រាជធានីភ្នំពេញ ៖ ថ្មីៗនេះតារាកំប្លែងនាយកណ្តុរ ត្រូវគេសង្ស័យជាមេខ្លោង ជួញដូរគ្រឿងញៀន ។ តាមប្រភពមិនច្បាស់ការណ៍ ពីខេត្តសៀមរាបថា នាយកណ្តុរត្រូវសមត្ថកិច្ចតាមចាប់ខ្លួន ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីសាកសួរចម្លើយ ពីក្មេងជួញដូរគ្រឿងញៀនមួយក្រុម ដែលសមត្ថកិច្ចចាប់ខ្លួនបាន ។

ដោយឡែកប្រភពព័ត៌មានផ្សេងទៀត ឱ្យដឹងទៀតថា នាយកណ្តុរត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅដាក់ពន្ធនាគាររួច ហើយ ។ ទោះជាយ៉ាងណាក្តី ព័ត៌មានទាំងនេះនៅមិនទាន់ មានអ្នករួមសិល្បៈណាបានដឹងច្បាស់នៅ ឡើយទេ ហើយគេក៏មិនជឿថា នាយកណ្តុរជាមនុស្សបែបនេះឡើយ បើទោះបីជានាយមានរូបរាង ដូចជាអ្នកញៀនថ្នាំក្តី ។

ជួបជាមួយនាយកកណ្តុរ តាមទូរស័ព្ទកាលពីរសៀល ថ្ងៃទី២៥ តុលា ឆ្នាំ២០១៣ នាយប្រាប់កោះសន្តិភាពថា នាយក៏ឮពាក្យលេចឮនោះដែរ ដោយសារតែបងប្អូន និងមិត្តភក្តិរស់នៅខេត្តសៀមរាប ទូរស័ព្ទមកសួរ ។ នាយងឿងឆ្ងល់ និងខឹងណាស់ចំពោះអ្នកប្រឌិតរឿងនោះ ។ នាយកណ្តុរនិយាយថា បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាម នាយទូរស័ព្ទទៅសួរមន្ត្រីប្រឆាំង បទល្មើសគ្រឿងញៀន តែពុំមានអ្នកណាថា លោកជាមេខ្លោងជួញដូរគ្រឿងញៀនទេ ប្រហែលជាមានការយល់ច្រឡំ ។ រឿងនេះមិនមែនជាការណ៍ពិតទេ គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ។

នាយកណ្តុរ កំពុងធ្វើដំណើរជុំវិញ២៤ខេត្ត-រាជធានី ប្រគំតន្ត្រីប្រឆាំងការប្រើប្រាស់គ្រឿងញៀន ។ នាយនិយាយថា នាយមិនយកខ្លួនទៅប៉ះពាល់ ជាមួយគ្រឿងញៀនជាដាច់ខាត ។ កាលពីពេលកន្លងទៅ នាយកណ្តុរ ធ្លាប់ត្រូវគេនិយាយថា បានឈ្លោះ និងវាយតប់គ្នាផ្អើលពេញក្រុងសៀមរាប តែតាមពិតជាមនុស្សផ្សេង ដែលមានឈ្មោះដូចនាយ ធ្វើឱ្យគេយល់ច្រឡំ ។ ចំពោះករណីលេចឮថា នាយត្រូវសមត្ថកិច្ចចាប់ខ្លួន ពីបទជួញដូរគ្រឿងញៀននេះ នាយកណ្តុរយល់ថា អាចមកពីគេច្រឡំ ព្រោះតែអ្នកផ្សេងមានឈ្មោះដូចនាយនោះដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]