រាជធានីភ្នំពេញ ៖ កម្លាំងប៉ូលិសខណ្ឌពោធិ៍សែនជ័យ សហការជាមួយជនរងគ្រោះ បានចាប់ឃាត់ខ្លួនស្រ្តីម្នាក់ពីបទឆបោកប្រាក់ ចំនួន ៦ម៉ឺនដុល្លារអាមេរិក កាលពីវេលាម៉ោង ៦ និង ៣០នាទី ល្ងាចថ្ងៃទី០១ វិច្ឆិកា ២០១៣ ខណៈដែលស្រ្តីជនសង្ស័យជិះ រថយន្តកាមរីបាឡែន ១គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ មកដល់ចំណុចកែងផ្លូវនតប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ការចាប់ឃាត់ខ្លួនស្រ្តីខាងលើ គឺយោងតាមដីការបស់តុលាការលេខ៥០៥ ចុះថ្ងៃទី០១ តុលា ២០១៣ ដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាង សុខហៀង។

ស្រ្តីសង្ស័យមានឈ្មោះ លោ ធីរីសា អាយុ ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខ១៣D ផ្លូវ៥៨ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកដើមបណ្តឹងឈ្មោះ សាន មហាមេដណាស៊ារ អាយុ ៣២ឆ្នាំ ភេទប្រុស មានទីលំនៅផ្ទះលេខ៣៥០ ផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ជាតំណាងឲ្យក្រុមហ៊ុន NHP CAM IMPORT EXPORT CO,LTD។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះមានការរកស៊ីជាមួយស្រ្តីសង្ស័យដោយប្រគល់លុយទៅឲ្យចំនួន ៦ម៉ឺនដុល្លារអាមរិក សម្រាប់ដេញថ្លៃឈើរបស់រដ្ឋ (ទាំងរត់ការ) ដែលឈើទាំងនោះ មានចំនួនច្រើនរហូតដល់ ៤៩៤១,៥៥៨ម៉ែត្រការ៉េ ស្មើនឹង ៦៦៥៦កំណាត់។ លុះក្រោយចុះកិច្ចសន្យាលក់ទិញដេញថ្លៃឈើរបស់រដ្ឋហើយ ជនរងគ្រោះបានទៅសុំច្បាប់នៅរដ្ឋបាលព្រៃឈើ ដើម្បីបើកអាជីវកម្ម តែត្រូវគេប្រាប់ថា ឈើទាំងនោះ ស្រ្តីសង្ស័យបានលក់ទៅឲ្យអ្នកផ្សេងតាំងពីឆ្នាំ២០១២ មកម៉្លេះ ទើបជនរងគ្រោះដឹងថា បានចាញ់បោកគេ។

ក្រោយឃាត់ខ្លួន ស្រ្តីសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]