ខេត្តកណ្តាល ៖ មានហេតុការណ៍មួយ បានភ្ញាក់ផ្អើលដោយសារតែ សមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន បានចូលធ្វើការត្រួតពិនិត្យ និងឆែកឆេរផ្ទះជួលមួយកន្លែង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៩ តុលា ២០១៣ នេះ ដែលមានទីតាំងស្ថិតនៅភូមិក្រពើហា សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ បន្ទាប់ពីមានសេចក្តីរាយការណ៍តាមទូរស័ព្ទ និងប្រជាពលរដ្ឋនៅជិតខាងនោះថា បានឮសូរសំឡេងមនុស្សស្រី ស្រែកទ្រហោយំរាល់យប់ និងស្រែកឱ្យគេជួយផង ។ ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចបានចូលឆែកឆេរ និងត្រួតពិនិត្យជាមួយម្ចាស់ផ្ទះខាងលើនោះរួច  គឺនៅក្នុងផ្ទះមិនមានអ្វី គួរឱ្យកត់សម្គាល់នោះទេ ។

ម្ចាស់ផ្ទះខាងលើឈ្មោះអ៊ឹង ចាន់ សព្វថ្ងៃបានជួលផ្ទះនេះ ទៅឱ្យបរទេសម្នាក់ ជាជនជាតិអូស្ត្រាលី ស្នាក់នៅ ។ បើតាមប្រភពពីប្រជាពលរដ្ឋ បានបញ្ជាក់ថា ពួកគាត់ពិតជាបានឮសំឡេងស្រែកយំ និងឱ្យគេជួយល្វើយៗ ស្ទើររាល់យប់មែន ហើយពេលថ្ងៃរះភ្លឺឡើង ក៏បាត់ស្ងាត់ទៅវិញដែរ ។ ពួកគាត់ខ្លាចក្រែងមានករណីចាប់ជំរិត ឬបង្ខាំងមនុស្សទុក ទើបពួកគាត់រាយការណ៍ ជូនដល់សមត្ថកិច្ចឱ្យចុះឆែកឆេរផ្ទះនេះ ។  

សមត្ថកិច្ចចម្រុះបានបញ្ចប់ការត្រួតពិនិត្យ ក្នុងផ្ទះនោះនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ តុលា តែនៅតែរកមិនឃើញអ្វី ទាក់ទងនឹងសំឡេងស្រែកយំឱ្យជួយដូចគេ រាយការណ៍នោះទេ ។ ករណីនេះបានធ្វើឱ្យគេសង្ស័យថា ផ្ទះនេះមានខ្មោចលងហើយ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]