ភ្នំពេញ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរមួយ បានកើតកាលពីវេលាម៉ោង ១៤និង០៥នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ នៅតាម បណ្តោយផ្លូវ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបណ្តាលឲ្យ ជនជាតិវៀតណាមម្នាក់ បានរងរបួសធ្ងន់ និងមនុស្សម្នាក់ទៀតរបួសស្រាល ខណះរថយន្តហ៊ីយិនដាយ បើកកៀររ៉ឺម៉កដឹកអេតចាយ ក្រឡាប់ផ្ងារជើងបុកដើមឈើ ហើយត្រូវបានរថយន្ត សាមុយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ភ្លាមៗផងដែរ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូរ៉ឺម៉កជនរងគ្រោះ ជនជាតិវៀតណាមទាំងពីរនាក់ ដឹកក្រដាស កាតុងអេតចាយ ក្នុងទិសដៅពីជើងទៅ ត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2417 ដោយមានអ្នកនៅក្នុងរថយន្តបីនាក់ បើកកៀរពីក្រោយ ខណៈបើកបរស្របទិសគ្នា បណ្តាលឲ្យម៉ូតូរ៉ឺម៉ក ដឹកអេតចាយនោះ រេចង្កូតមកខាងស្តាំដៃបុកដើមឈើក្រឡាប់រ៉ឺម៉ក ចាក់ក្រដាសកាតុងចោល ហើយអ្នកបើករងរបួស ធ្ងន់សន្លប់មួយសន្ទុះ និងអ្នករួមដំណើរជាមួយរបួសស្រាល។

ប្រភពព័ត៌មាន ពីមន្ត្រីនគរបាលមូលដ្ឋានខាងលើ ប្រាប់បន្តថា ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ ដោយឡែក រថយន្តហ៊ីយិនដាយបង្កហេតុ បន្ទាប់ពីកើតហេតុមិនព្រមឈប់នោះទេ គឺបាន បន្ថែមលឿនជិះ ទៅឆ្ពោះទៅទិសខាងត្បូង ដើម្បីគេចវេះ ពីការ ទទួលត្រូវ ប៉ុន្តែរត់មិនរួចត្រូវនគរបាលចរាចរ ខណ្ឌដង្កោ ដែលប្រចាំការ នៅប៉ុស្តិ៍ថ្នល់បត់ កាក់ជាប់ទាំងរថយន្ត និងអ្នកបើកបរ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា អ្នកបើករ៉ឺម៉កម៉ូតូ ដឹកក្រដាសកាតុងអេតចាយ មានឈ្មោះ តាំង ជឿង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរទិញលក់ អេតចាយ ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ អ្នកដំណើរជាមួយ មិនស្គាល់ឈ្មោះ អាយុប្រហាក់ប្រហែលគ្នា ។ ចំណែក អ្នកបើកបររថយន្តហ៊ីយិនដាយ បង្កហេតុមានឈ្មោះ ស៊ីម សុភាព ភេទប្រុស អាយុ២២ឆ្នាំ មានទី លំនៅភូមិព្រៃទាប ឃុំព្រែកក្តៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

សមត្ថកិច្ចប្រាប់បន្តថា ជនរងគ្រោះ ត្រូវបានដឹកបញ្ជូន យកទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ចំណែករថយន្តបង្កហេតុ និងម៉ូតូរ៉ឺម៉កជនរងគ្រោះ ក្រោយ ពីធ្វើការវាស់វែង បាននាំយកមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយ តាមផ្លូវច្បាប់៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ