រាជធានីភ្នំពេញ ៖ បុរសម្នាក់​បាន​ស្លាប់​ម្នាក់ទៀត របួសធ្ងន់និងអ្នកបើករថយន្តរបួសធ្ងន់​ដែរ ខណៈពេលបើករថយន្តបុកម៉ូតូSL ពេញ​ទំហឹង​ផ្លោង​ទៅ​ទើរ​លើកាបូរថយន្តទាំងពីរនាក់ ហើយរថយន្តជ្រុលទៅបុកបង្គោលភ្លើងរួចទៅបុក​ដើមអង្កាញ់រលើងទាំងឫសបណ្តាល​ឱ្យ​ ជនរង​គ្រោះទាំងពីរ​នាក់​ខ្ទាត​ចេញ​ពីកាបូ​រថយន្តបោក​​​​ទៅ​​លើ​​ផ្លូវ​ ឯរថយន្តនៅតែ​បន្ត​​​ទៅបុកផ្ទះ​លេខ​២០៩​Eo ផ្ទះលក់គ្រឿងសង្ហារិម ​និង​ទទួល​​ធ្វើទ្វារ បង្អួច​មួយ​កន្លែង​ទៀត​  ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើតឡើងនៅវេលាម៉ោង១២និង​៣០​នាទី​រំលង​ អធ្រាត្រថ្ងៃទី៣ ឧសភា នៅស្តុប​ទេពផន តាម​មហាវិថីម៉ៅសេទុងកែង​វិថីទេព​ផន ស្ថិតក្នុង​មណ្ឌល៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌ​ទួលគោក។

តាមសម្តីអ្នកប៉ះកង់នៅជិតកន្លែងកើតហេតុ​បានឱ្យដឹងថា ម៉ូតូSL ពណ៌ទឹកប្រាក់ជិះគ្នា២ នាក់ តាមមហាវិថីម៉ៅសេទុងពីត្បូងទៅជើង ចំណែក​រថយន្ត​ហាយប្រ៊ីតពណ៌សគ្មាន​ស្លាក លេខ បើកតាមផ្លូវទេពផនពីលិចទៅកើត។ ខណៈ​មកដល់ចំណុចកើតហេតុម៉ូតូប​ម្រុងបើក​ឆ្លងកាត់ផ្លូវ តែដោយសារ​ឃើញ​រថ​យន្តមួយ​គ្រឿង​មិនស្គាល់ម៉ាកបើកតាមផ្លូវទេព​ផនពី​លិច​ ទៅកើតជិតមក​ដល់ផ្លូវកែង ទើបម៉ូតូ​បន្ថយ​ល្បឿន​​រង់ចាំឱ្យរថយន្តនោះ​បើកទៅ​មុខ​ផុត​​សិន ស្រាប់តែ​មានរថយន្តហាយ​ប្រ៊ីតមួយ​គ្រឿង​ទៀតបើក​វ៉ា​រថ​យន្ត​​នោះយ៉ាងលឿន​ ទៅបុកម៉ូតូ​SLពេញ​ទំហឹង​ធ្វើ​ឱ្យអ្នកជិះម៉ូតូទាំងពីរនាក់ហោះ​​ទៅ​បោក​ នឹងកញ្ចក់រថយន្តបែកហើយទើរ​លើ​កាបូ​រថយន្ត ចំណែកម៉ូតូផ្លោង​ទៅមុខ​រថយន្ត​​៩២,២ម៉ែត្រ​ពីកន្លែងកើតហេតុ ។

ដោយឡែករថយន្តជ្រុលទៅមុខជាង៣០​ម៉ែត្រ បុកបង្គោលភ្លើង​ឱ្យ​ទ្រេត​ហើយជ្រុលទៅ​បុកដើមអង្កាញ់ទំហំ១,៣ម៉ែត្រ​ រលើងទាំងឫស បណ្តាល​ឱ្យ​ហោះ​ជនរងគ្រោះទាំងពីរ​​​ដែល​នៅ​លើកាបូ​ រថយន្តខ្ទាត៥ម៉ែត្រទៅមុខធ្វើឱ្យ​ម្នាក់​បោកបាក់​កស្លាប់ និងម្នាក់ទៀតរបួស​ធ្ងន់​​ត្រូវ​បាន​​​បញ្ជូន​ទៅ​ព្យាបាល​នៅ​ មន្ទីរពេទ្យកាល់ម៉ែត។

ប្រភពដដែលបន្តទៀតថា ពេលរថយន្តបុក​ដើម​អង្កាញ់ហើយនៅតែមិនទាន់អស់ល្បឿន​ទេ ​​បន្ត​បើកកិនពីលើដើមអង្កាញ់ទៅបុកទ្វារផ្ទះ​លេខ២០៩Eo លក់គ្រឿងសង្ហារិម និងទទួល​ធ្វើ​ទ្វារ​ បង្អួចយីហោយឹក ម៉េងអ៊ាងទៀត​បណ្តាល​ឱ្យ​បាក់ទ្វារដែក និងបាក់សសរ ដំបូល​សំយាប​មុខ​ផ្ទះ ទើប​រថយន្ត​អស់​​​ល្បឿន​រេចង្កូត​ទៅ​ទទឹង​ផ្លូវលេខ២៤១ ។

ប្រភពព័ត៌មានពីមន្ត្រី​សមត្ថកិច្ចបានឱ្យដឹងថា តាមរយៈការវាស់វែង ម៉ូតូខ្ទាតពីកន្លែងកើតហេតុ​​​ចម្ងាយ​៩២,២ម៉ែត្រ ជនរងគ្រោះខ្ទាតទៅដល់​ផ្លូវ​២៣៧ ចំណែករថយន្តបន្ត​បុក​​​រះ​ដល់​​ផ្លូវលេខ​២៤១។ ដោយ​ឡែករថយន្តបង្កបើកបរដោយ​ក្មេងស្ទាវមាន​ចំនួន​មិនពិតប្រាកដខ្លះថា៣នាក់ ខ្លះថាបើក​បរម្នាក់​ឯង ហើយអ្នក​បើកបរ​រថយន្ត​របួសធ្ងន់បានគេចខ្លួនបាត់មិនដឹង​ជា​ទៅទីណា ។  ​ក្រោយ​​ពិនិត្យ​​​សមត្ថ​កិច្ច​យក​រថយន្ត​ទៅរក្សាទុក​នៅការិយា​លយ័​នគរ​បាល​ ចរាចរជើងគោក ។ សព​ជនរងគ្រោះត្រូវ​បាន​​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​ លង្ការង់ចាំគ្រួសារមកទទួលយកទៅ​ធ្វើ​បុណ្យ​តាមប្រពៃណី ៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]