ខេត្តព្រះវិហារ ៖ បុរសម្នាក់បានជាប់ចោទ ពីបទមនុស្សឃាត ទៅលើប្រពន្ធរបស់ខ្លួន កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ តុលា នៅលំនៅឋានរបស់ខ្លួន ស្ថិតក្នុងភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលេន ។ មន្ត្រីប៉ូលិសឱ្យដឹងថា បុរសជាប្តីឈ្មោះ សោន ស៊ី អាយុ៤២ឆ្នាំ បានយកអង្កត់អុស គប់ទៅលើស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះង៉ី ភ័ក្រ អាយុ៣៩ឆ្នាំ ស្លាប់ចោលកូន៦នាក់ (ស្រី៤នាក់) ។

ជុំវិញហេតុការណ៍នេះ តាមការសារភាពរបស់ប្តីបាន ឱ្យដឹងថា មុនពេលកើតហេតុ ពួកខ្លួនទាំងពីរនាក់ប្តីប្រពន្ធ បានផឹកស្រានៅក្នុងផ្ទះ បន្ទាប់មកខ្លួនស្រវឹង ក៏ទៅដេកលើអង្រឹងក្រោមផ្ទះ ខណៈពេលដែលមេឃក្តៅខ្លាំង ក៏បានប្រាប់ប្រពន្ធឱ្យយកជ្រូក ទៅចងនៅកន្លែងម្លប់ និងឱ្យបាយទឹកវាស៊ីផង ប៉ុន្តែពេលនោះប្រពន្ធក៏ស្រវឹង បានឆ្លើយដោយប្រើសម្តីអសុរោះ និងជេរប្រមាថខ្លួនជាប្តីខ្លាំងៗ ដោយសារទ្រាំនឹងការជេរប្រមាថមិនបាន ក៏រើសយកអង្កត់អុស ប៉ុនកដៃបំណងគប់ទៅសសរផ្ទះ ដើម្បីគំរាមប្រពន្ធ ឱ្យឈប់ជេរប្រមាថទៀត ប៉ុន្តែជាអកុសល ក៏ខ្ទាតអង្កត់អុសត្រូវចំក្បាលពីក្រោយធ្វើឱ្យ ប្រពន្ធដួលទៅនឹងដី ខណៈនោះប្រពន្ធបានក្រោកឡើង ហើយដើរដឹកជ្រូក យកទៅចងនិងឱ្យវាស៊ីបាយទឹករួច ក៏ឡើងទៅលើផ្ទះដេក រហូតដល់ម៉ោង៦ល្ងាច ស្រាប់តែកូនប្រាប់ថាម្តាយស្លាប់បាត់ទៅហើយ បន្ទាប់មកកូនៗ ក៏បាននាំគ្នារាយការណ៍ទៅប៉ូលិសប៉ុស្តិ៍ និងមេភូមិ មេឃុំឱ្យបានដឹង ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចឱ្យដឹងថា ដោយសារប្តីបានយកអង្កត់អូស គប់ទៅលើប្រពន្ធ ខណៈដែលនាងមានជំងឺអ៊ុតក្តាមនៅក្នុងខ្លួន បណ្តាលឱ្យលាប់និងស្លាប់តែម្តង ។ ក្រោយពីធ្វើការសាកសួររួចនៅថ្ងៃទី៣០ តុលា ប៉ូលិសក៏បានឃាត់ខ្លួន និងបញ្ជូនបុរសជាប្តី មកស្នងការដ្ឋាននគរបាល ខេត្ត និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]