិតរបស់ខ្ញុំ ។ អ្វីដែលសំខាន់នោះនាងខ្ញុំនឹងទៅចែកអំណោយនេះ ដោយរួមទាំងបងប្អូនរបស់នាងខ្ញុំក៏ទៅជាមួយដែរ ។

ជាងនេះទៅទៀតនោះជាការសំណូមពរពីអ្នកគាំទ្ររបស់នាងខ្ញុំនោះបានប្រាប់ថា បងប្អូនដែលរងគ្រោះដោយទឹកជំនន់នោះគឺត្រូវការថ្នាំពេទ្យ ហេតុនេះនាងខ្ញុំនឹងទិញថ្នាំពេទ្យពីទីនេះទៅ ប៉ុន្តែមិនដឹងយកទៅបានប៉ុន្មានទេ ។ ប៉ុន្តែបើបងប្អូនចង់ជួយនាងខ្ញុំនឹងចាក់វា៉លីសចោលខោអាវនៅទីនេះសិន ដាក់ថ្នាំទៅទាំងអស់ចាំថ្ងៃណាមានឱកាសចាំមកយកវិញ» ។ ក្រៅអំពីវីដេអូឃ្លីបនេះ ពេជ្រ សោភា បានសរសេរសារខ្លីជាចុងក្រោយ ថ្លែងអំណរគុណដល់បងប្អូនខ្មែរទាំងអស់នៅជុំវិញពិភពលោក ដែលបានជួយគាំទ្រមូលនិធិរបស់នាង ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា