ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅ នឹងចំណុចកើតហេតុ ខណៈដែលជិះម៉ូតូ ចេញពីផ្ទះ ទៅយកភរិយាពីកន្លែងធ្វើការ តែគ្រោះអកុសល ជួបគ្រោះ ថ្នាក់ចរាចរណ៍ ដោយបានជិះជ្រុលចង្កូតទៅ បុកគូទរថយន្តដឹកសំរាម ដែលខូចហើយចតចោលកន្លែងងងឹតដោយគ្មាន ដាក់សញ្ញាសម្គាល់ នៅលើ ចិញ្ចើមផ្លូវចំការដូង ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០១២។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះទៅត្រួតពិនិត្យ និងវាស់វែងដល់កន្លែងកើតហេតុនោះ បាន ឲ្យដឹងថា លោក សុខ ប៊ុន អាយុ ៣២ឆ្នាំ មុខរបរជាជាងធ្វើផ្ទះ បានស្លាប់ចោលប្រពន្ធកូន ដោយសារជិះ ម៉ូតូបុកគូទរថយន្តដឹកសំរាមស៊ិនទ្រីចតចោលនៅកន្លែងងងឹតដោយគ្មានដាក់សញ្ញាសម្គាល់។ សមត្ថកិច្ច បានឲ្យដឹងផងដែរថា ជនរងគ្រោះមានទីលំនៅក្នុងភូមីព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ជិះម៉ូតូម៉ាក SIRIUS  ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខភ្នំពេញ 1AB-5488 ។

បើតាមសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងផងដែរថា មុនពេលកើតហេតុគេបានឃើញជនរង គ្រោះជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវចំការដូង លុះជិះមកដល់ចំណុចកើត ហេតុខាងលើនេះស្របពេល ដែលភ្លើងរដ្ឋដាច់ងងឹតឈឹងមើលអ្វីមិនឃើញនោះ ក៏បើកម៉ូតូទៅបុករថយន្ត ដឹកសំរាមខូចចតចោលនៅលើចិញ្ចើមផ្លូវ ពីក្រោយពេញទំហឹង បណ្តាលឲ្យបាក់ជើងឆ្វេងម្ខាង បែកមុខ ខ្ទេច និងបាក់កស្លាប់ភ្លាមៗនៅនឹងចំណុចកើតហេតុ ឬឯម៉ូតូវិញបានហោះផ្លោងឃា្លតពីកន្លែងកើតហេតុ ជាង ២០ម៉ែត្ររងការខូចខាតទាំងស្រុង។

គ្រោះថ្នាក់ចរាចរខាងលើនេះ បានបន្សល់ទុកនូវវិប្បដិសារីមួយទៀត ដែលវាជាការរួមចំណែកខុសមកពី ការធ្វេសប្រហេសរបស់អ្នកបើកបររថយន្តដឹកសំរាម ចតរថយន្តខូចចោលនៅលើផ្លូវលំស្ងាត់ដោយគ្មាន ដាក់សញ្ញាសម្គាល់ បណ្តាលឲ្យមនុស្សស្លាប់បន្សល់ទុកកូនតូចៗ ស្រែកទ្រហោយំសោកស្តាយឪពុក របស់ពួកគេចំនួន៣នាក់ រួមទាំងភរិយាម្នាក់ទៀត ឲ្យរស់នៅមេម៉ាយគ្មានបង្គោលគ្រួសារ។

ក្រោយពេលធ្វើការវាស់វែងរួចមកនគរបាលចរាចរណ៍ខណ្ឌដង្កោ បានសហការជាមួយនគរបាលរាជធានី ភ្នំពេញ អូសយករថយន្ត រួមទាំងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]