- ស្រ្តីបើកបររថយន្តបង្កហេតុ ហៅគ្នាមកកាង គំរាមបោកម៉ាស៊ីនថត អ្នកសារព័ត៌មាន ចំថ្ងៃទិវាសេរីភាព សារព័ត៌មានពិភពលោក

ភ្នំពេញៈ ស្ត្រីវ័យប្រហែលជា ៤០ឆ្នាំម្នាក់ ទើបចេញពីស៊ីការ ដោយមានអាការស្រវឹងផងនោះ បានបើករថយន្តបុក និងកិនម៉ូតូ២គ្រឿង រួចហួសទៅបុករថយន្តកូរ៉ូឡាមួយគ្រឿទៀត បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់ នាវេលាម៉ោង ៨ និង៥០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរផ្លូវចូលវត្តនាគវ័ន្ត សង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្រ្តីវ័យប្រហែលជា ៤០ឆ្នាំ បើករថយន្តកាមរីឆ្លាម ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2J-9198 ក្នុងទិសដៅពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ គេមិនដឹងថា មូលហេតុអ្វីនោះទេ តែអាចបណ្តាលមកពីភាពស្រវឹងរបស់ស្រ្តី អ្នកបើកបរមិនអាចគ្រប់គ្រងស្មារតីបញ្ជារថយន្ត ក៏ជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿង រួចហួសទៅបុករថយន្ត មួយគ្រឿងទៀត ដែលបើកបរក្នុងទិសដៅស្របគ្នា បណ្តាលឲ្យអ្នកធ្វើដំណើរតាមម៉ូតូ៣នាក់ រងរបួសធ្ងន់-ស្រាល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងផងដែរថា រថយន្តដែលរងគ្រោះក្នុងហេតុការណ៍នេះ ម៉ាកកូរ៉ូឡា ពាក់ស្លាក លេខ ភ្នំពេញ 2S-8231 បើកបរដោយលោក យឺម ជីវ័ន្ត អាយុ ២៩ឆ្នាំ រីឯជនរងគ្រោះដែលជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1AD-1226 មានឈ្មោះ យឹម ជីវ័ន្ត អាយុ ២៩ឆ្នាំ រស់នៅសង្កាត់ បឹងសាឡាង រងរបួសស្រាល ដោយឡែកភាគីម្ខាងទៀត ដែលសុទ្ធតែជាស្រីៗនោះ ជិះម៉ូតូម៉ាកស្ពាក ពាក់ស្ពាកលេខ ភ្នំពេញ 1BC-3346 ក្នុងនោះម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច បានចុះមក ដល់កន្លែងកើតហេតុ និងនាំយកទាំងរថយន្តបង្ក រថយន្តរងគ្រោះ និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំការដោះស្រាយ។

ជាមួយគ្នានេះ ខណៈកំពុងជជែករកខុសត្រូវ ស្រ្តីបើកបររថយន្តកាមរីឆ្លាម បានទូរស័ព្ទ ហៅបក្ខពួកជា ច្រើននាក់មក កាន់កន្លែងកើតហេតុ  កាងមិនឲ្យអ្នកសារព័ត៌មានផ្តិតយករូបភាព នៃគ្រោះថ្នាក់នេះឡើយ ។ ក្រុមអ្នកមកកាង ដែលជាវប្បធម៌អាក្រក់មួយនោះ អ្នកខ្លះអះអាងថា ជាអង្គរក្ស និងខ្លះទៀតអួតថា ជាកូនឧកញ៉ា បានចេញមុខមករារាំង អ្នកសារព័ត៌មានមិនឲ្យថតរូបហេតុការណ៍ គ្រោះថ្នាក់ចរាចរលើផ្លូវសាធារណៈ នេះឡើយ។ មិនតែប៉ុណ្ណោះ ពួកអ្នកកាងទាំងអស់នេះ បានប្រើពាក្យសម្តីធ្ងន់ៗថា «ហ្អែងមានសិទ្ធិអី ថតរូបមនុស្សស្រី» ហើយកញ្ឆក់ម៉ាស៊ីនថត អ្នកសារព័ត៌មានបម្រុងនឹងបោកចោល ថែមទៀតផង។ ទង្វើរបស់ ក្រុមភាគីបង្កហេតុព្រោះតែស្រវឹងខាងលើនេះ ត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាទង្វើមួយបំបិទសិទ្ធិ និងគំរាមកំហែងលើអ្នកសារព័ត៌មាន ចំថ្ងៃដែលកម្ពុជាប្រារព្ធ «ទិវាសិទ្ធសេរីភាពសារព័ត៌មាន»៕

ដោយៈ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]