ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលស្ថិតក្នុងស្ថានភាព ស្រវឹងជោកជាំផង ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីឮសំឡេងស្រែកផ្អើលឆោឡោថា បុរសនេះបានចូលចាប់រំលោភនារីម្នាក់ នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅខាងត្បូងរបង ស្នងការដ្ឋានខេត្ត ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី២៧ តុលា ២០១៣ ខណៈដែលនារីរងគ្រោះ ក៏ស្រវឹងស្រាដែរដេកក្នុងបន្ទប់ម្នាក់ឯង។

សមត្ថកិច្ចនិយាយថា បុរសនោះឈ្មោះភេទ សុខជា អាយុ២៨ឆ្នាំ ជាជាងកាត់កញ្ចក់ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង រីឯនារីរងគ្រោះឈ្មោះយ.ផ អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ ជាមួយមិត្តភក្តិស្រី ឈ្មោះឈីគា អាយុ២០ឆ្នាំ ជាអ្នកបម្រើក្នុងភោជនីយដ្ឋានមួយ។

នាងឈីគាដែលជាសាក្សីបានប្រាប់ថា ពេលនាងជិះម៉ុតូមកដល់ នាងបានឮសំឡេងថ្ងូរក្នុងបន្ទប់ ដូចសំឡេងយំ ហើយនាងក៏បើកទ្វារ តែទ្វារជាប់គន្លឹះ នាងក៏គោះទ្វារហៅឈ្មោះផល្លាឱ្យបើក។ គ្រានោះស្រាប់តែមានមនុស្សប្រុសម្នាក់ បើកទ្វារដើរចេញមកទប់ខ្លួន ស្ទើរមិននឹង រីឯមិត្តភក្តិរបស់នាងអង្គុយយំ។ នាងបានសួរនាំបុរសនោះ ពីរឿងចូលបន្ទប់ តែជននោះមិននិយាយទេ និងព្យាយាមដើរចេញពីទីនោះ ទើបនាងស្រែកឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ភ្លាមៗតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ស្ថិតក្នុងស្ថានភាពស្រវឹង ជោកជាំ ជនសង្ស័យឈ្មោះភេទ សុខជា បានសារភាពថា ខ្លួនពិតជាបានចូលទៅរួមរ័ក ជាមួយនារីនោះមែន ដោយសារខ្លួនធ្លាប់ស្គាល់នាង និងប្រវត្តិនាងច្បាស់។ បុរសនេះថា កន្លងមកនាងធ្លាប់ផឹកស៊ីជាមួយខ្លួន និងកូនជាងជាញឹកញាប់ ពេលខ្លះគេឃើញកូនជាង ចូលដេកជាមួយនាងជាញឹកញាប់ ក្នុងបន្ទប់ពេលផឹកស៊ីជាមួយគ្នា។ ជននេះថា ដោយសារតែឃើញនាង បណ្តោយខ្លួនឱ្យកូនជាងរួមរ័កស្រួលៗបែបនេះ ខ្លួនក៏ចូលទៅដេកអោបថើប និងរួមមេត្រី ដោយនាងក៏បានព្រមព្រៀងដែរ ខណៈនោះស្រាប់តែមិត្តភក្តិនាងមកទាន់ ធ្វើឱ្យមានការភ្ញាក់ផ្អើល ហើយចោទថា ខ្លួនចាប់រំលោភនាងទៅវិញ។

ទោះជាយ៉ាងណាជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ទាំងយប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]