រាជធានីភ្នំពេញ ៖ កូនថៅកែហាងពន្លឺចន្ទម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌដង្កោ ធ្វើការព័ន្ធចាប់ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសួរនាំ ករណីផ្ទះអាវុធជាច្រើនគ្រាប់បង្កការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី២៩ តុលា ២០១៣។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ប៊ុន ច័ន្ទពិសិដ្ឋ អាយុ ៣១ឆ្នាំ ជាអង្គរក្សពាក់សក្តិ៤ និងជាកូនថៅកែហាងពន្លឺចន្ទ ដែលឪពុកជាក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅផ្ទះលេខ១០០Eo ផ្លូវ២០០៥ ភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជិះរថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-7127។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យខាងលើ បានប្រើប្រាស់កាំភ្លើងខ្លីម៉ាកឡុក១៩ លេខNZY832 បាញ់ចំនួន ២គ្រាប់ នៅចំណុចផ្លូវ២១៧ ជិតស្ពានព្រែកជ្រៃ ខណៈដែលសមត្ថកចិ្ចឈរជើងក្បែរនោះ ឮសម្លេងផ្ទុះអាវុធ ក៏បានដេញតាមមុខសញ្ញា ស្រាប់តែជនសង្ស័យបានបើករថយន្តរត់ រហូតដល់ផ្លូវបំបែកចម្ការដូង ឡើងទៅផ្លូវព្រៃស ជិះរថយន្តគេចមកដល់វត្តស្លែង ស្ថិតក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ខណៈដែលសមត្ថកិច្ចព័ន្ធជាប់ ជនសង្ស័យរូបនោះ បានបាញ់គំរាមបើកផ្លូវ ២គ្រាប់ថែមទៀត។

ប្រភពបន្តថា ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចរកឃើញគ្រាប់កាទុសចំនួន ២គ្រាប់ ក្នុងរថយន្តជនសង្ស័យ ហើយរូបគេបានឆ្លើយថា ខ្លួនស្រវឹងស្រាទើបបាញ់លេង តែបើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា បុរសជនសង្ស័យនោះ បានបាញ់គំរាមអ្នកដទៃ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសួរនាំបន្ត៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]