ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បានស្លាប់បាត់ បង់ជីវិតនៅនឹងកន្លែង ខណៈដែលរថយន្តខ្នាតយក្ស ១គ្រឿង បានបុកចំពីមុខពេញទំហឹង នៅពេលដែលបុរសរងគ្រោះកំពុងបើក ម៉ូតូឆ្លងផ្លូវតម្រង់ទៅផ្ទះរបស់ខ្លួន ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី២៨ តុលា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ចំណុចគល់ស្ពានសេកុងត្រើយខាងត្បូង ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះបានបើកម៉ូតូតែម្នាក់ ឯងធ្វើដំណើរពីលិចមកកើត បម្រុងឆ្លងកាត់ផ្លូវជាតិលេខ៧A ទៅផ្ទះរបស់គាត់ ខណៈនោះ មានរថយន្តធំប្រភេទយីឌុប បើកក្នុងល្បឿនលឿនដូចហោះ មកដល់កន្លែងកើតហេតុ ក៏បានបុកចំជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលឲ្យប៉ើងខ្ទាតជាង ១០ម៉ែត្រ ស្លាប់ភ្លាមៗ នៅនឹងកន្លែង រីឯរថយន្តបង្កមិនបង្អង់ល្បឿនបានបើកអូសទាំងម៉ូតូនៅពីក្រោមរថយន្តគេចចេញ ពីកន្លែងកើតហេតុបានចម្ងាយជាង ២០០ម៉ែត្រ ត្រូវប្រជាពលរដ្ឋដេញតាមពីក្រោយ ទើបរថយន្តបង្កឈប់ចត ហើយតៃកុងរថយន្តរត់គេចខ្លួនបាត់។

តែទោះជាយ៉ាងណា គេដឹងថារថយន្តបង្កនោះ ជារថយន្តដឹកក្របីរបស់ឈ្មោះ ថា ដែលជាញឹកញាប់តែងតែទៅដឹក ក្របីនៅចំណុចក្បែរព្រំដែនកម្ពុជា-ឡាវ យកទៅលក់នៅទីផ្សារប្រទេសវៀតណាម។

មន្រ្តីនគរបាលចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វណ្ណ សាណង អាយុ ៦០ឆ្នាំ ជាក្រុមប្រឹក្សាស្រុកសេសាន រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ម៉ូតូរបស់ជនរងគ្រោះម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ ចំណែករថយន្តបង្កជាប្រភេទរថយន្តយីឌុប ពណ៌ត្រួយចេក ម៉ាក FUSO ពាក់ស្លាកលេខ ស្វាយរៀង 3A-0762។    

នគរបាលបានបន្តថា ទាំងរថយន្ត និងម៉ូតូ ត្រូវដឹកយកទៅស្នងការនគរបាលខេត្ត ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ និងឃាត់ខ្លួនព្រូឡានម្នាក់ ដើម្បីស្រាវជ្រាវរកអ្នកបើកបរ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]