ភ្នំពេញ៖ តារាហ្វេសប៊ុកជាច្រើន បានរះលើបណ្ដាញ សង្គមដ៏ពេញនិយម មួយនេះ ប៉ុន្តែបច្ចុប្បន្នគេសង្កេត ឃើញថា នៅសល់តារា ហ្វេសប៊ុកមួយ ដែលរះបានយូរជាងគេ ថែមទាំងមាន អ្នកគាំទ្រជាង ១៣០ ពាន់នាក់ ជាចំនួនមួយច្រើន ជាងតារាសម្ដែង និងតារាចម្រៀងល្បីៗ មួយចំនួន គឺលោក peypey Dy ។ តារាហ្វេសប៊ុករូបនេះ បានទាញទម្លាក់តារា ហ្វេសប៊ុកដ៏ទៃ អស់រលីង ដោយសារតែភាព ប៉ិនប្រសប់របស់ខ្លួន ក្នុងការនិយាយស្ដី ឌឺដងដាក់គ្នា ។

ថ្មីៗនេះ តារាហ្វេសប៊ុក peypey Dy បានបង្ហោះវីដេអូមួយ បាននិយាយពីការ ឈប់បង្ហោះ( Post) វិដេអូជាបន្តទៀត ធ្វើអ្នកគាំទ្រ ទាំង ១៣០ ពាន់នាក់ ភ្ញាក់ផ្អើលមិនតិចទេ ។ ក្នុងនោះមានទាំង តារាល្បីមួយចំនួន ទៀតផង ជាអ្នកគាំទ្រតារាហ្វេសប៊ុកនេះ ។ ព្រោះពួកគេតែងតែ មើលវីដេអូ សម្ដែងប្លែកៗរបស់លោក មុនពេលចូលគេង អ្វីដែលគេស្ងប់ស្ងែង បំផុតនោះ លោកអាចធ្វើ ស្រីក៏ស្អាត ធ្វើប្រុសក៏សម ។ បើនិយាយឲ្យចំ មនុស្សសាមញ្ញម្នាក់ មិនមានភាពលេចធ្លោពីមុន ក្នុងសិល្បៈអ្វីសោះ ស្រាប់តែមានមនុស្ស រាប់ពាន់នាក់មកគាំទ្រ និងចាំមើលវីដេអូ ដែលគេបង្ហោះ មិនមែនជារឿងធម្មតាឡើយ ។

ទាក់ទងនឹងវិធាការ ចាកចេញពីហ្វេសប៊ុក របស់ peypey Dy នេះ រូបគេបានប្រាប់ LookingTODAY ថា ការពិតទៅ លោកមិនទាន់សម្រេចចិត្តថា ឈប់ ឬក៏បន្តទៀតទេ ព្រោះពេលនេះ លោកហាក់អស់កម្លាំងចិត្ត ដោយសារលោកធ្វើនេះ មិនបានលុយមក សូម្បីតែមួយរៀល ព្រោះតែចង់ឃើញ ស្នាមញញឹម អ្នកគាំទ្រមុនពេល គេងប៉ុណ្ណោះ ។ ដោយសារម៉ាក់របស់លោក មិនសូវសប្បាយចិត្តផង លោកត្រូវគេជេរផង ហាក់បាក់ទឹកចិត្តណាស់ តែក្រោយពីអ្នកគាំទ្រ ចេះតែផ្ដល់កម្លាំងចិត្ត លោកហាក់មានសង្ឃឹម ឡើងវិញហើយ ។ លោកបន្តថា មិនទាន់ដឹងថា ត្រូវផុសវីដេអូជាបន្តទៀត ឬយ៉ាងណាទេ តែគំរោងមួយច្បាស់ គឺចុះចែកអំណោយ ជាមួយ កញ្ញា ពេជ្រ សោភា នៅថ្ងៃ ០៧ បន្ទាប់ពីនាងត្រលប់ពីអាមេរិក ។

តារាហ្វេសប៊ុកវ័យក្មេង ម្នាក់នេះ ថ្វីដ្បិតតែមិនទាន់ ល្បីល្បាញខ្លាំង ក្នុងពិភពសិល្បៈ តែលោកមានទេពកោសល្យ ខាងច្នៃសម្លៀកបំពាក់។ ចំណែករឿងតុបតែង មុខវិញ មិនបាច់និយាយទេ ប្រៀបបាននឹង អ្នកផាត់មុខ ដ៏ជំនាញម្នាក់ ។ ការពិតលោកគ្រាន់តែ ជានិស្សិតសាមញ្ញម្នាក់ នៅសាលាស៊ីតិចប៉ុណ្ណោះ ៕













ដោយ LookingToday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy