ភ្នំពេញ ៖ ជនសង្ស័យដែលតែងតែធ្វើ សកម្មភាព គាស់តូបក្រុមអាជីវករលួចទ្រព្យ សម្បត្ដិនៅក្នុងផ្សារច្បារអំពៅ សង្កាត់ច្បារ អំពៅទី២ ខណ្ឌមានជ័យ ត្រូវបានកម្លាំង នគរបាល ប៉ុស្ដិ៍ច្បារអំពៅ២ ឃាត់ខ្លួនក្រោយ ពីសួរនាំជនសង្ស័យ ដែលទទួលទិញផល ចោរកម្ម ខណៈដែលជនសង្ស័យរូបនេះបាន យករបស់ដែលទិញពីចោរ ទៅរកថ្មសាក នៅតូបរបស់ជនរងគ្រោះតែម្ដង ។

នាយនគរបាលប៉ុស្ដិ៍ច្បារអំពៅទី២ ខណ្ឌ មានជ័យ លោក ទេព បូរ៉ា បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលថា ជនសង្ស័យ ដែលជាមុខសញ្ញា ធ្វើសកម្មភាពគាស់តូប ក្រុមអាជីវករ នៅផ្សារច្បារអំពៅជាច្រើន លើក ហើយមិនដែលចាប់បាននោះ ឥឡូវ នេះ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោក ឃាត់ខ្លួននៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅម្ដុំ យឿត្រីច្បារអំពៅ ។

លោក ទេព បូរ៉ា បានបន្ដថា ជនសង្ស័យ រូបនេះឈ្មោះ ធី ម៉ៅ អាយុ១៩ឆ្នាំ មុខរបរ និងកន្លែងស្នាក់នៅមិនពិតប្រាកដដោយឡែក ជនសង្ស័យដែលទទួលទិញផលចោរកម្ម ពី ឈ្មោះធី ម៉ៅ ខាងលើនេះ ឈ្មោះ អ៊ឹង ម៉េង ហ័ង អាយុ២០ឆ្នាំ ស្នាក់នៅភូមិ ទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

នាយនគរបាល ប៉ុស្ដិ៍ច្បារអំពៅទី២បាន បន្ដថា ជនសង្ស័យ ធី ម៉ៅ កាលពីវេលា ម៉ោង ៣ទៀបភ្លឺ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ បានធ្វើសកម្មភាពគាស់តូប លេខ ៩៩ ក្នុងផ្សារច្បារអំពៅ របស់លោក ស្រី សុធា អាយុ ២៦ឆ្នាំ ដោយលួចបាន ក្បាលចាក់វីស៊ីឌី ៣ និងអេកូបំពងសំឡេង ១គ្រឿង ។

លោក ទេព បូរ៉ា បានបន្ដថា ក្រោយពី ធ្វើសកម្មភាពរួចហើយ ជនសង្ស័យ ធី ម៉ៅ បានយកឧបករណ៍ទាំងនេះ ទៅលក់ឱ្យ ឈ្មោះ អ៊ឹង មានហ័ង រួចនៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ឈ្មោះ អ៊ឹង ម៉េង ហ័ង បានយកឧបករណ៍ទាំងនេះទៅផ្សារ ច្បារអំពៅដើម្បីទិញឆ្នាំងសាក ប៉ុន្ដែចៃដន្យ បានទៅតូបរបស់ជនរងគ្រោះ ទើបជនរង  គ្រោះស្គាល់ថា ជាទ្រព្យសម្បត្ដិរបស់ខ្លួន រួច ហើយក៏រាយការណ៍ជូនសមត្ថកិច្ច ចុះមក ឃាត់ខ្លួនភ្លាមៗតែម្ដង ។

ក្រោយពីការសួរនាំ ជនសង្ស័យរូបនេះ ទើបកម្លាំងសមត្ថកិច្ច បានឈានទៅដល់ ការឃាត់ខ្លួន ជនសង្ស័យ ធី ម៉ៅ នៅរសៀល ថ្ងៃដដែលនេះ។

បើតាមប្រភពព័ត៌មានពីក្រុមអាជីវករ បាននិយាយថា ជនសង្ស័យ ធី ម៉ៅ គឺជាមុខ សញ្ញាដ៏សកម្ម ដែលធ្វើសកម្មភាពគាស់តូប ក្រុមអាជីវករ លួចទ្រព្យសម្បត្ដិជាច្រើនដង  មិនដែលចាប់ខ្លួនបាននោះទេ ហើយនៅពេលដែលរូបគេកំពុងគាស់តូប ហើយម្ចាស់ តូបទៅទាន់ ថែមទាំងទាញកាំបិតដេញកាប់ ម្ចាស់តូបទៀតផង ។ បច្ចុប្បន្នជនសង្ស័យ រូបនេះ ត្រូវបន្ដសាកសួរនៅប៉ុស្ដិ៍នគរបាល ច្បារអំពៅទី២ ដើម្បីបញ្ជូនទៅអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]